កីឡាអន្តរជាតិ
អន្តរជាតិ
Abramovich មិនអាចលក់ក្លិប Chelsea បានឡើយ ក្រោយអង់គ្លេសដាក់ទណ្ឌកម្ម
11, Mar 2022 , 10:15 am        
រូបភាព
ក្លិប Chelsea មិនអាចលក់បានឡើយ បន្ទាប់ពីលោក Roman Abramovich ត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម ឆ្លើយតបការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។ មិនត្រឹមតែលក់ក្លិបឡើយ មហាសេដ្ឋីរុស្ស៊ីរូបនេះ ក៏មិនអាចរកចំណូលអ្វីទៀតពី Chelsea នោះដែរ។


លោក Roman Abramovich ម្ចាស់ក្លិប Chelsea ស្ថិតក្នុងចំណោមសេដ្ឋីរុស្ស៊ី៧រូប ដែលត្រូវបាននាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន ដាក់ទណ្ឌកម្ម ដើម្បីបង្ហាញការគាំទ្រចំពោះពលរដ្ឋអ៊ុយក្រែន និងប្រឆាំងការឈ្លានពានទឹកដីពីសំណាក់រុស្ស៊ី។
 
ការដាក់ទណ្ឌកម្មនេះ មានន័យថាសេដ្ឋីទាំង៧ ដែលរួមមានលោក Abramovich ដែលត្រូវបានគេជឿជាក់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នោះត្រូវបង្កកទ្រព្យសម្បត្តិ និងបិទចរន្តប្រភពហិរញ្ញវត្ថុទាំងអស់ ដែលមាននៅទឹកដីអង់គ្លេស។
 
ការបង្កកទ្រព្យសម្បត្តិ ក៏មានន័យថា មហាសេដ្ឋីប្រេងវ័យ៥៥ឆ្នាំ លែងទទួលបានចំណូលអ្វីពីក្លិបតោខៀវ ចាប់ពីពេលនេះ ដែលរួមមានទាំងការលក់សំបុត្រ ផ្សព្វផ្សាយ និងការឧបត្ថម្ភផ្សេងៗ។ មិនតែប៉ុណ្ណោះក្លិបម្ចាស់ការពារតំណែងជើងឯក UEFA Champions League ដែលលោក Abramovich ប្រកាសដាក់លក់កន្លងមក ក៏មិនអាចធ្វើទៅបានដែរ។
 
យ៉ាងណាក៏ដោយ រដ្ឋាភិបាលអង់គ្លេស​បាន​ចេញ​អាជ្ញាប័ណ្ណ​ពិសេស​មួយ ​ដែល​នឹង​អនុញ្ញាត​ឱ្យ​ការ​ប្រកួត​របស់ Chelsea ដំណើរការធម្មតា ហើយបុគ្គលិក​ក្លិបទទួល​បាន​ប្រាក់​ខែដដែល និងអ្នកមានសំបុត្រ​​ស្រាប់​អាចចូលរួមទស្សនា​ការ​ប្រកួតបាន។
 
Chelsea តាមរយៈវេបសាយផ្លូវការរបស់ខ្លួនសរសេថា ពួកគេនឹងស្នើសុំចូលរួមពិភាក្សាជាមួយរដ្ឋាភិបាលអង់គ្លេស ដើម្បីស្វែងរកការកែប្រែអាជ្ញាប័ណ្ណពិសេសថ្មីមួយ ដើម្បីអនុញ្ញាតឱ្យក្លិបដំណើរការប្រសើរជាងនេះ តាមដែលអាចធ្វើទៅបាន៕
 

Tag:
 Roman Abramovich
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com