ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្កាវើលដ៍ ឬក៏អាជ្ញាធរ ដែលរងហិង្សា?
25, Mar 2022 , 8:59 pm        
រូបភាព
សកម្មភាពប្រទាំងប្រទើសគ្នារវាងបុគ្គលិកណាហ្កាវើលដ៍ និងអាជ្ញាធរ នៅជិតស្ថានទូតអូស្ត្រាលី កាលពីដើមខែមករា ឆ្នាំ២០២២  ដោយមានអ្នកកាសែត និងមន្រ្តីអង្គការនានា  ចោមរោម និងផ្តិតយកសកម្មភាពនេះ។ ការប្រទាំងប្រទើសនេះ កើត
សកម្មភាពប្រទាំងប្រទើសគ្នារវាងបុគ្គលិកណាហ្កាវើលដ៍ និងអាជ្ញាធរ នៅជិតស្ថានទូតអូស្ត្រាលី កាលពីដើមខែមករា ឆ្នាំ២០២២ ដោយមានអ្នកកាសែត និងមន្រ្តីអង្គការនានា ចោមរោម និងផ្តិតយកសកម្មភាពនេះ។ ការប្រទាំងប្រទើសនេះ កើត
បុគ្គលិកណាហ្កាវើលដ៍ អះអាងថា រងអំពើហិង្សាពីអាជ្ញាធរ ខណៈអាជ្ញាធរឯណោះវិញ អះអាងដូចគ្នាថា រងអំពើហិង្សាពីបុគ្គលិកណាហ្កាវើលដ៍។



តាមរយៈសេចក្តីថ្លែងការណ៍រួម នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិល៧២ បានលើកឡើងថា អាជ្ញាធរ បានបង្កើនការឃាត់ខ្លួន និងការប្រើហិង្សាលើបុគ្គលិកណាហ្កាវើលដ៍ ដែលប្រមូលផ្តុំគ្នាតវ៉ានឹងក្រុមហ៊ុនរបស់ពួកគេ។ ក្រុមអង្គការសង្គមស៊ីវិល ស្នើសុំទៅ​រាជរដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ស្ថានភាព​តានតឹង​នេះ​ ​ហើយ​បញ្ឈប់​ការ​បំភិតបំភ័យ​លើបុគ្គលិកណាហ្កាវើលដ៍។   ​ 
 
ជាមួយគ្នានេះ ក្រុមអង្គការសង្គមស៊ីវិល បង្ហាញក្តីបារម្ភ​ចំពោះ​វិធានការ​ថ្មីៗ​របស់​អាជ្ញាធរ​ ​ដែល​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ ​មិន​ឲ្យ​ឃ្លាំមើល​ការ​​ប្រើអំពើ​ហិង្សា​ទៅលើបុគ្គលិកណាហ្កាវើលដ៍ ​ដែល​ភាគច្រើន​ជា​ស្ត្រី​។​ ពួកគេ បន្តថា ​ជា​ច្រើនលើកច្រើនសា​​ ​អាជ្ញាធរ ​បាន​រារាំង​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​និង​អ្នក​សារ​ព័ត៌មាន​ពី​ការ​ថតរូប​ ​ឬ​ឈរ​នៅ​ជិត​ទីតាំង​នៃ​ការ​ឃាត់ខ្លួន​បែប​ហិង្សា​ទាំងនេះ​។ 
 
«ប្រសិនបើ​អ្នកឃ្លាំមើល​ ​នៅតែ​បន្ត​ត្រូវ​បាន​រឹតត្បិត​ ​យើងខ្ញុំ ​ភ័យខ្លាច​ថា​ ​ការប្រើប្រាស់​អំពើ​ហិង្សា​ ​និង​ការ​រំលោភបំពាន​ ​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​ ​អំឡុង​ពេល​មានការ​បង្ក្រាប​នេះ​ ​»។​ នេះជាខ្លឹមសារក្នុងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលទាំង៧២។ 
 
