កីឡាអន្តរជាតិ
អន្តរជាតិ
El Clasico៖ Barcelona ឈ្នះ Real Madrid ៤-០
21, Mar 2022 , 9:45 am        
រូបភាព
Pierre-Emerick Aubameyang ស៊ុតបញ្ចូលទីពីរគ្រាប់ម្នាក់ឯងក្នុងជ័យជម្នះរបស់ Barcelona លើ Real Madrid ៤-០ នាជំនួប El Clasico នៅរាត្រីថ្ងៃទី២០ ខែមីនា។ Barcelona ឡើងទៅឈរលេខ៣ ខណៈ Real Madrid នៅតែនាំមុខកំពូលតារាង La Liga ដាច់ដរដែល។


នាជំនូបលីគកំពូលអេស្ប៉ាញសប្តាហ៍ទី២៩នៅកីឡដ្ឋាន Santiago Bernabeu ក្រុមភ្ញៀវ Barca ដែលត្រូវបានកែលម្អច្រើនក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Xavi Hernandez បានឱ្យបាក់មុខនៅ El Clasico។
 
Aubameyang ដែលទើបផ្ទេរពី Arsenal ជាអ្នករកគ្រាប់នាំមុខឱ្យក្រុមអ្នកមានបុណ្យនៅនាទី២៩ មុនពេលខ្សែការពារ Ronald Araujo បន្ថែមគ្រាប់ទីពីរនៅ៩នាទីបន្ទាប់។ ទាំងពីរគ្រាប់សុទ្ធតែមានការរួមចំណែកពីអ្នកបញ្ជូនបាល់ (Assist) របស់ Ousmane Dembele។
 
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន២នាទី Ferran Torres កីឡាករចំណូលថ្មីទើបទិញពី Manchester City សម្រេចបានមួយគ្រាប់ពីការបញ្ជូនបាល់របស់ Aubameyang និងជាគ្រាប់ទី៣សម្រាប់ក្រុមរបស់លោក Xavi។
 
មិនទាន់គ្រប់គ្រាន់ឡើយ Aubameyang​ ខ្សែ​ប្រយុទ្ធសញ្ជាតិហ្កាបុង បន្ថែមគ្រាប់ទី២របស់ខ្លួន តាមរយៈការបញ្ជូនរបស់ Torres នៅនាទី៥១ ដើម្បីជួយ Barca យកឈ្នះម្ចាស់ផ្ទះ Real Madrid ៤-០។
 
តាមរយៈជ័យជម្នះនេះ បានជួយ Barca ឡើងទៅឈរចំណាត់ថ្នាក់ទី៣ក្នុងតារាងលីគកំពូលអេស្ប៉ាញបណ្តោះអាសន្ន ដោយទម្លាក់ AT-Madrid ទៅលេខរៀងទី៤វិញ។ ឆ្លងកាត់ការប្រកួត២៨លើក ក្រុមលោក Xavi រកបាន៥៤ពិន្ទុ ស្មើ AT-Madrid ដែលប្រកួត២៩លើក។
 
ដោយឡែកក្រុមរហស្សនាមអធិរាជស បើទោះបរាជ័យក្នុងជំនួបនេះយ៉ាងអាម៉ាស់ក្តី ប៉ុន្តែពួកគេនៅតែមានពិន្ទុនាំមុខដាច់ក្នុងតារាង La Liga ដរដែល។ ក្រុមដែលដឹកនាំដោយលោក Carlo Ancelotti រកបាន៦៦ពិន្ទុ ពីការប្រកួត២៩លើក នាំមុខក្រុមលេខ២ Sevilla ចំនួន៩ពិន្ទុ។ ៣ក្រុមដែលស្ថិតនៅតំបន់ត្រូវកាត់ចោលមាន Mallorca, Alaves និង Levante៕
 

Tag:
 El Clasico
  La Liga
© រក្សាសិទ្ធិដោយ thmeythmey.com