ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សុន ឆ័យ ចាត់ទុកភ្លើងទៀន ជាបក្សធំជាងគេ ក្នុងចំណោមបក្សក្រៅរដ្ឋាភិបាល
29, Mar 2022 , 1:10 pm        
រូបភាព
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់កាលកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ កាលខែកញ្ញា ឆ្នាំ២០១៧ នៅមុខការរំលាយគណបក្សសង្គ្រោះជាតិ។ រូបពី AFP
លោក សុន ឆ័យ ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់កាលកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ កាលខែកញ្ញា ឆ្នាំ២០១៧ នៅមុខការរំលាយគណបក្សសង្គ្រោះជាតិ។ រូបពី AFP
លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន បានលើកកម្ពស់គណបក្សខ្លួន ថា ជាគណបក្សធំជាងគេ ក្នុងចំណោមគណបក្សជំទាស់ទាំងអស់នៅកម្ពុជានាពេលបច្ចុប្បន្ន។ ការថ្លែងរបស់លោក ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀន ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២។



លោក សុន ឆ័យ មានប្រសាសន៍ទៅកាន់អ្នកគាំទ្រគណបក្សភ្លើងទៀនថា៖«អ្វីដែលជាគោការណ៍ គឺចង់បង្ហាញថា យើង ជាម្ចាស់ទឹកម្ចាស់ដី យើងមានសិទ្ធិក្នុងការការពារទឹកដីរបស់យើង ហើយអ្វីដែលយើង យល់ថាជាការរំលោភបំពានជាតិសាសន៍យើង យើង ត្រូវតែតវ៉ាក្នុងនាមគណបក្សភ្លើងទៀន ដែលជាគណបក្សធំជាងគេក្នុងពេលបច្ចុប្បន្ននេះ។ យើង មិនថាធំជាងអ្នកណាទេ តែគណបក្ស ដែលមកប្រជែងពេលហ្នឹង គឺភ្លើងទៀនយើងហើយ។ បើលោកឯងមិនជឿទេ សួរមើលមើល៍ អ្នកណាធ្វើប៉ុន្មានឆ្នាំ ហើយយកមកប្រៀបធៀបជាមួយអ្នក៣ខែមើល៍»។


លោក សុន ឆ័យ ឈរថ្លែងទៅកាន់អ្នកគាំទ្រគណបក្សភ្លើងទៀន ក្នុងពិធីជួបសំណេះសំណាលគ្នា នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ រូបពីវីដេអូលើទំព័រហ្វេសប៊ុកលោក ថាច់ សេដ្ឋា

អតីតអ្នកនយោបាយជាន់ខ្ពស់ និងជាអតីតតំណាងរាស្រ្តនៃអតីតគណបក្សសង្គ្រោះជាតិរូបនេះ មានជំនឿថា គណបក្សភ្លើងទៀន នឹងទទួលបានសន្លឹកឆ្នោតច្រើន និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ច្រើន ក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ជាអាណត្តិថ្មី ដែលនឹងមកដល់នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ លោក បង្ហាញក្តីរំពឹងទុកថា៖«បើឈ្នះក្រុមប្រឹក្សាឃុំ-សង្កាត់ គណបក្សយើង នឹងអាចឈ្នះថ្នាក់ជាតិទៀត»។

លោក សុន ឆ័យ ដែលរស់នៅក្នុងស្រុកដោយស្ងាត់ស្ងៀម ចាប់តាំងពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយ នៅចុងឆ្នាំ២០១៧មក បានបង្ហាញមុខ និងបញ្ចេញសំឡេងជាលើកដំបូង តាមរយៈវេទិកាជួបសំណេះសំណាលជាមួយអ្នកគាំទ្រគណបក្សភ្លើងទៀននៅស្រុកមេមត់នេះ។ លោក ជាថ្នាក់ដឹកនាំម្នាក់ ក្នុងចំណោមថ្នាក់ដឹកនាំជាង១០០នាក់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានដកសិទ្ធិនយោបាយ ចាប់តាំងពីថ្ងៃ ដែលគណបក្សរបស់ពួកគេត្រូវបានរំលាយ។

លោក បានទទួលសិទ្ធិនយោបាយវិញ នៅឆ្នាំ២០២០ បន្ទាប់ពីលោក ស្នើសុំទៅរដ្ឋាភិបាល។ នៅខែមីនា ឆ្នាំ២០២២ លោក ក៏ប្រកាសជាសាធារណៈពីការសម្រេចចិត្តចូលរួមជាមួយគណបក្សភ្លើងទៀន ដែលលោក ធ្លាប់ជ្រកកោនជាមួយមេកើយរបស់លោក គឺលោក សម រង្ស៊ី កាលពីអតីតកាល។

គណបក្សភ្លើងទៀន ប្តូរឈ្មោះមកពីគណបក្សសម រង្ស៊ី។ គណបក្សភ្លើងទៀន ដែលត្រូវបានទុកចោលចាប់តាំងពីការបង្កើតគណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមធ្វើសកម្មភាពនយោបាយឡើងវិញ ជាពិសេសគណបក្សនេះ បានធ្វើសកម្មភាពខ្លាំង ពេលឈានចូលឆ្នាំ២០២២។

របាយការណ៍ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បង្ហាញថា មានតែគណបក្សភ្លើងទៀនទេ ដែលបានរៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ បានប្រហាក់ប្រហែលនឹងគណបក្សប្រជាជនកម្ពុជា។ គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥នេះ មាន១៧គណបក្ស។

យ៉ាងណា មានភាពមិនប្រក្រតតីខ្លះៗ ចំពោះបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន។ លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ថា បេក្ខជនជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន មានជាង៥០នាក់ហើយ ដែលត្រូវបានលុបចេញពីបញ្ជីបេក្ខជន ដោយសារពួកគាត់ភាគច្រើន មិនចេះអក្សរ។ ច្បាប់ស្តីពីការបោះឆ្នោត តម្រូវឲ្យបេក្ខជន ត្រូវចេះអក្សរ។

បញ្ហាមួយទៀត គឺសមត្ថកិច្ច រកឃើញថា គណបក្សភ្លើងទៀន បានយកឈ្មោះប្រជាពលរដ្ឋតាមឃុំមួយចំនួន ទៅឈរជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ ដោយពួកគាត់ជាសាមីខ្លួនមិនបានដឹង។ លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានបកស្រាយថា ពួកគាត់ យល់ព្រមជាមុនហើយ ទើបបានមន្រ្តីគណបក្សភ្លើងទៀន ហ៊ានដាក់ឈ្មោះពួកគាត់ជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ។ បន្ថែមពីនេះ លោក ជំរុញឲ្យបង្កើតគណៈកម្មការ ចុះស៊ើបអង្កេត ដើម្បីដឹងថា គណបក្សភ្លើងទៀន យកឈ្មោះប្រជាពលរដ្ឋ ទៅដាក់ជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ ដោយពួកគាត់មិនបានដឹងពិតមែន ឬយ៉ាងណា៕

Tag:
 សុន ឆ័យ
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com