ជាតិ
តោះ! ទៅមើលការប្រណាំរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ
02, Apr 2022 , 4:19 pm        
រូបភាព
រូប​​ផ្ដល់​ឱ្យ​
រូប​​ផ្ដល់​ឱ្យ​
ភ្នំពេញ៖ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពង់ស្ពឺ និងសមាគមគោលឿនខេត្តកំពង់ស្ពឺ រៀបចំពិធីប្រណាំងរទេះសាឡីគោលឿនឡើងវិញ បន្ទាប់ពីខកខានអស់រយៈពេល២ឆ្នាំ   ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។  ពិធីប្រណាំងរទេះសាឡីគោលឿន នឹងធ្វើក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២ស្អែកនេះ។

 
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានថ្មីៗថា គោលបំណងនៃការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿន គឺដើម្បីចូលរួមថែរក្សាប្រពៃណីប្រណាំងរទេះគោ ដែលជាអត្តសញ្ញាណរបស់ប្រជាជនក្នុងតំបន់ នៃខេត្តកំពង់ស្ពឺ។ លោក មានជ័យ បន្ថែមថា ប្រជាជនក្នុងភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តែងតែចួបជុំគ្នាប្រណាំងរទេះសាឡីជារៀងរាល់ឆ្នាំ គឺនៅក្រោយរដូវច្រូតកាត់។ 

រូប​​ផ្ដល់​ឱ្យ​
 
ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ ពន្យល់បន្ថែម៖«ទោះតែខាងមន្ទីរវប្បធម៌ខេត្ត មិនជួយជ្រោមជ្រែងគាត់ (សមាគមគោលឿន) ក៏គាត់តែងតែធ្វើរាល់ឆ្នាំដែរ គ្រាន់តែថាគាត់ធ្វើក្នុងទ្រង់ទ្រាយតូច ហើយគាត់ប្រណាំង ដើម្បីភាពសប្បាយក្នុងភូមិ។ ប៉ុន្តែនៅពេលដែលយើង (មន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ) ជួយជ្រោមជ្រែង យើងមានកញ្ចប់ថវិកាបន្តិចបន្តួច សម្រាប់លើកទឹកចិត្តគាត់»។
 
ចំណែកលោក ចាប រ៉ា ដែលជាប្រធានសមាគមគោលឿន ក៏បានប្រាប់សារព័ត៌មានថ្មីៗដែរថា ការប្រណាំងរទេះសាឡីគោលឿននេះ គឺប្រណាំងគោដើរលឿន មិនមែនប្រណាំងគោរត់ ឬក៏បំបោលឡើយ។ ប៉ុន្តែនៅពេលដែលអ្នកបញ្ជារទេះ បង្ខំឱ្យគោដើរលឿន ចង់មិនចង់ គោក្នុងនឹមប្រាកដជាប្រឹងរត់ ឬបោលហើយ។ ទោះជាយ៉ាងណា អ្នកបញ្ជារទេះ នឹងមានបច្ចេកទេសបញ្ជាគោ ឱ្យដើរលឿនតាមបំណង។
 
លោក ចាប រ៉ា ពន្យល់បន្ថែម៖«ក្នុងនឹមតែមួយ តែគោខាងឆ្វេងដើរ ហើយគោខាងស្ដាំ វារត់ឬបោល។ វាមិនប្រទាញប្រទង់គ្នាទេ ព្រោះអ្នកបររទេះ គាត់មានបច្ចេកទេស បញ្ជាគោនោះ ធ្វើយ៉ាងណា ឱ្យអាមួយដើរ ហើយអាមួយទៀតរត់»។ 

រូប​​ផ្ដល់​ឱ្យ​
 
នេះគឺជាឆ្នាំទី៧ហើយ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានចូលរួមសហការនិងជ្រោមជ្រែង ការប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ។ មន្ទីរវប្បធម៌ ក៏នៅតែបន្តជ្រោមជ្រែង ការប្រណាំងរទេះសាឡីគោលឿន ទៅឆ្នាំបន្តបន្ទាប់ទៀត ប្រសិនបើស្ថានភាពអំណោយផល។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស៊ុន មានជ័យ។ 
 
ក្នុងឆ្នាំ២០២២នេះ រទេះគោ ដែលបានចុះឈ្មោះចូលរួមប្រកួត មានចំនួន៣០គូ។ ទោះជាយ៉ាងណា ដល់ថ្ងៃប្រកួតជាក់ស្ដែង អាចមានចំនួនតិចជាង ឬច្រើនជាងនោះ ព្រោះអាចមានការចុះឈ្មោះបន្ត ឬបោះបង់ចោលការប្រកួត។ សម្រាប់ទំហំដី ដែលត្រូវប្រណាំងរទេះសាឡីគោលឿនវិញ ទទឹងមានទំហំប្រមាណ២០០ម៉ែត្រ ឯបណ្ដោយមានប្រវែងប្រមាណ៣០០ម៉ែត្រ។  
 
ក្រៅពីប្រពៃណី ទំនៀមទម្លាប់ប្រណាំងរទេះសាឡីគោលឿន អ្នកភូមិដែកភ្លើង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក៏មានធ្វើពិធីបុណ្យដាលៀន រួមទាំងមានប្រពៃណីប្រចាំខេត្តជាច្រើនទៀតផងដែរ៕


រូប​​ផ្ដល់​ឱ្យ​

 

Tag:
 ប្រពៃណី
  រទេះ
  រទេះសាឡី
  កំពង់ស្ពឺ
  ប្រណាំង
  គោ
© រក្សាសិទ្ធិដោយ thmeythmey.com