ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រើនរំលឹកមន្ត្រី​ឲ្យ​ចៀសដាច់ខាតការយក​សេវាខាងក្រៅ
29, Mar 2022 , 6:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។ រូបថត៖ MoC
លោក​ ប៉ាន សូរស័ក្តិ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ហាមមន្ត្រីរបស់ខ្លួនជាដាច់ខាត មិនឱ្យទារកម្រៃសេវា ក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ និងសេវាផេ្សងៗឡើយ។ លោកបានលើកឡើងដូច្នេះនៅក្នុងពិធី សំណេះសំណាលជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២៨ មីនា។



ខណៈរដ្ឋាភិបាលខិតខំបើកទីផ្សារជាមួយបណ្តាប្រទេសនានាជូនប្រជាពលរដ្ឋ តាមរយៈការសម្រួលបរិយាកាស ធុរកិច្ចឱ្យកាន់តែល្អប្រសើរ, ការកសាងបទដ្ឋានគតិយុត្តដើម្បីគាំពារ និងការចរចាបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី, ពហុភាគី និងតំបន់នោះ លោក ប៉ាន សូរស័ក្តិ បានហាមដល់មន្តី្ររបស់ខ្លួនទាំងអស់ ដាច់ខាតមិនឱ្យទាមទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផេ្សងៗឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។​

លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា ការទារកម្រៃសេវាក្រៅផ្លូវការពីអាជីករ ពាណិជ្ជករ ផលិតករ អ្នកនាំចេញ និងសេវាផ្សេងៗជាដើមនោះ គឺជាអនុវត្តផ្ទុយពីខ្លឹមសារប្រកាសរួមស្តីពីកម្រងសេវាសាធារណៈរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ក្រៅពីហាមមិនមន្ត្រីរបស់ខ្លួនទារសេវាក្រៅផ្លូវការពីពលរដ្ឋហើយនោះ លោក ប៉ាន សូរស័ក្តិ បានណែនាំដល់មន្រ្តីក្រោមឱវាទខ្លួនទាំងអស់ ត្រូវបន្តពង្រឹងចំណេះដឹងខ្លួនបន្ថែមទៀត ទាំងជំនាញបច្ចេកទេស និងភាសាបរទេស ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងផ្តល់ទំនុកចិត្តដល់ពលរដ្ឋ។​

លើសពីនេះទៅទៀត រដ្ឋមន្ត្រីពាណិជ្ជកម្មរូបនេះបានប្រាប់ដល់មន្រ្តីទាំងអស់ត្រូវសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធីកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្ម សំដៅជួយសម្រួលដល់ការនាំចេញ និងសម្រួលដល់ការផ្តល់សេវាសាធារណៈជូនពលរដ្ឋ។

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ ក៏បានទាមទារឱ្យមន្តី្រពាណិជ្ជកម្មទាំងអស់ ត្រូវបន្តជំរុញយន្តការតាមដាន និងគ្រប់គ្រងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ថ្លៃទំនិញ និងសន្និធិទំនិញចាំបាច់ ស្រូវ-អង្ករ ប្រេងឥន្ធនៈ និងការធ្វើពាណិជ្ជកម្មទំនិញនៅតាមព្រំដែន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ហើយត្រូវជំរុញយន្តការដោះស្រាយបញ្ហាដល់កសិករ ផលិតករ ដោយផ្តោតលើផលិតផលសក្តានុពលចំនួន៥មុខ។ ក្នុងនោះ មាន មាន់ស្រែ បន្លែ ដំឡូង ស្រូវប្រណិត និងសូត្រ តាមរយៈការបង្កើតផ្សារចុងសប្តាហ៍នៅតាមបណ្តាខេត្តទាំង១៨ ព្រមទាំងឧបត្ថម្ភទុន ផ្ដល់កម្ចី និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រតាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម៕

© រក្សាសិទ្ធិដោយ thmeythmey.com