ជាតិ
សត្វត្មាតភ្លើង៥ ក្បាល វិលមកដែនជម្រកសត្វព្រៃលំផាត់ ក្រោយបាត់ជាង៥ឆ្នាំ
01, Apr 2022 , 6:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សត្វត្មាតភ្លើងចំនួន៥ក្បាលត្រូវបានកត់ត្រា ពេលពួកវាចុះស៊ី សាកសពគោ នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាលពីខែមីនាឆ្នាំ២០២២។ វត្តមានត្មាតភ្លើងនេះ បានបង្ហាញថាទីតាំងនេះចាប់ផ្ដើមមានសុវត្ថិភាពសម្រាប់ពួកវា ក្រោយបាត់វត្តមាន អស់ពេលជាង៥ឆ្នាំ។

 
លោក ប៊ូ វរសក្ស នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥ថាទីតាំងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ធ្លាប់ជាអាហារដ្ឋានរបស់សត្វត្មាតកាលពី៥ឆ្នាំមុន ប៉ុន្ដែវាត្រូវបានបាត់ ដោយសារការបំពុល។   
 
លោក ប៊ូ វរសក្ស បានបន្ថែមថា វត្តមានរបស់សត្វត្មាត បានត្រលប់មកស៊ីចំណីសារជាថ្មីនៅទីតាំងនេះធ្វើឱ្យអ្នកអភិរក្ស និងអ្នកការពារក្នុងតំបន់ ចាប់ផ្ដើមយកចិត្តទុកដាក់និងជំរុញសកម្មភាពការពារសត្វត្មាតដើម្បីធ្វើឱ្យទីតាំងនោះក្លាយជាកន្លែងសុវត្ថិភាពម្ដងទៀត ។ លោក លោក ប៊ូ វរសក្ស លើកឡើងដូច្នេះ៖« តំបន់នេះបន្ទាប់ពីមានការបំពុលដែលធ្វើឱ្យត្មាតងាប់១០ក្បាលកាលពីប៉ុន្មានឆ្នាំមុនយើងកម្រឃើញវត្តមានរបស់ពួកវាក្នុងតំបន់នេះណាស់»។
 
នាយកកម្មវិធីនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំកម្ពុជា បានបញ្ជាក់ថាជាធម្មតាសត្វត្នាតជាប្រភេទបក្សីដែលចរាចរណ៍ឆ្ងាយ និងចល័តពីតំបន់មួយទៅតំបន់មួយ។


 
លោកថា នៅកម្ពុជា សត្វត្មាតតែងធ្វើដំណើរទៅមកដើម្បីរកចំណី នៅទីតាំងចំនួន៤គឺដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង , អាហារដ្ឋានត្មាត ដែនជម្រកសត្វព្រៃឆែបក្នុងខេត្តព្រះវិហារ,អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃសំបូរក្នុងខេត្តក្រចេះ,និងអាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។
 
ទោះបីជាបច្ចុប្បន្ន សត្វត្មាតបានបង្ហាញខ្លួន និងចុះរកចំណីនៅដែនជម្រកសត្វព្រៃលំផាត់ក្តីប៉ុន្ដែ លោក ប៊ូ វរសក្ស បញ្ជាក់ថា អាហារដ្ឋានត្មាតនៅដែនជម្រកខាងលើ មិនទាន់បើកឡើងវិញទេ។ 
 
«យើងឃើញពួកវាចុះរកចំណីចំនួន៥ក្បាល នេះអាចជាចំនួនច្រើន បើធៀបកន្លងមក។ ទន្ទឹមនេះ យើងមិនទាន់គិត ពីរឿងបើកអាហារដ្ឋានវិញនៅឡើយព្រោះទីតាំងនោះនៅជិតអាហារដ្ឋាននៅសៀងប៉ាង ដូច្នេះពួកវាអាចទៅរកចំណីនៅជិតនោះបាន។ប៉ុន្ដែប្រសិនបើត្មាត មករកចំណីនៅលំផាត់ច្រើនជាង យើងនឹងគិតជាថ្មីថាគួរបើកឬយ៉ាងណា»។ នេះជាការបញ្ជាក់ របស់លោក វរសក្ស។


 
លោក ប៊ូ វរសក្ស បានអំពាវនាវដល់ ពលរដ្ឋ ប្រសិនបើឃើញសត្វត្មាតចុះរកចំណីនៅតំបន់ណាសូមកុំទៅរំខានពួកវា។ មួយវិញទៀត បើដឹងថា សត្វត្មាត ងាប់ដោយសារការបំពុល សូមជូនដំណឹងទៅអាជ្ញាធរនិងអ្នកអភិរក្សដើម្បីជួយការពារពួកវា។
 
ជំរឿនសត្វត្មាតទូទាំងប្រទេសនៅថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១ នៅក្នុងដែនជម្រកសត្វព្រៃចំនួន៤ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាបានកត់ត្រាវត្តមានសត្វត្មាតបានចំនួន១២១ ក្បាលក្នុងនោះមានត្មាតភ្លើង ២០ក្បាល ត្មាតផេះ ៦៦ក្បាល និងត្មាតត្នោត ៣៥ក្បាល៕

Tag:
 ត្មាតភ្លើង
© រក្សាសិទ្ធិដោយ thmeythmey.com