ការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា នឹងមានសក្ដានុពលដ៏អស្ចារ្យ សម្រាប់ភាពជោគជ័យ ខណៈដែលវិស័យភស្តុភារ (Logistics) នៅក្នុងប្រទេសកម្ពុជា បានងាកទៅរកប្រព័ន្ធឌីជីថល។ នេះបើតាមការបញ្ជាក់ របស់សហគ្រិនបច្ចេកវិទ្យាមួយរូបនេះ ដែលបាន និងកំពុងធ្វើនវានុវត្តន៍កម្មវិធីបច្ចេកវិទ្យាទំនើបនៅក្នុងវិស័យ ភស្តុភារ (Logistics) នេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។
លោក កែវ រស្មី គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃក្រុមហ៊ុន ឧទ័យ ថេកណឡជី (UDAYA Technology) ដែលលោកបានបង្កើតឡើងតាំងពីឆ្នាំ២០១០ មកម្ល៉េះ។ លោកជានិស្សិតដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក កែវ រស្មី បានប្រឡូកក្នុងវិស័យការងារនៅស្ថាប័ន ឯកជនពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦។ ប៉ុន្តែដោយសារតែលោកជាមនុស្សម្នាក់ដែលចូលចិត្តស្វែងរកមធ្យោបាយនានាដើម្បីចូលរួមចំណែកដល់សង្គម លោកក៏បានក្លាយជាសហគ្រិន រហូតឈានដល់ការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យា ឧទ័យ នេះឡើងក្នុងឆ្នាំ ២០១០។
លោក កែវ រស្មី បានរៀបរាប់ពីដំណើរដ៏វែងឆ្ងាយ នៃការបង្កើតក្រុមហ៊ុនបច្ចេកវិទ្យានេះឡើង ជាមួយនឹងបេសកកម្ម ក្នុងការក្លាយជាដៃគូទំនើបកម្មបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍សម្រាប់ទាំងអស់គ្នា។ លោក មានប្រសាសន៍ថា៖ «អ្វីៗទៅមុខដូចដែលយើងបានធ្វើតាមផែនការ ប៉ុន្តែនៅពេលយើងដំណើរការ វាលំបាកខ្លាំងណាស់ ដោយសារដំបូងៗ យើងមានបុគ្គលិកតិចនាក់បំផុត យើងខំទាំងត្រដាបត្រដួស ដោយសារតែពេលនោះវាជាលើកដំបូង ដែលយើងឈានជើងចូលក្នុងវិស័យបច្ចេកវិទ្យា ហើយយើងក៏មិនសូវទទួលបានអតិថិជនច្រើនប៉ុន្មានដែរ។»
ដំបូងឡើយ ក្រុមហ៊ុន ឧទ័យ ថេកណឡជី មានបុគ្គលិកត្រឹមតែ ១២នាក់ប៉ុណ្ណោះ ដោយលោក រស្មី គឺជាអ្នកគ្រប់គ្រងទូទៅ ដែលសកម្មក្នុងប្រតិបត្តិការរបស់ក្រុមហ៊ុន រីឯស្ថាបនិក និងវិនិយោគិនផ្សេងទៀតជា «ដៃគូមិនចេញមុខ»។ នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន ឧទ័យ ថេកណឡជី បានពង្រីកប្រតិបត្តិការរបស់ខ្លួន រហូតមានបុគ្គលិកជិត៧០នាក់ ដែលភាគច្រើនជាយុវជនវ័យក្មេងៗ មានទេពកោសល្យ និងប្រកបដោយថាមពល ឧទ័យ ថេកណឡជី ក៏មានការិយាល័យកណ្តាលធំទូលាយសមរម្យ ដែលស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក កែវ រស្មី មានប្រសាសន៍ថា ខណៈពេលដែលបច្ចេកវិទ្យាបានក្លាយជាផ្នែកមួយដ៏សំខាន់នៃសង្គម កម្ពុជា សក្ដានុពលមានគ្រប់ទិដ្ឋភាព និងគ្រប់វិស័យ ដូច្នេះ "ចក្ខុវិស័យរបស់យើងគឺរួមចំណែកធ្វើឱ្យសង្គម និងជីវិតសហគមន៍កាន់តែប្រសើរឡើង តាមរយៈបច្ចេកវិទ្យាទំនើប"។
