ជាតិ
ពីនេះ ពីនោះ
លោកយាយ រ័ត្ន សំអាត វ័យ៧៤ឆ្នាំ តែងដើរថ្មើរជើងឡើងភ្នំ ដើម្បីធ្វើបុណ្យ
30, Mar 2022 , 9:19 am        
រូបភាព
អ្នកស្រី រ័ត្ន សំអាត ពលរដ្ឋរស់ខេត្តបន្ទាយមានជ័យ កំពុងផ្ដល់បទសម្ភាសន៍ ដល់សារព័ត៌មានថ្មីៗ២៥ នៅផ្លូវឡើងទៅកាន់ប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបង។
អ្នកស្រី រ័ត្ន សំអាត ពលរដ្ឋរស់ខេត្តបន្ទាយមានជ័យ កំពុងផ្ដល់បទសម្ភាសន៍ ដល់សារព័ត៌មានថ្មីៗ២៥ នៅផ្លូវឡើងទៅកាន់ប្រាសាទភ្នំបាណន់ ខេត្តបាត់ដំបង។
បាត់ដំបង៖ លោកយាយ រ័ត្ន សំអាត រស់នៅក្នុងខេត្តបន្ទាយមានជ័យ តែងតែឡើងភ្នំ ដើម្បីទៅធ្វើបុណ្យតាមបែបពុទ្ធសាសនា។ ដ្បិតវ័យ៧៤ឆ្នាំហើយក្តី ប៉ុន្តែស្ត្រីចំណាស់រូបនេះ អាចដើរឡើងភ្នំខ្ពស់ៗបាន ដោយមិនមានបញ្ហាឡើយ។


 
លោកយាយ រ័ត្ន សំអាត បានឡើងភ្នំដោយថ្មើរជើង នៅតាមភ្នំនានា ក្នុងប្រទេស តាំងពីអាយុជាង៤០ឆ្នាំមកម្លេះ ដើម្បីធ្វើបុណ្យ និងប្រតិបត្តិធម្មតាមគន្លងព្រះពុទ្ធសាសនា។ 
 
តទៅនេះ សូមអញ្ជើញ លោក អ្នកនាង ទស្សនាវីដេអូសម្ភាសន៍ រវាង លោក ស៊ុល រ៉វី អ្នកសារព័ត៌មានថ្មីៗ២៥រាជធានី-ខេត្ត ជាមួយអ្នកស្រី រ័ត្ន សំអាត ដូចតទៅ៖ 
 
 
សម្ដីស្រទន់មួយៗ ពុទ្ធសាសនិករូបនេះ បានឡើងភ្នំនៅកម្ពុជាជាង៣០មកហើយ ។ អង្គុយជាប់នឹងផ្លូវឡើងទៅកាន់ប្រាសាទលើកំពូលភ្នំបាណន់ ស្ត្រីចំណាស់មកពីស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យរូបនេះ បានរៀបរាប់ត្រួសៗ ពីភ្នំដែលខ្លួនបានឡើងជាង៣០ឆ្នាំមកនោះ មានដូចជាភ្នំបាយ៉ង់ ខេត្តតាកែវ, ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ,ភ្នំហប់ ឬភ្នំកំណប់ ខេត្តសៀមរាប, ភ្នំពើងកែវពេជ្រ ឬភ្នំពើងបាក់រទេះ ខេត្តសៀមរាប និងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារជាដើម។ 
 
ពុទ្ធសាសនិករូបនេះ មានប្រសាសន៍ពីគោលបំណងពីការឡើងភ្នំរបស់ខ្លួនដូច្នេះ៖ «ដើម្បីធ្វើបុណ្យធ្វើទាន បួងសួង សូមឱ្យកូនចៅមានសេចក្ដីសុខ សន្តិភាពតែប៉ុណ្ណឹង»។ 
 
ក្រៅពីការធ្វើបុណ្យដោយឡើងភ្នំ ឧបាសិការូបនេះ ក៏ធ្លាប់ធ្វើធម្មយាត្រា២៩ថ្ងៃ ដោយថ្មើរជើងចេញពីខេត្តបន្ទាយជ័យ ដែលជាទីកន្លែងរស់នៅ រហូតដល់ខេត្តស្វាយរៀងផងដែរ។ 


 
មុនជំងឺឆ្លងជំងឺកូវីដ-១៩ រាតត្បាតនោះ គ្រហស្ថស្រី ដែលមានជំនឿជ្រាលជ្រៅលើព្រះពុទ្ធសាសនា ក៏បានធ្វើដំណើរឆ្លងប្រទេស ដូចជាប្រទេសថៃ ចំនួន១០ថ្ងៃ ដើម្បីធ្វើសមាធិ, ប្រទេសឡាវ ៣ថ្ងៃ ទៅកាន់ប្រាសាទវត្តភូ ដោយសារចង់ស្គាល់ស្នាដៃ ដែលជាអតីតប្រាសាទរបស់ខ្មែរ  ,ប្រទេសឥណ្ឌា ២៣ថ្ងៃផងដែរ។
 
ការឡើងភ្នំដើម្បីធ្វើបុណ្យ របស់លោកយាយ សំអាត ក្លាយជាផ្នែកមួយនៃជីវិតរបស់ខ្លួន ដែលមិនអាចខ្វះបាន។ បើតាមសម្ដី អ្នកស្រី និត ស្រីតូច ដែលត្រូវជាកូនរបស់ អ្នកស្រី សំអាតផ្ទាល់អះអាងថា ប្រសិនបើមិនបានឡើងភ្នំធ្វើបុណ្យទេនោះ ម្ដាយខ្លួននឹងឈឺទៅវិញ។ អ្នកស្រី និត ស្រីតូច ក៏មានការបារម្ភផងដែរ ពីសុវត្ថិភាពរបស់ម្ដាយខ្លួន ដែលមានវ័យជរា ហើយត្រូវឡើងភ្នំ ខណៈពេលខ្លះ អ្នកស្រីមិនបានទៅជាមួយម្ដាយ៕ 

Tag:
 រត្ន័ សំអាត
  ភ្នំបាណន់
© រក្សាសិទ្ធិដោយ thmeythmey.com