ជាតិ
ភរិយាអភិបាលខេត្តសៀមរាប៖ ស្រ្ដីដែលជោគជ័យពិតប្រាកដ ជាស្ដ្រីដែលចេះជួយស្រ្ដីទន់ខ្សោយ
08, Mar 2022 , 6:19 pm        
រូបភាព
សៀមរាប៖ សង្គមបច្ចុប្បន្ន មានស្រ្ដីជាច្រើនបានជោគជ័យលើផ្នែកជំនួញ ដែលនេះបង្ហាញថា ពួកគេមានសមត្ថភាពខ្លាំង មិនចាញ់បុរសឡើយ។ តើអ្វីទៅជាភាពជោគជ័យពិតប្រាកដសម្រាប់ពួកគេ? មានការឱ្យនិយមន័យផ្សេងៗគ្នា។ អ្នកខ្លះថា ឱ្យតែមានលុយច្រើន វាជាការជោគជ័យ។ តែសម្រាប់លោកស្រី ទាង អេង ទៀ សីហា ភរិយាអភិបាលខេត្តសៀមរាប ជោគជ័យពិតប្រាកដរបស់ស្រ្ដី នោះគឺការដែលចេះចែករំលែក និងជួយស្រ្ដីដទៃដែលមានភាពទន់ខ្សោយជាងខ្លួនឯង។

 
«ភាពជោគជ័យមិនសំដៅតែភាពចេះដឹង មានផ្ទះ មានឡានទេ អ្នកខ្លះគាត់ចេះដឹង តែគាត់ខ្វះភាពចែករំលែកចំណេះដឹង...បទពិសោធន៍ខ្ញុំជួបមនុស្សជាច្រើន គាត់ពូកែៗណាស់ ។ ខ្ញុំតែងសង្កេតមើលថា គាត់ពូកែៗចឹង គាត់មោទកភាពម្ល៉េះ តែគាត់ងាកមកជួយអ្នកទន់ខ្សោយអត់? នារីយើងជាច្រើនណាស់ គាត់ទន់ខ្សោយ គាត់មិនជួយទាញគ្នាឡើងទេ ហេតុអ្វីព្រោះគាត់គិតថាខ្លួនឯងពូកែជាងគេ»។ នេះជាការលើកឡើងរបស់លោកស្រីភរិយាអភិបាលខេត្តសៀមរាប។ 
 
ថ្លែងនៅក្នុងវេទិកាសហគ្រិនស្រ្ដី នាថ្ងៃទី៦ មីនា កន្លងទៅ លោកស្រី ទាង អេង យល់ថា ការផ្តល់តម្លៃដល់អ្នកដទៃ គឺពិតជាសំខាន់ណាស់ ក្នុងនោះស្រ្ដីដែលពូកែពិតប្រាកដ គឺគាត់ត្រូវចេះជួយជំរុញស្រ្ដីឯទៀត ដែលទន់ខ្សោយជាខ្លួន ដោយមិនមានអំនួតលើខ្លួនឯងថាពូកែ ខ្លាំង ហើយអ្នកដទៃមិនអាចស្មើខ្លួនឡើយ។ សង្គមបច្ចុប្បន្ន ថ្នាក់ដឹកនាំស្រ្ដីក្នុងខេត្តសៀមរាបរូបនេះមើលឃើញថា ច្រើនតែងវាយតម្លៃមនុស្សត្រឹមការស្លៀកពាក់ ត្រឹមសំបកក្រៅ ដែលជាហេតុធ្វើឱ្យស្រ្ដីច្រើនទៀត មិនមានឱកាសអភិវឌ្ឍន៍ខ្លួន និងបញ្ចេញសមត្ថភាព។
 