ដោយមានបទពិសោធន៍ដ៏សម្បូរបែបនៅក្នុងទីផ្សារ គួបផ្សំនឹងកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវនិងអភិវឌ្ឍន៍ក្នុងរយៈពេលមួយទស្សវត្សកន្លងមកនេះ ក្រុមហ៊ុន ឧទ័យ ថេកណឡជី ជឿជាក់លើសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់ការអភិវឌ្ឍន៍សង្គមតាមរយៈសមាហរណកម្មនៃបច្ចេកវិទ្យាដែលអាចជួយឱ្យសង្គមទទួលបានអត្ថប្រយោជន៍ អតិបរមាពីសម័យឌីជីថលរូបនីយកម្ម។ លោកនាយកគ្រប់គ្រងបានបន្ថែមទៀតថា៖ «ឌីជីថរូបនីយកម្ម គឺផ្ដល់ប្រយោជន៍ច្រើនណាស់ដល់យើងទាំងអស់គ្នា ហើយនេះគឺជាអ្វីដែលយើងកំពុងធ្វើសព្វថ្ងៃនេះ ហើយវាក៏ជាទស្សនវិស័យរៀងរាល់ថ្ងៃរបស់យើងផងដែរ។»
ក្របខណ្ឌសេដ្ឋកិច្ចឌីជីថល និងគោលនយោបាយសង្គម (២០២១-២០៣៥) របស់រាជរដ្ឋាភិបាល មានសារសំខាន់ក្នុងការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាធ្វើសមាហរណកម្មនៅក្នុងសង្គមឌីជីថល ហើយដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ បានរំខានដល់មជ្ឈដ្ឋានសង្គមកន្លងមក ការប្រើប្រាស់បច្ចេកវិទ្យាបានក្លាយជាផ្នែកដ៏សំខាន់នៅគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិត និងនិន្នាការឆ្ពោះទៅរកបច្ចេកវិទ្យាដែលកំពុងបង្កើនល្បឿន និងលើសពីការរំពឹងទុក។
ក្រុមហ៊ុន ឧទ័យ ថេកណឡជី កំពុងផ្តោតសំខាន់ទៅលើការច្នៃប្រឌិតនិងធ្វើទំនើបកម្មកម្មវិធីឌីជីថល ដើម្បីបម្រើវិស័យផ្សេងៗ និងធ្វើការផ្សព្វផ្សាយឱ្យប្រជាជនកាន់តែយល់ដឹងកាន់តែច្បាស់អំពីបច្ចេកវិទ្យា។
ជាមួយនឹងកម្មវិធីវេជ្ជសាស្ត្រអេឡិចត្រូនិករបស់ខ្លួន ឧទ័យ ថេកណឡជី សង្ឃឹមថានឹងជួយជំរុញវិស័យ សុខាភិបាលឱ្យមានសក្ដានុពលពេញលេញ ដោយមានការគាំទ្រពីកម្មវិធីឌីជីថលរបស់ខ្លួន។ នៅពេលកកើតដំបូងៗ ឧទ័យ ថេកណឡជី ផ្តោតសំខាន់ទៅលើវិស័យសុខាភិបាល ដោយសារសក្តានុពលដ៏ខ្លាំងក្លានៃវិស័យនេះ ហើយនៅពេលនោះ លោក កែវ រស្មី បានតាំងចិត្តយ៉ាងមុតមាំថា នឹងធ្វើឱ្យវិស័យនេះមានការផ្លាស់ប្ដូរ។
សហគ្រិនវ័យ៤០ឆ្នាំរូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖ «អ្វីដែលខ្ញុំមើលឃើញកាលពីឆ្នាំ២០១០ គឺថា មានការត្អូញត្អែរជាច្រើនអំពីវិស័យសុខាភិបាលនៅកម្ពុជា។ ខ្ញុំបានសួរខ្លួនឯងថា ក្នុងនាមជាសហគ្រិនម្នាក់ តើខ្ញុំអាចប្រើចំណេះដឹងរបស់ខ្ញុំយ៉ាងដូចម្ដេច ដើម្បីរួមចំណែកជួយដល់សង្គមរបស់យើង ? ដូច្នេះហើយទើបខ្ញុំចាប់ផ្ដើមបេសកកម្មមួយដើម្បីជួយដោះស្រាយបញ្ហាទាំងនេះ ដោយប្រើចំណេះដឹងរបស់ខ្ញុំ និងបច្ចេកវិទ្យា ដើម្បីបង្កើតប្រព័ន្ធកត់ត្រាវេជ្ជសាស្ត្រដ៏ល្អនិងរឹងមាំមួយ។»
លោក រស្មី បានបន្ថែមថា៖ «ខ្ញុំជឿជាក់ថា ប្រសិនបើមន្ទីរពេទ្យនិងគ្លីនិកទាំងអស់មានប្រព័ន្ធគ្រប់គ្រងល្អ ពួកគេនឹងអាចកែលម្អប្រសិទ្ធភាពនិងប្រសិទ្ធផលការងាររបស់ខ្លួន ដោយសារវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យនឹងមានភាពងាយស្រួលក្នុងការបំពេញការងាររបស់ខ្លួន។ យើងនាំយកបទពិសោធន៍ថ្មីមកជូនវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យសម្រាប់ការបំពេញការងាររបស់ពួកគេ ព្រមទាំងកែលម្អប្រតិបត្តិការធុរកិច្ចរបស់មន្ទីរពេទ្យនិងគ្លីនិក ឱ្យកាន់តែមានប្រសិទ្ធភាព ប្រសិទ្ធផល និងលឿនរហ័សជាងមុន។»