ក្នុងចំណោមក្រុមអង្គការស៊ីវិលទាំង៧២ មានជាអាទិ៍ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ (LRSU), សម្ព័ន្ធសហជីពកម្ពុជា (CATU), សហភាពការងារកម្ពុជា (CLC), មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL), សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC), និង មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។ 
​  
បើគេងាកទៅស្តាប់ភាគីអាជ្ញាធរវិញ អាជ្ញាធរ ក៏មានហេតុផលការពារខ្លួនដែរ។ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបកស្រាយតាមសេចក្តីប្រកាសព័ត៌មាន  ថា វា មិនមែនជាការពិតសោះឡើយ ចំពោះការចោទថា អាជ្ញាធរ បានប្រើហិង្សាលើបុគ្គលិកណាហ្កាវើលដ៍។ ផ្ទុយទៅវិញ អ្នកនាំពាក្យ បានសរសេរថា បុគ្គលិកណាហ្កាវើដល៍ទៅវិញទេ ដែលប្រើហិង្សាលើអាជ្ញាធរ រហូតបង្កឲ្យមានរបួស។ លើសពីនេះ អ្នកនាំពាក្យ បរិយាយថា ពួកគេ ថែមទាំងបានប្រើពាក្យសម្តីអសុរោះ និងកាយវិការអសីលធម៌ដាក់អាជ្ញាធរទៀតផង។ 
 
អ្នកនាំពាក្យ បើកបង្ហាញថា បុគ្គលិកណាហ្កាវើលដ៍ ប្រើពាក្យអសុរោះ និងកាយវិការមិនសមរម្យដាក់អាជ្ញាធរ ដើម្បីបញ្ឆេះកំហឹងអាជ្ញាធរ ហើយពួកគេ ត្រៀមចាំថតរូបភាពផ្សេងៗ សម្រាប់ទុកចោទប្រកាន់អាជ្ញាធរ ប៉ុន្តែដោយមានការអត់ធ្មត់ អាជ្ញាធរមិនធ្លាក់ចូលក្នុងឧបាយកលរបស់ពួកគេឡើយ។ បើតាមអ្នកនាំពាក្យ បុគ្គលិកណាហ្កាវើដល៍ បានប្រមូផ្តុំគ្នាទៅតាមសេណារីយោ ដែលរៀបចំដោយអ្នកដឹកនាំនៅពីក្រោយ។
 
នៅលើទំព័រហ្វេសប៊ុក រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យខ្លួន ដោយអមជាមួយវីដេអូ និងរូបភាពមួយចំនួន។ វីដេអូនោះ បង្ហាញពីការវិការ ដែលបុគ្គលិកណាហ្កាវើលដ៍ ធ្វើដាក់អាជ្ញាធរ។ អាជ្ញាធរ ចាត់ទុកកាយវិការនោះថា គ្មានសីលធម៌។ ចំណែក រូបភាព បង្ហាញពីស្នាមរបួសលើករបស់អាជ្ញាធរម្នាក់ ដោយស្នាមរបួសនោះ ត្រូវអាជ្ញាធរ អះអាងថា បង្កឡើងដោយបុគ្គលិកណាហ្កាវើលដ៍។ 
 
គោលបំណងធំរបស់បុគ្គលិកណាហ្កាវើលដ៍ គឺទាមទារឲ្យក្រុមហ៊ុនរបស់ពួកគេ ទទួលយកបុគ្គលិកជាង៣៦០នាក់ ដែលត្រូវបញ្ឈប់ពីការងារ ចូលធ្វើការងារវិញ។ ពួកគេ នាំគ្នាចេញតវ៉ាចាប់តាំងពីខែធ្នូ ឆ្នាំ២០២១មក។ បច្ចុប្បន្ន ភាគីបុគ្គលិក និងភាគីក្រុមហ៊ុន កំពុងបន្តការចរចាជាមួយគ្នា ដោយមានក្រសួងការងារ ជាអ្នកសម្របសម្រួល តែមិនទាន់ទទួលបានឯកភាពគ្នានៅឡើយទេ៕ 
 
 

Tag:
 ណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com