លោកស្រី ទាង អេង បន្តថា៖« ចំពោះខ្ញុំ បទពិសោធន៍ជីវិតខ្ញុំ ខ្ញុំអត់ដែលឱ្យតម្លៃនៃការស្លៀកពាក់របស់បុគ្គលម្នាក់ណាទេ...កុំវាយតម្លៃត្រឹមអាយុ មិនចង់និយាយជាមួយគេ ខ្ញុំនៅក្មេងណាស់ និងមិនមានបទពិសោធន៍ច្រើនដូចបងៗស្រ្ដីដទៃទេ តែខ្ញុំគិតថា អ្វីដែលខ្ញុំជួប និងអ្វីដែលគាត់ជួប វាស្ថានភាពខុសគ្នា រឿងខុសគ្នា អ៊ីចឹងយើងអាចចែករំលែកភាពខុសគ្នាទៅវិញទៅមកបាន ឧទាហរណ៍យើងស្គាល់ក្មេងអាយុ១៨ឆ្នាំ យើងមិនត្រូវឱ្យតម្លៃគាត់ថា គាត់ក្មេងណាស់ មិនបាច់និយាយជាមួយគាត់ទេ តែចំណុចនេះខ្ញុំគិតថាកុំមើលរំលេង ក្មេងនោះហើយ ជាទំពាំងស្នងឫស្សីរបស់យើង បើយើងមានការជំរុញលើកទឹកចិត្តពួកគាត់ ផ្តល់ដំបូន្មានល្អៗទៅពួកគាត់ ដើម្បីឱ្យគាត់មានកម្លាំងចិត្តថា ថ្ងៃអនាគត ខ្ញុំក៏ចង់ដូចគាត់ដែរ ខ្ញុំធ្វើបាន»។


 លោកស្រី ទាង អេង ​ក្នុងវេទិកាមួយរបស់សមាគមសហគ្រិនស្រ្ដីកម្ពុជាសៀមរាប។ រូបភាព៖ CWEA-Siem Reap

ដើម្បីជួយកិច្ចការទាំងនេះ គេតែងសង្កេតឃើញថា ភរិយាអភិបាលខេត្ត បានបង្ហាញវត្តមានជាច្រើននៅតាមមូលដ្ឋាន តាមរយៈការជួយលើកស្ទួយសិប្បកម្មសហគមន៍។ លោកស្រី ទាង អេង ប្រាប់ទៅសហគ្រិនស្រ្ដីដែលមានគ្នាជាង១០០នាក់ ថា ភាពជោគជ័យពិតប្រាកដរបស់លោកស្រី គឺការបន្សល់ទុក និងការចែករំលែកចំណេះដឹង និងការសិក្សាទៅក្មេងជំនាន់ក្រោយ និងការជំរុញផ្សព្វផ្សាយ ផ្នែកកសិកម្ម និងសិប្បកម្ម ដែលធ្វើដោយប្រជាជនខ្មែរ ឱ្យសាធារណជនបានដឹងទូលំទូលាយ ហើយពួកគេមានជីវភាពល្អប្រសើរ។
 
លោកស្រីមានប្រសាសន៍យ៉ាងដូច្នេះថា៖« បំណងប្រាថ្នាខ្ញុំ ក្នុងថ្ងៃ ៨មីនា ឆ្នាំ២០២២ នេះ នាងខ្ញុំសុំចែករំលែកថ្ងៃនេះ គឺនាងខ្ញុំចង់ឃើញថ្ងៃមួយ ដែលខ្មែរយើង លើកស្ទួយផលិតផលក្នុងស្រុកយើងឱ្យកាន់តែច្រើន ហើយចែករំលែកចំណេះដឹង រយៈពេល៤ឆ្នាំកន្លងមក មុនដែលខ្ញុំឈានជើងមកដល់ខេត្តសៀមរាបនេះ ខ្ញុំឃើញសក្កានុពលនៅខេត្តសៀមរាប ធនធានធម្មជាតិខេត្តសៀមរាប និងអារ្យធម៌ខេត្តសៀមរាប គឺមានភាពអស្ចារ្យច្រើនមែនទែន»។
 
ការធ្វើកិច្ចទាំងនេះឱ្យបានជោគជ័យនោះ លោកស្រី ទាង អេង ប្រាប់ថា ត្រឹមខ្លួនលោកស្រីម្នាក់ឯងមិនអាចទៅរួចទេ គឺត្រូវមានការចូលរួមពីមនុស្សជាច្រើន ដើម្បីរួមកម្លាំងគ្នា ផ្សព្វផ្សាយពីភាពអស្ចារ្យរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោកឱ្យបានដឹងកាន់តែច្រើនបន្ថែមទៀត៕
 
 

Tag:
 ៨ មីនា
  ស្រ្ដី
  ទាង អេង ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com