ជាតិ
សង្គមជាតិ
ចាស់ទុំផ្នែកច្បាប់ លោក សាយ បូរី ចង់ឲ្យលុប «ងារឯកឧត្តម» ចេញពីមេធាវី
31, Mar 2022 , 6:00 pm        
រូបភាព
ជំនួបរវាងលោក សាយ បូរី អតីតប្រធានគណៈមេធាវី (ស្តាំដៃ) និង លី ច័ន្ទតុលា ប្រធានគណៈមេធាវីបច្ចុប្បន្ន កាលពីឆ្នាំ២០២២១។ រូបពីវីដេអូរបស់គណៈមេធាវី
ជំនួបរវាងលោក សាយ បូរី អតីតប្រធានគណៈមេធាវី (ស្តាំដៃ) និង លី ច័ន្ទតុលា ប្រធានគណៈមេធាវីបច្ចុប្បន្ន កាលពីឆ្នាំ២០២២១។ រូបពីវីដេអូរបស់គណៈមេធាវី
លោកបណ្ឌិត សាយ បូរី សាស្រ្តាចារ្យច្បាប់ និងជាមេធាវីចាស់វស្សា មិនចង់ឲ្យមាន «គោរមងារ ឬឋានៈជាឯកឧត្តម» ក្នុងគណៈមេធាវីកម្ពុជា ឬក្នុងជួរមេធាវីឡើយ។ តាមការចង់បានរបស់ចាស់ទុំក្នុងវិស័យច្បាប់រូបនេះ គោរមងារឯកឧត្តម គួរតែលុបចេញពីមេធាវី។



ធ្វើជាវាគ្មិន ក្នុងវេទិកាមេធាវីលើកទី២ ក្រោមប្រធានបទ «រួមគ្នាដើម្បីឧត្តមភាព និងកិត្យានុភាពវិជ្ជាជីវៈមេធាវី» ដែលរៀបចំឡើយដោយគណៈមេធាវីកម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ លោក សាយ បូរី ពន្យល់ថា វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ ដែលនៅដាច់ដោយឡែកពីរដ្ឋាភិបាល ហើយវិជ្ជាជីវៈមេធាវី ប្រៀបដូចជាក្រុមហ៊ុនឯកជនដែរ។ លោក បន្តថា វិជ្ជាជីវៈមេធាវី មិនមែនជាអ្នករាជការ មិនមែនជាមន្រ្តីមុខងារសាធរណៈឡើយ ហើយក្រុមហ៊ុនមេធាវី ឬគណៈមេធាវី មិនមែនជាអង្គការរដ្ឋនោះទេ។

លោក សាយ បូរី ដែលធ្លាប់ធ្វើជាប្រធានគណៈមេធាវីកម្ពុជាអាណត្តិទី១ និងអាណត្តិទី២ មើលឃើញថា បើមេធាវី មានគោរមងារជាឯកឧត្តម អាចនឹងធ្វើឲ្យគេយល់ប្រឡំថា វិជ្ជាជីវៈមេធាវី ឬស្ថាប័នមេធាវី ស្ថិតក្នុងក្របខ័ណ្ឌរដ្ឋាភិបាល។ លោក បានហៅ ការមានគោរមងារឯកឧត្តមក្នុងជួរមេធាវី ថាជាចំណុចឆ្គាំឆ្គងមួយរបស់មេធាវី ហើយក៏ជាចំណុចមួយ ដែលធ្វើឲ្យមានការច្រឡំគ្នារវាងស្ថាប័នមេធាវី និងស្ថាប័នរដ្ឋ។

«សុំទោស មែនទែន គួរលុបអាហ្នឹងចេញ។ មេធាវីថ្លៃថ្នូរអស់ចិត្តហើយ ចាំបាច់ទៅយកឯកឧត្តមធ្វើអី»។ នេះជាប្រសាសន៍របស់លោកសាស្រ្តាចារ្យច្បាប់ សាយ បូរី ដែលអ្នករៀនច្បាប់ ទទួលស្គាល់ថា ជាអ្នកមានជំនាញខ្ពស់ផ្នែករដ្ឋបាលសាធារណៈ។


