កីឡាអន្តរជាតិ
អន្តរជាតិ
Federer បរិច្ចាគប្រាក់កន្លះលានដុល្លារ ជួយកុមាររងគ្រោះអ៊ុយក្រែន
19, Mar 2022 , 8:19 pm        
រូបភាព
កីឡាករវាយកូនបាល់ Roger Federer នឹងបរិច្ចាគប្រាក់ ៥០០,០០០ ដុល្លារអាម៉រិក តាមរយៈមូលនិធិរបស់ខ្លួន ដើម្បីជួយដល់កុមាររងគ្រោះដោយសារសង្រ្គាមក្នុងប្រទេសអ៊ុយក្រែន។ ប្រាក់នេះ ផ្តល់ឱ្យសម្រាប់ការថែទាំ និងធានាលើការអប់រំ។



បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អតីតកីឡាករវាយកូនបាល់លេខមួយពិភពលោករូបនេះប្រកាសនៅថ្ងៃទី១៨ ខែមីនាពីការផ្តល់ជំនួយរបស់ខ្លួន ក្រោយទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) នៅដើមសប្តាហ៍នេះថាជនភៀសខ្លួនជិត ៣ លាននាក់បានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។
 
ដោយឃើញពីការរងទុក្ខរបស់ប្រជាជនអ៊ុយក្រែន ជាពិសេសកុមារ Federer បានបង្ហាញក្តីសោកសង្រេង និងប្រកាសពីការបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន៥សែនដុល្លារផង។
 
 «គ្រួសារខ្ញុំ និងខ្ញុំរន្ធត់ចិត្តណាស់ដែលឃើញរូបភាពពីអ៊ុយក្រែន និងក្តីអាណិតប្រជាជនស្លូតត្រង់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ យើងឈរដើម្បីសន្តិភាព»។ កីឡាករសញ្ជាតិស៊្វីសវ័យ៤០ឆ្នាំ សរសេរលើ Twitter ដូច្នេះមុនបន្ថែមថា ប្រាក់នេះជាជំនួយដល់កុមារមកពីប្រទេសអ៊ុយក្រែនដែលត្រូវការការថែទាំ ប្រមាណ៦លាននាក់ និងផ្តល់ការអប់រំដល់ពួកគេដែលមិនបានទៅសាលាឡើងវិញ។ 
 
ដោយឡែក Andy Murray ដែលជាអតីតកីឡាករវាយកូនបាល់លំដាប់លេខមួយពិភពលោកសញ្ជាតិអង់គ្លេស ក៏បានប្រកាសពីការបរិច្ចាគប្រាក់សម្រាប់ជនរងគ្រោះអ៊ុយក្រែនផងដែរ។ ឯកអគ្គរដ្ឋទូតរបស់ UNICEF UK រូបនេះ បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងបរិច្ចាគប្រាក់រង្វាន់របស់ខ្លួនដែលទទួលបានពីការប្រកួតកីឡាវាយកូនបាល់ក្នុងឆ្នាំ២០២២ ជាជំនួយដល់កុមារអ៊ុយក្រែន ដែលរងផលប៉ះពាល់ដោយការលុកលុយរបស់រុស្ស៊ី៕
 

Tag:
 Roger Federer
© រក្សាសិទ្ធិដោយ thmeythmey.com