អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន៖ អាម៉េរិក គួរតែចាប់ផ្តើមទទួលខុសត្រូវអភិវឌ្ឍអាហ្វហ្កានីស្ថានឡើងវិញ
01, Apr 2022 , 7:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី។ រូបភាព៖ ក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោកវ៉ាង យី។ រូបភាព៖ ក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៣១ ខែមីនា បានថ្លែងថា អាម៉េរិក និងប្រទេសលោកខាងលិច គួរតែចាប់ផ្តើមការទទួលខុសត្រូវដ៏ចម្បងរបស់ខ្លួន ក្នុងការអភិវឌ្ឍអាហ្វហ្កានីស្ថានឡើងវិញ និងបញ្ឈប់ការបង្កកទ្រព្យសម្បត្តិ ដែលមានទំហំជាច្រើនពាន់លានដុល្លារ។ បើតាមលោក វ៉ាង ការប៉ុនប៉ងបង្កើតភាពវឹកវរនៅអាហ្វហ្កានីស្ថាន និងបំផ្លាញស្ថិរភាពក្នុងតំបន់ នឹងត្រូវបដិសេធ។ 

 
រដ្ឋមន្រ្តីការបរទេសចិន លោក វ៉ាង យី នៅថ្ងៃទី៣១ ខែមីនា បានធ្វើជាប្រធានកិច្ចប្រជុំពាក់ព័ន្ធនឹងបញ្ហានៅអាហ្វហ្កានីស្ថានលើកទីបី ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន អ៊ីរ៉ង់ រុស្ស៊ី តួកម៉េនីស្ថាន អ៊ូសបេគីស្ថាន និងរដ្ឋមន្រ្តីយុត្តិធម៌តាហ្ស៊ីគីស្ថាន។ ជំនួប ដែលរៀបចំនៅក្រុង Huangshan ខេត្ត Anhui បានផ្តោតអាទិភាពលើការផ្តល់ជំនួយមនុស្សធម៌ និងផ្តល់ដំណោះស្រាយក្នុងការកែប្រែសមត្ថភាពរបស់ប្រទេសមួយនេះឱ្យមានការអភិវឌ្ឍប្រកបដោយឯករាជ្យ។ 
 
ក្នុងជំនួបនោះ រដ្ឋមន្រ្តីការបរទេសចិន បានជំរុញឱ្យអាម៉េរិក និងសម្ព័ន្ធមិត្តបញ្ឈប់ការបង្កកទ្រព្យអាហ្វហ្កានីស្ថាន និងស្តារសេដ្ឋកិច្ចប្រទេសមួយនេះឡើងវិញ បន្ទាប់ពីដកទ័ពចេញកាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅ។ 
 
«អាម៉េរិក និងសម្ព័ន្ធយោធាណាតូ គួរតែចាប់ផ្តើមការទទួលខុសត្រូវដ៏ចម្បងរបស់ខ្លួនសម្រាប់ការស្តារ និងអភិវឌ្ឍអាហ្វហ្កានីស្ថាន រួមទាំងផ្តល់ទ្រព្យសម្បត្តិដល់ប្រជាជនអាហ្វហ្កានីស្ថានវិញ»។ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ការប៉ុនប៉ងបង្កភាពវឹកវរនៅអាហ្វហ្កានីស្ថាន រួមទាំងបំផ្លាញស្ថិរភាពក្នុងតំបន់ នឹងត្រូវច្រានចោល។ 
 
បើតាមលោកវ៉ាង ការដោះស្រាយចំពោះបញ្ហាអាហ្វហ្កានីស្ថានទាមទារឱ្យមានគតិបណ្ឌិត និងការខិតខំរួមគ្នា។ ក្នុងន័យនេះ មន្រ្តីជាន់ខ្ពស់ចិនរូបនេះ បានជំរុញឱ្យរដ្ឋមន្រ្តីដែលចូលរួមក្នុងជំនួប ចូលរួមផ្តល់ដំណោះស្រាយដល់ប្រទេសជិតខាង ដើម្បីបង្កើតអនាគត និងសន្តិភាពនៅអាហ្វហ្កានីស្ថាន។ 
 
ស្របគ្នានោះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិសហការជាមួយរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដែលដឹកនាំដោយក្រុមតាលីបង់ និងដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីឈានទៅរកការទទួលស្គាល់រដ្ឋាភិបាលអាហ្វហ្កានីស្ថានដោយអង្គការសហប្រជាជាតិ។ 
 
មិនតែប៉ុណ្ណោះ រដ្ឋមន្រ្តីនៃបណ្តាប្រទេសជិតខាងអាហ្វហ្កានីស្ថាន បានឯកភាពរួមគ្នាលើចំណុចលើចំណុចចំនួន ៨ ក្នុងនោះមានដូចជា គោរពឯករាជ្យភាព អធិបតេយ្យ និងបូរណភាពដែនដី, ទទួលស្គាល់កិច្ចខិតខំរបស់រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្កានីស្ថាន, បង្ហាញក្តីបារម្ភជុំវិញបញ្ហាភេរវកម្ម, បង្ហាញក្តីបារម្ភពីបញ្ហាមនុស្សធម៌ និង អំពាវនាវឱ្យភាគីអាហ្វហ្កានីស្ថានទាំងអស់ចូលតុចរចាជាដើម។
 
សូមបញ្ជាក់ថា បន្ទាប់ពីឡើងត្រលប់មកកាន់អំណាចនៅខែសីហា ឆ្នាំ២០២១ ក្រុងតាលីបង់ ត្រូវបានបណ្តាប្រទេសលោកខាងលិចដាក់ទណ្ឌកម្ម និងបង្កកទ្រព្យសម្បត្តិធនាគារកណ្តាលអាហ្វហ្កានីស្ថាននៅបរទេស ដែលមានតម្លៃជាច្រើនពាន់លានដុល្លារ។ ទណ្ឌកម្មទាំងនោះ បានធ្វើឱ្យស្ថានភាពអាហ្វហ្កានីស្ថាន កាន់តែលំបាកថែមទៀត។
 
តាមការបញ្ជាក់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស អាហ្វហ្កានីស្ថានបានប្រឈមវិបត្តិមនុស្សធម៌ ដោយប្រជាជនចំនួន ៥៥ភាគរយ ប្រឈមនឹងវិបត្តិអសន្តិសុខស្បៀង ខណៈកុមារឃ្លានរហូតដល់ស្លាប់មានស្ទើរជារៀងរាល់ថ្ងៃ។ បន្ថែមពីនេះ ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួន បានបាត់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារថែមទៀត៕
 

Tag:
 ចិន
  អាម៉េរិក
  អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com