លោក សាយ បូរី (អត់ពាក់ម៉ាស់) និងលោក លី ច័ន្ទតុលា ស្ថិតក្នុងក្នុងវេទិកាមេធាវីលើកទី២ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។ រូបពីវីដេអូរបស់គណៈមេធាវី

យ៉ាងណា លោក សាយ បូរី បញ្ជាក់ថា បើកំពុងបំពេញតួនាទីក្នុងក្របខ័ណ្ឌរដ្ឋាភិបាល មេធាវី អាចប្រើគោរមងារជាឯកឧត្តមបាន។ លោក លើកករណីលោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី មកធ្វើជាឧទាហរណ៍ថា លោក លី ច័ន្ទតុលា ជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី និងមានងារជាឯកឧត្តម ដូច្នេះ បើលោក មិនស្ថិតក្នុងការបំពេញតួនាទីជាមេធាវី ហើយស្ថិតក្នុងការបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី គឺលោក អាចប្រើងារជាឯកឧត្តមបាន។ ជារួម លោក មិនចង់ឲ្យមេធាវីប្រើគោរមងារជាឯកឧត្តម នៅពេលស្ថិតក្នុងឯកសណ្ឋានមេធាវី និងកំពុងបំពេញតួនាទីជាមេធាវី។

លោកមេធាវី លី ច័ន្ទតុលា ដែលចូលរួមធ្វើជាអធិបតីក្នុងវេទិកាខាងលើ និងអង្គុយជិតលោក សាយ បូរី បានឆ្លើយតបភ្លាមៗថា ពិតជាមានមេធាវី មានគោរមងារជាឯកឧត្តមមែន ហើយមានមេធាវីខ្លះ ដល់ថ្នាក់សរសេរក្នុងបណ្ណសម្គាល់ខ្លួនថា «ឯកឧត្តមបណ្ឌិតមេធាវី» ទៀតផង។ ប្រធានគណៈមេធាវីរូបនេះ ធ្លាប់ឮគេ រិះគន់ថា ការហៅខ្លួនឯងជាឯកឧត្តមបណ្ឌិតមេធាវីបែបនេះ ហាក់ដូចជាសម្ញែកពេក។

លោក លី ច័ន្ទតុលា ដែលហៅលោក សាយ បូរី ថាលោកគ្រូ បានជម្រាបលោក សាយ បូរី ដូច្នេះថា៖«ខ្ញុំខ្លួនឯងផ្ទាល់ ដូចអត់ដែលមានគំនិតថា អត់ចង់ឲ្យដាក់ [ងារឯកឧត្តម] ឬឲ្យកែទេ លោកគ្រូ តែកត់ត្រាទុកអំពីមតិរបស់លោកគ្រូ សូមអរគុណលោកគ្រូ»។

ស្ថិតិ ដែលផ្សាយលើគេហទំព័ររបស់គណៈមេធាវីកម្ពុជា បានបង្ហាញថា គិតត្រឹមខែមីនា ឆ្នាំ២០២២ មេធាវីពេញសិទ្ធិ ដែលកំពុងបំពេញវិជ្ជាជីវៈ មានសរុបជាង២ពាន់នាក់។

ជាការកត់សម្គាល់ គេ សង្កេតឃើញថា មេធាវីមួយចំនួន មានតំណែងក្នុងជួររដ្ឋាភិបាល ហើយក្នុងចំណោមមេធាវី ដែលមានតំណែងក្នុងជួរដ្ឋាភិបាលនោះ មានអ្នកខ្លះ មានងារជាឯកឧត្តម៕

Tag:
 សាយ បូរី
  មេធាវី
  ងារឯកឧត្តម
© រក្សាសិទ្ធិដោយ thmeythmey.com