អន្តរជាតិ
កោះសូឡូម៉ុន ប្រកាសមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធានៅក្នុងដែនដីខ្លួនឡើយ
01, Apr 2022 , 10:29 pm        
រូបភាព
លោកលី ខឹឈាំង នាយករដ្ឋមន្រ្តីចិន ជាមួយសមភាគីកោះសូឡូម៉ុន លោក Manasseh Sogavare។ រូបភាព៖ AFP
លោកលី ខឹឈាំង នាយករដ្ឋមន្រ្តីចិន ជាមួយសមភាគីកោះសូឡូម៉ុន លោក Manasseh Sogavare។ រូបភាព៖ AFP
កោះសូឡូម៉ុន នៅថ្ងៃទី១ ខែមេសា បានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិន នៅលើដែនដីរបស់ខ្លួនឡើយ ស្របពេលរដ្ឋាភិបាលកោះមួយនេះ រងការរិះគន់ពីបណ្តាប្រទេសមួយចំនួន ជុំវិញកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។

 
រដ្ឋាភិបាលកោះសូឡូម៉ុន បានរងការរិះគន់ពីសំណាក់អូស្រ្តាលី និងនូវែលសេឡង់យ៉ាងខ្លាំង ដោយសារបារម្ភពីការដាក់មូលដ្ឋានទ័ពរបស់ចិន នៅដែនកោះមួយនេះ តាមរយៈកិច្ចព្រមព្រៀងសន្តិសុខ។ កោះសូឡូម៉ុន និងចិន បានចុះកិច្ចព្រមព្រៀងសន្តិសុខ នៅថ្ងៃទី៣១ ខែមីនា។
 
ស្របពេលរងការរិះគន់បែបនេះ ការិយាល័យនាយករដ្ឋមន្រ្តីកោះសូឡូម៉ុន លោក Manasseh Sogavare បានបញ្ជាក់ជាថ្មីថា កិច្ចព្រមព្រៀងសន្តិសុខ មិនបានអញ្ជើញចិនឱ្យរៀបចំមូលដ្ឋានយោធានៅដែនកោះរបស់ខ្លួនឡើយ។ 
 
«រដ្ឋាភិបាល បានដឹងពីផលវិបាកនៃការទទួលមូលដ្ឋានយោធា»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្រ្តីកោះសូឡូម៉ុន ដោយបន្ថែមថា រដ្ឋាភិបាល នឹងមិនខ្វះការប្រុងប្រយ័ត្នលើគំនិតផ្តួចផ្តើមបែបនោះឡើយ។ 
 
តាមរយៈសេចក្តីព្រាកិច្ចព្រមព្រៀងសន្តិសុខ ដែលបានបែកធ្លាយនៅសប្តាហ៍មុន ចិនអាចបញ្ជូនកម្លាំងសន្តិសុខ និងទ័ពជើងទឹកមកប្រជុំកោះនេះបាន ក្នុងករណីមានវិបត្តិផ្ទុះឡើង។ មិនតែប៉ុណ្ណោះ នាវាចិនអាចធ្វើដំណើរ ឬឆ្លងកាត់កោះសូឡូម៉ុន។ កោះសូឡូម៉ុន ក៏អាចស្នើសុំកម្លាំងប៉ូលិសពីចិន ដើម្បីថែរក្សាសណ្តាប់ធ្នាប់សង្គម ហើយកម្លាំងយោធាចិន ក៏ត្រូវបានអនុញ្ញាតឱ្យការពារប្រជាជនខ្លួន និងគម្រោងធំៗនៅកោះសូឡូម៉ុនផង។ 
 
