កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន FIFA ថា នឹងស្វាគមន៍រុស្ស៊ីវិញភា្លម​ បើសង្គ្រាមអ៊ុយក្រែនបញ្ចប់
01, Apr 2022 , 2:00 pm        
រូបភាព
លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសស្វាគមន៍ក្រុមជម្រើសជាតិរុស្សីត្រឡប់ទៅកាន់ពិភពបាល់ទាត់វិញភ្លាមៗ បើការលុកលុយលើប្រទេសអ៊ុយក្រែនបានបញ្ចប់។


 
ក្រុមជម្រើសជាតិ និងក្លិបបាល់ទាត់របស់រុស្ស៊ីត្រូវបានរារាំងមិនឱ្យលេងក្នុងការប្រកួតរបស់ FIFA និង UEFA រួមទាំងការប្រកួតបាល់ទាត់ពិភពលោក ក្រោយលោកពូលទីនបញ្ជាទ័ពឈ្លានពានអ៊ុយក្រែនខុសច្បាប់អន្តរជាតិ។
 
ប៉ុន្តែយ៉ាងណាក៏ដោយលោក Infantino អះអាងថាការរក្សាការសន្ទនាជាមួយមន្ត្រីសហព័ន្ធរុស្ស៊ីនៅបើកចំហ២៤ម៉ោង ប្រសិនស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ប្រសើរឡើងវិញ។
នៅឯសមាជរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក នាថ្ងៃទី៣១ ខែមីនា នៅកាតាដែលជាប្រទេសម្ចាស់ផ្ទះ World Cup លោក Infantino ប្រកាសថា FIFA នឹងទទួលរុស្ស៊ីសាជាថ្មី ដើម្បីលេងបាល់ទាត់ម្តងទៀត។
 
«ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ខ្លាំង​ណាស់​ ចំពោះ​អ្វី​ដែល​កំពុង​កើត​ឡើង ហើយ​ខ្ញុំ​ក៏​ខូច​ចិត្ត​ដូច​អ្នក​រាល់​គ្នា​ដែរ។ យើងត្រូវផ្អាកក្រុមរុស្ស៊ី និងក្លិបរុស្ស៊ី។ វាមិនមែនជាការសម្រេចចិត្តងាយស្រួលទេ ព្រោះវាសំខាន់ណាស់ សម្រាប់អ្នកស្រលាញ់កីឡាបាល់ទាត់»។ នេះជាការលើកឡើងរបស់លោក Infantino មុនបន្ថែមថាលោកកំពុងទន្ទឹងរង់ចាំវត្តមានរបស់រុស្ស៊ី នៅពេលសង្គ្រាមអ៊ុយក្រែនបញ្ចប់។
 
ប្រធាន FIFA សញ្ជាតិស្វ៊ីសសង្ឃឹមយ៉ាងមុតមាំថា ជម្លោះអាចបញ្ចប់ ហើយរុស្ស៊ី នឹងត្រឡប់ចូលពិភពបាល់ទាត់ម្តងទៀត ដ្បិតនេះជាអ្វីដែលលោក Infantino និងប្រជាជនរុស្ស៊ីត្រូវការ។
 
ក្រុម និងក្លិបរុស្ស៊ីត្រូវបានហាមមែន តែសហព័ន្ធ​កីឡា​បាល់​ទាត់រុស្ស៊ី (RFF) ​មិន​ត្រូវ​បាន FIFA ផ្អាក​​នោះទេ ខណៈតំណាង RFF ​ក៏​បាន​ចូល​រួម​ក្នុង​សមាជ ​​នៅកាតាផងដែរ។
ប្រធាន FIFA ដែលក្នុងឆ្នាំ ២០១៩ បានទទួលមេដាយ Order of Friendship ពីប្រធានាធិបតីរុស្សី វ៉្លាឌីមៀ ពូទីន សារភាពថា ខ្លួនត្រូវបាន «បំផ្លាញ» ដោយព័ត៌មានដែលផ្សាយចេញពីប្រទេសអ៊ុយក្រែន ដោយសារតែទទួលមេដាយនេះ។
 
ប្រធាន FIFA បន្ថែមទៀត​ថា វា​ត្រឹមត្រូវ​ហើយ​ដែល​មាន​តំណាង RFF របស់​រុស្ស៊ី​ស្ថិតនៅ​ក្នុង​សមាជ ហើយក៏ត្រឹម​ត្រូវផងដែរ ដែល​​ FIFA សម្រេចមិនព្យួរ RFF៕
 

Tag:
 FIFA
  Gianni Infantino
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com