ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សភ្លើងទៀន បង្សុកូលជូនអ្នកស្លាប់ ក្នុងព្រឹត្តិការណ៍៣០មីនា១៩៩៧
30, Mar 2022 , 4:30 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធបាតុករ ដែលបាត់បង់ជីវិត ក្នុងព្រឹត្តិការណ៍គប់គ្រាប់បែកដៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧។ ពិធីនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅនឹងស្តូបវិញ្ញាណក្ខន្ធបាតុករ ក្នុងសួនច្បារមុខវត្តបទុមវត្តិ ដោយមានការបង្សុកូល និងការរាប់បាត្រព្រះសង្ឃ ដើម្បីឧទ្ទិសបុណ្យកុសលជូនដល់វិញ្ញាណក្ខន្ធបាតុករ។



លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា អនុប្រធាន រួមទាំងមន្រ្តីជាន់ខ្ពស់ផ្សេងទៀតរបស់គណបក្សភ្លើងទៀន ដូចជា លោក ហុង សុខហួរ និង លោកសុន ឆ័យ ជាដើម បានចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធនេះ។ គណបក្សភ្លើងទៀន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«រហូតមកដល់ពេលនេះ អាជ្ញាធរទីក្រុងភ្នំពេញ មិនទាន់វែកមុខរកឃើញឃាតក យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់នៅឡើយទេ»។

សូមរម្លឹកថា នៅថ្ងៃ៣០មីនា ឆ្នាំ១៩៩៧ មានការបំផ្ទុះគ្រាប់បែកដៃ នៅមុខរដ្ឋសភាចាស់ (បច្ចុប្បន្នជាតុលាការកំពូល) ដែលបណ្តាលឲ្យមនុស្សស្លាប់១៦នាក់ និងរបួសជាង១០០នាក់ ខណៈជនរងគ្រោះទាំងនោះ ប្រមូលផ្តុំគ្នាទាមទារឲ្យធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលដឹកនាំដោយលោក សម រង្ស៊ី។ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ គឺជាខួប២៥ឆ្នាំនៃព្រឹត្តិការណ៍នេះ។ 

ក្រៅពីព្រឹត្តិការណ៍៣០មីនា ឆ្នាំ១៩៩៧ នៅមានព្រឹត្តិការណ៍ផ្សេងទៀត ដែលកើតឡើង ទោះបីកម្ពុជា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ហើយក៏ដោយ ដូចជាព្រឹត្តិការណ៍៥-៦កក្កដា ឆ្នាំ១៩៩៧ ជាដើម។ ព្រឹត្តិការណ៍បំផ្ទុះអាវុធនៅថ្ងៃ៥-ថ្ងៃ៦កក្កដា ឆ្នាំ១៩៩៧ ត្រូវគេអះអាងថា បង្កឡើងដោយកងទ័ពខាងគណបក្សហ៊្វុនស៊ិនប៉ិច និងកងទ័ពខាងគណបក្សប្រជាជនកម្ពុជា។ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បង្ហាញថា មានយុទ្ធជនប្រមាណ២០០នាក់ បានស្លាប់ក្នុងព្រឹត្តិការណ៍នោះ រួមទាំងមន្ត្រីយ៉ាងតិច៦០នាក់របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏ត្រូវបានសម្លាប់ដែរ។

ជារួម រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំណត់ថា រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបកម្ពុជា មានសន្តិភាពពេញលេញ និងមានឯកភាពជាតិទាំងស្រុង ក្រោមនយោបាយឈ្នឈ្នះរបស់សម្តេច ហ៊ុន សែន ដែលកំពុងកាន់តំណែងជានាយករដ្ឋមន្រ្តី និងតំណែងជាប្រធានគណបក្សប្រជាជនកម្ពុជា។ ចំពោះគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល ២៩ធ្នូ ជាថ្ងៃទីដ៏សំខាន់១ សម្រាប់ប្រវត្តិសាស្ត្រ ហើយតែងប្រារព្ធពិធីរម្លឹកខួបក្នុងថ្ងៃនេះជារៀងរាល់ឆ្នាំ។ ដោយយល់ថា ២៩ធ្នូ ជាថ្ងៃមានសារសំខាន់  រដ្ឋាភិបាល បានដាក់បញ្ចូលថ្ងៃ២៩ធ្នូ ទៅក្នុងប្រតិទិន តែមិនឈប់សម្រាក៕

Tag:
 ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកឆ្នាំ៩៧
  គណបក្សភ្លើងទៀន
© រក្សាសិទ្ធិដោយ thmeythmey.com