ជាតិ
អាជ្ញាធរជាតិអប្សរា៖ ការយកទង់ជាតិច្នៃជាសំលៀកបំពាក់ មិនសមរម្យទេ
08, Mar 2022 , 6:02 pm        
រូបភាព
 អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល
សៀមរាប៖ រូបភាពច្រើនសន្លឹក បានបង្ហាញពីក្រុមយុវជនស្លៀកពាក់ខោអាវមានរូបទង់ជាតិ ឈរមុខប្រាសាទអង្គរវត្ត បានបង្កើតជាមតិផ្សេងគ្នា។ ខ្លះគាំទ្រ ឯខ្លះទៀតថា មិនទំនង។ ចំណុចនេះ អាជ្ញាធរជាតិអប្សរាពន្យល់ថា ការកំណត់ថាវាខុស គឺវាមិនខុសទេ តែវាបង្ហាញពីភាពមិនសមរម្យ និងមិនគោរពដល់ទង់ជាតិដែលជានិមិត្តរូបសំខាន់របស់ជាតិ។

 
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល មានប្រសាសន៍ទាក់ទងនឹងចំណុចនេះយ៉ាងដូច្នេះថា៖« ក្នុងនាមអាជ្ញាធរជាតិអប្សរាអប្សរា ចង់ជម្រាបថា សកម្មភាពទាំងនេះ វាជាលក្ខណៈមួយមិនសមរម្យនោះទេ ហេតុអ្វីបានថាមិនសមរម្យ ឱ្យថាខុសវាមិនខុសដែរ ក៏ប៉ុន្តែក៏មិនសមរម្យ។ មិនសមរម្យត្រង់ថា ទង់ជាកម្ពុជាគឺជានិមិត្តសញ្ញាមួយដែលយើងទាំងអស់គ្នាជាជនជាតិខ្មែរគោរព ហើយមិនមែនជនជាតិខ្មែរទេដែលគោរព តែទទួលស្គាល់ជាលក្ខណៈសកលលោក ហើយទង់ជាតិនេះត្រូវតែងតែបង្ហូតទៅលើ ដោយអមទៅនឹងភ្លេងជាតិ អមនឹងស្មារតីស្នេហាជាតិ ស្រឡាញ់ទឹកដីមាតុភូមិ អ៊ីចឹងការដែលយកទង់ជាតិមករចនាជាម៉ូដសំលៀកបំពាក់ គឺជាលក្ខណៈមិនត្រឹមត្រូវ មិនសមរម្យនោះទេ»។ 
 
ក្នុងសន្និសីទកាសែតជាមួយក្រុមអ្នកសារព័ត៌មាននារសៀលថ្ងៃទី៧ មីនា នាបរិវេណខាងមុខប្រាសាទអង្គរវត្ត លោក ឡុង កុសល បន្តថា ក្រុមយុវជនអាចបង្ហាញក្ដីស្រឡាញ់ចំពោះជាតិបានក្រៅពីការយកទង់ជាតិមកស្លៀកពាក់បាន ដូចជា ចូលរួមថែរក្សាបរិស្ថានអនាម័យអំឡុងពេលមកលេងប្រាសាទ មិនអង្គុយឬដើរលើស្មៅដែលគេដាំ ការចតយានយន្តនៅកន្លែងចំណតដែលបានរៀបចំ រួមនិងការបញ្ឈប់សកម្មភាពសង់សំណង់ខុសច្បាប់ក្នុងតំបន់ប្រាសាទ។ល។ ដែលសុទ្ធសឹងបង្ហាញពីការចូលរួមថែរក្សាមរតករបស់ដូនតា។
 
«ធម្មតា សំលៀកបំពាក់ដែលពាក់ហើយ គឺតែងប្រឡាក់ អ៊ីចឹងតើយកសំលៀកបំពាក់នោះទៅណា អ្នកខ្លះអាចយកបោកហើយ ទៅរក្សាទុកមិនអីទេ តែខ្លះប្រឡាក់ហើយអាចបោះចោល វាធ្វើឱ្យបាត់បង់នូវគុណតម្លៃរបស់ទង់ជាតិ»។ នេះជាការពន្យល់បន្ថែមរបស់លោក ឡុង កុសល ពីជំហររបស់អាជ្ញាធរជាតិអប្សរា ដែលយល់ថា ការប្រើប្រាស់ទង់ជាតិច្នៃជាខោអាវ មិនគួរធ្វើបន្តទៀតទេ។ 
 
ការលើកឡើងរបស់អាជ្ញាធរជាតិអប្សរានៅពេលនេះ ដោយសារនៅដើមខែ មីនា កន្លងទៅនេះ មានផលិតកម្មចម្រៀងមួយ គ្រោងថតវីដេអូចម្រៀង អមដោយសំលៀកបំពាក់រូបទង់ជាតិនៅក្នុងប្រាសាទអង្គរវត្ត ដែលបង្កើតជាមតិពេញចិត្ត និងមិនពេញចិត្តខ្លះដល់សាធារណជន។ លោក ឡុង កុសល ពន្យល់ថា អាជ្ញាធរជាតិអប្សរា ពិតជាបានយល់ព្រមសម្រាប់សកម្មភាពថតចម្រៀងនេះមែន តែមិនបានដឹងពីការស្លៀកពាក់នេះទេ ហើយភ្លាមៗ ក្រុមការងារបានបញ្ឈប់សកម្មភាពនេះ ដោយតម្រូវឱ្យផ្លាស់ប្ដូរសំលៀកបំពាក់សិន ទើបយល់ព្រមឱ្យថតបន្ត។
 
លោក ឡុង កុសល បកស្រាយយ៉ាងដូច្នេះថា៖« គាត់រៀបថតទៅហើយ តែអប្សរាឃើញទាន់ យើងក៏ស្នើឱ្យដកសំលៀកបំពាក់នោះវិញ គាត់ក៏ព្រមដកវិញ តែមុនដកចេញគាត់បានថត និងបានចែកចាយ [ក្នុងបណ្ដាញសង្គម] សូមបញ្ជាក់ថា យើងមិនបានអនុញ្ញាតឱ្យគាត់គ្រងនូវសំលៀកបំពាក់នោះទេ ឱ្យដូរវិញ ទើបយើងព្រមឱ្យគាត់ថត»។ 
 
ទាក់ទងនឹងការស្លៀកពាក់នេះដែរ អ្នកនាំពាក្យរូបនេះបង្ហើបថា អាជ្ញាធរជាតិអប្សរា តាមរយៈអ្នកជំនាញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងនឹងរៀបចំ និងណែនាំដល់ម្ចាស់អាជីវកម្មជួលខោអាវប្រពៃណីចូលទស្សនាប្រាសាទផងដែរ ដែលករណីខ្លះ ការស្លៀកពាក់ទាំងនោះ មិនត្រឹមត្រូវតាមប្រពៃណីរបស់ដូនតាខ្មែរទេ។ អាជ្ញាធរនឹងកំហិត និងណែនាំសេវាកម្មទាំងនោះ ប្រសិនរកឃើញថា មានភាពខុសឆ្គងចំណុចណាមួយ៕
 
 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com