ប្រព័ន្ធកំណត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិក (EMR) របស់ ក្រុមហ៊ុន ឧទ័យ ថេកណឡជី ដែលដំបូងឡើយអាចកត់ត្រាត្រឹមតែឈ្មោះ និងអាយុរបស់អ្នកជំងឺប៉ុណ្ណោះ ឥឡូវនេះ ត្រូវបានធ្វើនវានុវត្តន៍កាន់តែទំនើប ហើយកំពុងត្រូវបានប្រើប្រាស់ដោយមន្ទីរពេទ្យ និងគ្លីនិកជាង៤០ (ទាំងរដ្ឋ និងឯកជន) ដែលភាគច្រើនជាមន្ទីរពេទ្យ ដែលមានកេរ្តិ៍ឈ្មោះល្បី ស្ថិតនៅក្នុងទីក្រុងភ្នំពេញ ហើយក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុនកំពុងតែរៀបចំគម្រោង ពង្រីកការដាក់ពង្រាយកម្មវិធីឌីជីថលនេះ ទៅតាមបណ្ដាខេត្តជាច្រើនទៀត ដើម្បីឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែមានភាពរីកចម្រើន ស្របតាមឌីជីថលភាវូបនីយកម្ម។
ស្របពេលជាមួយគ្នានេះផងដែរ ជំងឺរាតត្បាតសាកលកូវីដ-១៩ បានជំរុញកំណើនយ៉ាងគំហុកនៅក្នុងឧស្សាហកម្មភស្តុភារនៅកម្ពុជា ហើយក្រុមហ៊ុន ឧទ័យ ថេកណឡជី បានទាញយកអត្ថប្រយោជន៍ពីការរីកចម្រើនយ៉ាងឆាប់រហ័សនេះ តាមរយៈបច្ចេកវិទ្យារបស់ខ្លួន ដោយពង្រីកវិសាលភាពនៃការបម្រើ សេវាកម្មរបស់ខ្លួនទៅក្នុងវិស័យភស្តុភារផងដែរ។ លោក កែវ រស្មី បានលើកឡើងថា៖ «សេវាកម្មនិងវិស័យ ភស្តុភារនៅក្នុងប្រទេសកម្ពុជា កំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយយើងមានមោទកភាព ដែលបានដើរតួនាទីសំខាន់ នៅក្នុងចំណែកនៃកំណើននេះ។ យើងមានសុទិដ្ឋិនិយមថា សង្គមកម្ពុជា នឹងងាកទៅរកការប្រើប្រាស់បច្ចេកវិទ្យាច្រើនជាងនេះថែមទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយយើងកំពុងខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីជំរុញនិន្នាការនេះ។»
សព្វថ្ងៃ ក្រុមហ៊ុន ឧទ័យ ថេកណឡជី កំពុងផ្ដល់កម្មវិធីឌីជីថល និងជួយសម្រួលដល់ចរាចរណ៍កញ្ចប់បញ្ញើជាង ៣លានកញ្ចប់ តាមរយៈបច្ចេកវិទ្យាឌីជីថលភស្តុភាររបស់ខ្លួន ក្នុងមួយខែៗ ដែលជាតួលេខបានកើនឡើងបួនដង បើធៀបនឹងតួលេខក្នុងឆ្នាំ២០២០។
លោក រស្មី បានបន្ថែមយ៉ាងដូច្នេះថា៖ «ការចូលរួមរបស់ ឧទ័យ ថេកណឡជី នៅក្នុងវិស័យសុខាភិបាល និងវិស័យភស្តុភារ មានតម្លៃយ៉ាងធំធេង មិនអាចកាត់ថ្លៃបាន ហើយថែមទាំងផ្ដល់នូវគំនិតថ្មីៗ និងបទពិសោធន៍សំខាន់ៗ ដែលអនុញ្ញាតឱ្យយើង អាចនឹងពង្រីកទៅកាន់វិស័យសក្ដានុពលផ្សេងទៀត។»
លោកបានមានប្រសាសន៍ថា នៅពេលដែលក្រុមហ៊ុនបានចូលជ្រៅ ទៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា ដោយការច្នៃប្រឌិត ប្រព័ន្ធគ្រប់គ្រងឌីជីថលទំនើបៗ និងសម្បូរបែប ដើម្បីផ្តល់សេវាកម្ម ទៅដល់ក្រុមហ៊ុនអាជីវកម្មលើវិស័យជាច្រើនទៀត ដូចជា វិស័យការថែទាំសុខភាព ភស្តុភារ គណនេយ្យ អប់រំ បដិសណ្ឋារកិច្ច និងស្វ័យប្រវត្តិកម្មឧស្សាហកម្ម ព្រមទាំងប្រព័ន្ធផលិតបេតុងឆ្លាតវៃ (Smart Batching Plant) បន្ថែមទៀតផងដែរ៕
(អត្ថបទពាណិជ្ជកម្ម)