ជាតិ
សេដ្ឋកិច្ច
លោក គង់ វិបុល៖ ក្រុមហ៊ុន Microsoft, Google និងTikTok...បានចុះបញ្ជីអនុវត្តអាករលើតម្លៃបន្ថែមហើយ
17, Mar 2022 , 8:59 pm        
រូបភាព
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ
ភ្នំពេញ៖ អាករលើតម្លៃបន្ថែម(VAT)ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) នឹងអនុវត្តពីថ្ងៃទី១មេសា ឆ្នាំ២០២២តទៅ។ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា មកទល់ពេលនេះ មានក្រុមហ៊ុនបរទេសមួយចំនួនហើយ ដែលបានចុះបញ្ជីក្នុងការអនុវត្តពន្ធនេះ។



«ក្រុមហ៊ុន Microsoft, TikTok, Master card និងក្រុមហ៊ុនបរទេសផ្សេងទៀត គឺបានចុះបញ្ជីក្នុងការបង់ពន្ធនៃអាករលើតម្លៃបន្ថែមនេះរួចហើយ»។ លោក គង់ វិបុល បានថ្លែងដូច្នេះ នៅក្នុងកម្មវិធីពិសេសរបស់អគ្គនាយកដ្ឋានពន្ធដារ នាព្រឹកថ្ងៃទី១៧មីនា ដោយបានបន្ថែមថា ក្រុមហ៊ុន Google ក៏បានមកចុះបញ្ជីបង់ពន្ធនេះ នៅតាមភ្នាក់ងារផងដែរ ប៉ុន្តែមិនទាន់សម្រេចនៅឡើយ។ 
 
ពាក់ព័ន្ធនឹងការយកអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២តទៅនេះ លោក គង់ វិបុល រំពឹងថា មានក្រុមហ៊ុនបរទេសមួយចំនួនទៀត នឹងមកចុះបញ្ជី ផងដែរ។ 
 
បើតាមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររូបនេះ  ការប្រមូលពន្ធលើទំនិញ និងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនេះ គឺមានសក្តានុពលក្នុងការបង្កើនចំណូលចូលជាតិបន្ថែមទៀត។ លោក គង់ វិបុល បានថ្លែងក្នុងកម្មវិធីពិសេសស្តីពី «ពន្ធលើប្រាក់ចំណូល និងព្រឹត្តិការណ៍ថ្មីៗ របស់អគ្គនាយកដ្ឋានពន្ធដារ» កាលពីថ្ងៃទី៣ ខែកុម្ភៈ យ៉ាងដូច្នេះថា៖ «យើងខ្ញុំពិនិត្យឃើញថា ការ[ប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក]នេះ គឺវាមានសក្តានុពលនៃចំណូលនេះ ដើម្បីបង្កើននូវចំណូលថវិកាជាតិបន្ថែមទៀត បើសិនយើងក្តាប់ឱ្យបាន»។ 
 
ការប្រមូលពន្ធចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីក្រុមហ៊ុនFacebook YouTube, Netflix, Amazon, Google, Alibaba ជាដើម ដែលមានអនិវាសនដ្ឋាននៅបរទេសនេះ ក្រៅពីបានចំណូលបន្ថែមចូលជាតិហើយនោះ ក៏ជាការអនុវត្តមួយឱ្យស្មើភាពគ្នា រវាងអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានមូលដ្ឋាននៅស្រុកដែរ ខណៈកន្លងមកក្រុមហ៊ុនទាំងអស់នេះ មិនបានបង់ពន្ធលើប្រាក់ចំណូល និង VAT នៅកម្ពុជាឡើយ។ លោក គង់ វិបុល បានលើកឡើងដូច្នេះនាពេលកន្លងមក៕ 
 
 

Tag:
 ពន្ធ
  VAT
  E-Commerce
  លោក គង់ វិបុល
© រក្សាសិទ្ធិដោយ thmeythmey.com