ជាតិ
សម្ដេច ហ៊ុន សែន៖ ភ្ញៀវកក់សណ្ឋាគារនៅខេត្តព្រះសីហនុ និងសៀមរាប ជិតអស់ហើយ សម្រាប់ចូលឆ្នាំខ្មែរ
28, Mar 2022 , 8:59 pm        
រូបភាព
ដោយ:
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា  សណ្ឋាគារនៅក្នុងខេត្តព្រះសីហនុ ត្រូវបានទេសចរកក់ពេញសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ចំណែកសណ្ឋាគារនៅខេត្តសៀមរាប ក៏កក់ជិតពេញដែរ ។​



ទេសចរជាតិហាក់បង្ហាញក្ដីរំភើប ក្រោយសម្ដេច ហ៊ុន សែន ប្រកាសអនុញ្ញាតឱ្យរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បន្ទាប់ពីខកខានប្រារព្ធ២ឆ្នាំ ។ ភ្ញៀវទេសចរមួយចំនួន ចាប់ផ្ដើមកក់កន្លែងស្នាក់នៅសម្រាប់ពិធីបុណ្យចូលឆ្នាំ ខាងមុខនេះ ខណៈខេត្តខ្លះអាចប្រឈមនឹងការខ្វះកន្លែងស្នាក់នៅសម្រាប់ទទួលទេសចរ។
 
យ៉ាងណាមិញ​ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨មីនា ថា កន្លែងស្នាក់នៅក្នុងខេត្តព្រះសីហនុត្រូវបានទេសចរកក់ពេញ។ ចំណែកកន្លែងស្នាក់នៅក្នុងខេត្តសៀមរាបត្រូវបានភ្ញៀវកក់ជិតពេញ។

ស​ម្ដេច ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីកម្ពុជា។ រូបភាព៖ ទំព័រហ្វេសប៊ុកសម្ដេច
 
សម្ដេច ហ៊ុន សែន ថ្លែងដូច្នេះ៖ « បងប្អូនយើងក៏មានឱកាសដើរលេង ហើយខ្ញុំក៏ដើរលេងដែរ។ ឥឡូវតាមឮថា ខេត្តព្រះសីហនុ បានអស់អូតែល(សណ្ឋាគារ) ទៅហើយ។ ហើយឮថាថ្ងៃខ្ញុំទៅសម្ពោធនៅសៀមរាប ថ្ងៃទី៤ ចង់អស់អូតែល(សណ្ឋាគារ) ដែរហើយ ព្រោះគេចង់ទៅមើលផ្លូវ »​ ។
 
លើសពីនេះ បើទោះមិនទាន់ដល់ពិធីបុណ្យចូលឆ្នាំខ្មែរ តែទេសចរជាតិបានចេញដើរកម្សាន្តជាហូរហែហើយនៅរៀងរាល់ចុងសប្តាហ៍។ ជាក់ស្ដែងចុងសប្តាហ៍ទី៤នៃ ខែមីនា ទេសចរដើរកម្សាន្តទូទាំងប្រទេស ២០៦ ១២១នាក់ ក្នុងនោះទេសចរបរទេសមាន ១២ ៥៣៩នាក់។ ទេសចរភាគច្រើនទៅកម្សាន្តនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ បាត់ដំបង កំពត និងខេត្តសៀមរាប ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com