ជាតិ
ចិន បន្តផ្តល់ជំនួយវ៉ាក់សាំងកូវីដ-១៩ ចំនួន២០លានដូសទៀតដល់កម្ពុជា​
29, Mar 2022 , 11:31 am        
រូបភាព
រដ្ឋាភិបាលប្រទេសចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០លានដូសទៀតដល់កម្ពុជា។ ក្នុងចំណោមជំនួយវ៉ាក់សាំង២០លានដូសនេះ គឺមាន១,៥លានដូស​បានដឹកមកដល់កម្ពុជា ដល់នៅថ្ងៃទី២៩មីនា។  លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបញ្ជាក់ថា នាថ្ងៃទី៣០មីនា កម្ពុជា នឹងទទួលបានវ៉ាក់សាំងពីប្រទេសចិន ៣,៥លានដូសទៀត។

 
បើតាមលោកស្រី យក់ សម្បត្តិ  វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងចំណោមវ៉ាក់សាំង​៥លានដូស ដែលមាន១,៥លានដូស បានដឹកមកដល់កម្ពុជានៅថ្ងៃទី២៩មីនា និង៣,៥លានដូស ទៀត មកដល់ថ្ងៃទី៣០មីនានេះ ជាកញ្ចប់ជំនួយវ៉ាក់សាំង​ដំណាក់កាលទីមួយ នៃជំនួយ​​២០លានដូស ដែលចិនផ្តល់ឱ្យកម្ពុជា។ ដោយឡែក ជំនួយវ៉ាក់សាំងដំណាក់ទីពីរ គ្រោងមកកម្ពុជានាអំឡុងខែកញ្ញា ឆ្នាំ២០២២។ 
 
នាពិធីទទួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ពីរដ្ឋាភិបាលប្រទេសចិន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោកស្រី យក់ សម្បត្តិ បានថ្លែងប្រាប់​អ្នកសារព័ត៌មានថា  វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចិនផ្តល់ឱ្យកម្ពុជា គឺមានរហូតដល់ជាង៥៧លានដូស។ រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានបញ្ជាក់ថា ​ ក្នុងចំណោមវ៉ាក់សាំងកូវីដ-១៩ទាំងនេះ  គឺមានជិត២៩លានដូស ជាជំនួយដែលចិនផ្តល់ឱ្យកម្ពុជា និងប្រមាណ២៨លានដូសទៀត គឺកម្ពុជាបានបញ្ជាទិញដោយផ្ទាល់ពីចិន។​
 
ក្រៅពីទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ពីប្រទេសចិនហើយនោះ កម្ពុជាក៏នឹងទទួលបានជំនួយវ៉ាក់សាំងជាបន្តបន្ទាប់ ពីបណ្តាប្រទេសផ្សេងៗ តាមមជ្ឈមណ្ឌលកូវ៉ាក់ (COVAX) ផងដែរ។ លោកស្រី យក់ សម្បត្តិ បានបន្ថែមដូច្នេះ៖ «នៅថ្ងៃទី៦មេសា ឆ្នាំ២០២២ យើងនឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន១លានដូស ពីរដ្ឋាភិបាលប្រទេសអ៊ីតាលី»។  បើតាមលោកស្រី យក់ សម្បត្តិ វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះ គឺសម្រាប់ចាក់ជាដូសជំរុញដល់ពលរដ្ឋ។ 
 
បច្ចុប្បន្ន កម្ពុជាសម្រេចផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ពលរដ្ឋបានរហូតដល់ ជាង៩២ភាគរយហើយ។ របាយការណ៍ពីក្រសួងសុខាភិបាលបានបង្ហាញថា គិតត្រឹម២៨មីនា កម្ពុជាវ៉ាក់សាំងដល់ពលរដ្ឋ បានជាង ១៤,៨១លាននាក់ ក្នុងនោះ មានជាង១០,២៦លាននាក់ ជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើង, ជាង១,៨លាននាក់ ជាពលរដ្ឋមានអាយុចាប់ពី ១២ដល់១៧ឆ្នាំ,  ជាង២លាននាក់ ជាពលរដ្ឋមានអាយុពី៦ដល់១២ឆ្នាំ និងប្រមាណ៣០ម៉ឺននាក់ ជាពលរដ្ឋមានអាយុពី៣ ដល់៥ឆ្នាំ។
 
ក្នុងចំណោមពលរដ្ឋជិត១៥លាននាក់ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នេះ គឺមានត្រឹម ៧,៩លាននាក់ប៉ុណ្ណោះ បានចាក់នូវដូសទី៣ ខណៈអ្នកចាក់ដូសទី៤ គឺមាន ១,១លាននាក់ប៉ុណ្ណោះ៕ 
 
 
 

Tag:
 COVID-19
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com