ជាតិ
អគារជំងឺត្រចៀក ច្រមុះ និងបំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង ដែលចំណាយ៨លានដុល្លារ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
28, Mar 2022 , 3:38 pm        
រូបភាព
អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង ។
អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង ។
ដោយ៖ ញឹក សំអូន
 
ភ្នំពេញ៖ អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួង បានសម្ពោធដាក់ឱ្យប្រើប្រាស់ នា​ព្រឹក​ថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០២២នេះ ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារប្រតិបត្តិការអរន្តជាតិកូរ៉េ (KOICA)។

 
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាននិយាយថា អគារនេះ នឹងជួយបំពេញតម្រូវការ និងការព្យាបាលប្រជាពលរដ្ឋ ដែលជួយបញ្ហាជំងឺត្រចៀក ច្រមុះ និងបំពង់ក ជាពិសេសបង្កើនគុណភាពវះកាត់ និងសេវាកម្មមន្ទីរពេទ្យឱ្យកាន់តែល្អប្រសើរជាងមុន មួយកម្រិតទៀត​។
 
បើតាមលោក ប៊ុនហេង អគារនេះ បានសាងសង់ក្នុងតម្លៃថវិកាប្រមាណ ៨លានដុល្លារអាមេរិក ដែលមានទំហំសរុប ៤ ១៧០ ម៉ែត្រការ៉េ កម្ពស់ ៥ជាន់ មានគ្រែ១២៨ និងមានបំពាក់សម្ភារបរិក្ខាវេជ្ជសាស្រ្តពេទ្យទំនើបៗទៀតផង។ 
 
លោក Park Heung kyeong ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជា បាននិយាយថា អគារថ្មីនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួងនេះ គឺកើតចេញពីផ្លែផ្កានៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ លោក បានបន្ថែមថា ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់ ក៏ត្រូវបានបង្កើនសមត្ថភាព តាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹង និងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េផងដែរ។
 
កន្លងមករដ្ឋាភិបាលកូរ៉េ ក៏បានជួយសាងសង់អគារចក្ខុរោគ មិត្តភាពកម្ពុជា-កូរ៉េ ក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួងផងដែរ។
 
អគារជំងឺត្រចៀក ច្រមុះ និងបំពង់កនេះ បានចាប់ផ្តើមសាងសង់នៅខែមីនាឆ្នាំ២០២០ និងបានគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២១ តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ គម្រោងនេះ ក៏បានពន្យាពេលមកដើមឆ្នាំ២០២២វិញ៕ 
 

Tag:
 ការទូតកម្ពុជា-កូរ៉េ
  សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com