អន្តរជាតិ
រុស្ស៊ីតបអាម៉េរិក៖ ក្រុងវ៉ាស៊ីនតោនគ្មានព័ត៌មានពិត ជុំវិញអ្វីកើតឡើងនៅវិមានក្រេមឡាំងឡើយ
01, Apr 2022 , 11:09 am        
រូបភាព
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov។ រូបភាព៖ AFP
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov។ រូបភាព៖ AFP
អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov នៅថ្ងៃទី៣១ ខែមីនា បានលើកឡើងថា ក្រសួងការបរទេសបរទេស និងមន្ទីរបញ្ចកោណអាម៉េរិក មិនមានព័ត៌មានពិត ជុំវិញរឿងរ៉ាវកើតឡើងនៅក្នុងវិមានក្រេមឡាំងឡើយ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេស និងអាម៉េរិក បានអះអាងថា ទីប្រឹក្សាយោធា បានផ្តល់ព័ត៌មានមិនត្រឹមត្រូវដល់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយសារតែការភ័យខ្លាច។

 
មន្រ្តីអាម៉េរិក នៅថ្ងៃទី៣០ ខែមីនា បាននិយាយថា ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន ត្រូវបានទីប្រឹក្សាយោធាលោកប្រាប់ព័ត៌មានមិនពិត ជុំវិញប្រតិបត្តិការយោធានៅអ៊ុយក្រែន។ បើតាមមន្រ្តីអាម៉េរិក និងអង់គ្លេស លោកពូទីន ក៏មិនបានដឹងពីការកេណ្ឌទាហានថ្មី ដើម្បីបញ្ជូនទៅអ៊ុយក្រែនដែរ។ 
 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី៣១ ខែមីនា លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រេមឡាំង បានឆ្លើយតបទៅអាម៉េរិកថា អ្វីដែលបានកើតឡើង បានបង្ហាញថា មន្ទីរបញ្ចកោណ និងក្រសួងការបរទេសអាម៉េរិក មិនមានព័ត៌មានពិត ដែលបានកើតឡើងនៅក្នុងវិមានក្រេមឡាំងឡើយ។ 
 
«ពួកគេ(អាម៉េរិក)មិនយល់ពីលោក ពូទីន ពួកគេមិនយល់ពីយន្តការសម្រេចចិត្ត និងមិនយល់ពីរបៀបធ្វើការរបស់យើងឡើយ»។ លោក Peskov បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាមិនមែនជារឿងគួរឱ្យអាណិតឡើយ បុន្តែផ្ទុយទៅវិញ វាជាបញ្ហាបារម្ភ ដោយសារការយល់បែបនេះ អាចឱ្យមានការសម្រេចចិត្តខុស សម្រេចចិត្តលឿន បង្កឱ្យមានផលវិបាកដ៏ធ្ងន់ធ្ងរ។ 
 
ជុំវិញបញ្ហាកេណ្ឌកម្លាំងយោធាថ្មី លោក ពូទីន ក្នុងថ្ងៃដដែល បានចេញក្រឹត្យមួយ ដោយរើសទាហានថ្មីចំនួន១៣៤៥០០នាក់ ដែលជាផ្នែកមួយនៃកំណែនយោធានិទាឃរដូវប្រចាំឆ្នាំ។ កំណែនយោធានិទាឃរដូវប្រចាំឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ដោយរើសបុរសជនជាតិរុស្ស៊ីចាប់ពីអាយុ ១៨ឆ្នាំដល់២៧ឆ្នាំ។ 
 
មុនលោកប្រធានាធិបតីរុស្ស៊ីចុះហត្ថលេខាលើក្រឹត្យខាងលើ រដ្ឋមន្រ្តីការពារជាតិ លោក Sergei Shoigu នៅថ្ងៃទី២៩ ខែមីនា កន្លងមក បានថ្លែងថា ទាហានថ្មីៗ នឹងត្រូវបញ្ជូនទៅមណ្ឌលបណ្តុះបណ្តាល ហើយអ្នកទាំងនោះ នឹងមិនត្រូវបញ្ជូនទៅទីតាំងសង្រ្គាមឡើយ។​
 
គួររម្លឹកថា លោក ពូទីន នៅដើមខែមីនា ក៏បានបដិសេធថា រុស្ស៊ីមិនបានបញ្ជូនទាហានថ្មីទៅអ៊ុយក្រេនឡើយ មុនពេលក្រសួងការពារជាតិ បានសារភាពពីការបញ្ជូនទាហានថ្មីមួយចំនួនទៅអ៊ុយក្រែន។ ក្នុងពេលនោះ​ អ្នកនាំពាក្យវិមានក្រេមឡាំង បានអះអាងថា លោកពូទីន បានបញ្ជាឱ្យស៊ើបអង្កេតលើការបញ្ជូននោះ និងស្វែងរកមន្រ្តីបញ្ជា ដើម្បីដាក់ពិន័យ៕  
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com