ជាតិ
សង្គមជាតិ
លោក សុខ ទូច៖ ដីព្រៃលិចទឹកទន្លេសាប រាប់ម៉ឺនហិកតា រដ្ឋបានដកហូតមកវិញ១០០ភាគរយហើយ
10, Mar 2022 , 5:29 pm        
រូបភាព
ប្រធានរាជបណ្ឌិតសភា លោក សុខ ទូច បានបញ្ជាក់ថា ដីព្រៃលិចទឹកនៅតំបន់ទន្លេសាប រាប់ម៉ឺនហិកតា ដែលបានទន្រ្ទានខុសច្បាប់នោះ ត្រូវបានរដ្ឋាភិបាលដកហូតត្រឡប់មកវិញ១០០ភាគរយហើយ។


«១០០ភាគរយហើយ បាន១០០ភាគរយមកវិញហើយ»។ នេះជាការលើកឡើងរបស់លោក សុខ ទូច រាជបណ្ឌិតសភាកម្ពុជា ដោយលោក មិនបញ្ជាក់ពីចំនួនដីដែលបានប្រមូលមកវិញនោះឡើយ។ 
 
លោក បន្ថែមថា ដីព្រៃលិចទឹករាប់ម៉ឺនហិកតានោះ បានដកហូតមកវិញទាំងអស់ ហើយរដ្ឋកំពុងរៀបចំបោះបង្គោលឡើងវិញ នៅតំបន់មួយចំនួន និងមួយចំនួនមានបង្គោលស្រាប់ហើយ។ «តំបន់ខ្លះអត់ទាន់បានបោះបង្គោល ប៉ុន្តែគេដាក់ហើយ។ គេបោះបង្គោលថ្មី ព្រោះខ្ញុំចុចតែចំណុចដែលមានបង្គោលនៅសល់»។ នេះជាការលើកឡើងរបស់លោក សុខ ទូច។
 
រាជបណ្ឌិតសភារូបនេះ បានអះអាងថា ដីដែលដកហូតមកវិញនោះ គឺរដ្ឋមិនយកទៅធ្វើអ្វីផ្សេងឡើយ ដោយទុកឱ្យដុះដើមឈើឡើងវិញ និងដាំដើមរាំង ឫស្សី និងដើមត្នោមបន្ថែម។ 
 
កន្លងមកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យដកហូតយកដីព្រៃលិចទឹក ដែលត្រូវបានអ្នកមានអំណាច និងជនខិលខូច កាប់ទន្ទ្រានខុសច្បាប់យកមកវិញទាំងអស់ ក្រោយពសម្តេចទទួលបានរបាយការណ៍ពីសំណាក់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។ ក្រោយទទួលបញ្ជាពីសម្ដេច ហ៊ុន សែន ភ្លាមៗ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានបង្កើតក្រុមការងារក្នុងក្របខណ្ឌក្រសួងរបស់ខ្លួន ដើម្បីចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានដីព្រៃលិចទឹកនៅតំបន់ទន្លេសាប៕
 

Tag:
 ដីទន្រ្ទានខុសច្បាប់
 សុខ ទូច
© រក្សាសិទ្ធិដោយ thmeythmey.com