កីឡាអន្តរជាតិ
អន្តរជាតិ
F1៖ Leclerc ឈ្នះនៅទីលានបើកឆាក ឯម្ចាស់ការពារជើងឯក Verstappen នៅក្រោយគេ
21, Mar 2022 , 7:29 pm        
រូបភាព
Charles Leclerc ឈ្នះការប្រណាំងរថយន្តពិភពលោក Formula One នៅទីលានបើកឆាកក្នុងកម្មវិធី Bahrain Grand Prix ប្រទេសបារ៉ែន សម្រាប់រដូវកាល ២០២២។ Lewis Hamilton បញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ ខណៈម្ចាស់ការពារជើងឯក Max Verstappen នៅលេខរៀងចុងក្រោយ។



Leclerc អ្នកប្រណាំងសញ្ជាតិម៉ូណាកូ ដែលបើកបរឱ្យក្រុម Ferrari បានទៅដល់ទីមុនគេនាជំនួបបើកឆាកនៅថ្ងៃទី២០ ខែមីនា ដោយប្រើថេរវេលា ១ម៉ោង ៣៧នាទី៣៣វិនាទី។ Carlos Sainz មិត្តរួមក្រុម Ferrari បញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ខណៈអ្នកបើបរអង់គ្លេស Lewis Hamilton របស់ក្រុម Mercedes បានលេខ៣។
 
Verstappen សញ្ជាតិហូឡង់របស់ក្រុម Red Bull ដែលជាម្ចាស់ការពារតំណែងជើងឯក F1 រដូវកាលនេះ បញ្ចប់ទៅក្នុងចំណាត់ថ្នាក់ចុងក្រោយ សម្រាប់ការប្រណាំងបើកឆាកនៅប្រទេសបារ៉ែន។
ក្រោយរកបានជ័យជម្នះនេះ Leclerc រួមទាំងដៃគូ Sainz បានបង្ហាញពីជំនឿចិត្តក្នុងការប្រជែងយកជើងឯកពានរង្វាន់ប្រណាំងថយន្តនៅឆ្នាំ២០២២នេះ។ 


 
«​យើងឃើញថាយើងកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាដើម្បីដណ្តើមយកជើងឯក។ វាពិតជាអស្ចារ្យណាស់។ យើងទាំងពីរសប្បាយចិត្តណាស់ដែលមានរថយន្ត [Ferrari] ដែលមានសមត្ថភាពដើម្បីឈ្នះ។ យើងនឹងបន្តប្រយុទ្ធដោយភាពជឿជាក់»។ នេះជាការអះអាងរបស់ Leclerc វ័យ២៤ឆ្នាំ។
 
សម្រាប់ការដាក់ពិន្ទុនៅ F1 គេយកពីចំណាត់ថ្នាក់ទី១ ដល់ទី១០។ អ្នកបញ្ចប់ទីមុនគេទទួលបាន២៦ពិន្ទុ លេខពីរ១៨ពិន្ទុ លេបី១៥ពិន្ទុ លេខបួន១២ពិន្ទុ លេខប្រាំ១០ លេខប្រាំមួយ៨ពិន្ទុ លេខប្រាំពីរ៦ពិន្ទុ លេខប្រាំបី៤ពិន្ទុ លេខប្រាំបួន២ពិន្ទុ និងលេខដប់ទទួលបាន១ពិន្ទុ៕
 

Tag:
 Formula One
  Bahrain Grand Prix
© រក្សាសិទ្ធិដោយ thmeythmey.com