កិច្ចព្រមព្រៀងសន្តិសុខនេះ ត្រូវបានបណ្តាប្រទេសមួយចំនួន ព្រមានថា អាចធ្វើឱ្យតំបន់សមុទ្រប៉ាស៊ីហ្វិក ក្លាយជាតំបន់ប្រកួតប្រជែងរវាងចិន និងអាម៉េរិក។ ប្រធានាធិបតីមីក្រូណេស៊ី លោក David Panuelo នៅថ្ងៃទី៣១ ខែមីនា បានសរសេរលិខិតទៅមេដឹកនាំកោះសូឡូម៉ុន ដោយជំរុញ កុំចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។ បើតាមប្រធានាធិបតីរូបនេះ កិច្ចព្រមព្រៀងសន្តិសុខនោះ អាចធ្វើឱ្យតំបន់សមុទ្រប៉ាស៊ីហ្វិក ធ្លាក់ក្រោមការប្រកួតប្រជែងរវាងក្រុងវ៉ាស៊ីនតោន និងប៉េកាំង។ 
 
រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក Peter Dutton ក្នុងថ្ងៃទី១ ខែមេសា បានលើកឡើងថា លោកគោរពទស្សនរបស់នាយករដ្ឋមន្រ្តីសូឡូម៉ុន ប៉ុន្តែលោកបានជំរុញឱ្យប្រជុំកោះមួយនេះ មានការប្រុងប្រយ័ត្ន។ បើតាមរដ្ឋមន្រ្តីការពារជាតិរូបនេះ ចិន បានកសាងមូលដ្ឋានយោធានៅសមុទ្រចិនខាងត្បូងចំនួន ២០កន្លែង បើទោះកន្លងមកក្រុងប៉េកាំងបានប្រាប់ក្រុងវ៉ាសីនតោន មិនធ្វើយោធូបនីយកម្មនៅតំបន់សមុទ្រនោះក៏ដោយ។ 
 
ក្នុងន័យនេះ ប្រមុខការពារជាតិអូស្រ្តាលី បានបារម្ភថា ចិនអាចប្រើគំរូដដែលនេះ ដើម្បីកសាងមូលដ្ឋានយោធានៅតំបន់សមុទ្រប៉ាស៊ីហ្វិក។ លោក Dutton បានបន្តថា ចិន នៅក្នុងឆ្នាំ២០១៨ ក៏ធ្លាប់ស្នើអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹកប៉ាពូអាស៊ីនូវែលហ្គីណេដែរ ប៉ុន្តែអូស្រ្តាលីសម្រេចអភិវឌ្ឍជំនួសវិញ។ 
 
មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងសន្តិសុខនេះ ក៏អាចបង្កឱ្យមានការតវ៉ាពីសំណាក់ប្រជាជន ដែលភាគច្រើនរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ នៅកោះផងដែរ។ នៅក្នុងខែវិច្ចិកា ឆ្នាំ២០២១ កន្លងទៅ ក្រុមបាតុករបានផ្ទុះឡើង និងបានបំផ្លាញកម្មសិទ្ធិរបស់អាជីវករចិន និងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះជាច្រើន។ កាលនោះ បាតុករ តវ៉ាដោយសាររដ្ឋាភិបាលសូឡូម៉ុនទទួលស្គាលរដ្ឋាភិបាលក្រុងប៉េកាំង និងផ្តាចទំនាក់ទំនងជាមួយក្រុងតៃប៉ិ។ 
 
ដោយមានរិះគន់ពីកិច្ចព្រមព្រៀងសន្តិសុខអាចធ្វើឱ្យប៉ះពាល់ក្នុងតំបន់ ក្រសួងការបរទេសចិន ក្នុងថ្ងៃទី៣១ ខែមីនា បានចេញមុខការពារថា កិច្ចសហប្រតិបត្តិការសន្តិសុខរវាងកោះសូឡូម៉ុន និងចិន មិនបានផ្តោតគោលដៅលើភាគីទីបីឡើយ ហើយក៏មិនចង់មានជម្លោះជាមួយប្រទេសណាមួយដែរ។ ក្រសួងការបរទេសចិន បានបកស្រាយថា កិច្ចព្រមព្រៀងនោះ​ ផ្តោតលើសណ្តាប់ធ្នាប់សង្គម ការការពារជីវិតប្រជាជន និងទ្រព្យសម្បត្តិ និងឆ្លើយតបគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះ៕ 
 

Tag:
 សូឡូម៉ុន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com