ជាតិ
សហគមន៍ការពារធម្មជាតិតាំងយូ គ្រោងយកម្ហូប«បុកគ្រឿងខ្មៅ និងបុកល្ងខ្មៅ»ទទួលទេសចរ
02, Apr 2022 , 5:59 pm        
រូបភាព
ដោយ:
ព្រះវិហារ៖ សហគមន៍ការពារធម្មជាតិតាំងយូ ខេត្តព្រះវិហារ នឹងរៀបចំម្ហូនតំបន់ ដើម្បីទទួលទេសរច ដែលទៅកម្សាន្ត ហើយត្រូវការសេវាកម្មម្ហូបអាហារផ្ទាល់ ពីសហគមន៍។ គោលបំណងនៃការបញ្ចូលសេវាកម្មម្ហូបតំបន់ គឺដើម្បីផ្សព្វផ្សាយផលិតផលតាមតំបន់ និងវប្បធម៌ នៃការបរិភោគរបស់ពលរដ្ឋឱ្យកាន់តែទូលាយ។

 
លោក ចាន់ វណ្ណូ ប្រធានសហគមន៍តាំងយូ ក្នុងខេត្តព្រះវិហារ បានប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្នផ្ទះបាយសហគមន៍ សម្រាប់បម្រើសេវាម្ហូបអាហារ ដល់ភ្ញៀវដោយផ្ទាល់ត្រូវបានសាងសង់រួចរាល់ហើយ។ បើតាមលោក វណ្ណូ ចាប់ពីបង្កើតសហគមន៍នៅឆ្នាំ២០១៥ ទីតាំងនេះ មិនដែលមានផ្ទះបាយនៅក្នុងសហគមន៍នោះទេ ខណៈការបម្រើសេវាម្ហូបអាហារឱ្យភ្ញៀវកន្លងមក គឺសហគមន៍ ធ្វើនៅតាមគ្រួសារប៉ុណ្ណោះ។  «រោងនោះជាផ្ទះបាយដំបូងបង្អស់ នៅក្នុងសហគមន៍តាំងយូយើង ទើបនឹងធ្វើរួមថ្មីៗ។ នៅក្នុងអំឡុងខែមីនា ឆ្នាំ២០២២ សហគមន៍បានរៀបចំផ្ទះបាយ និងបានបង្កើតសេវាផ្គត់ផ្គង់អាហារសម្រាប់ភ្ញៀវ ដែលបានមកកម្សាន្ដតាមតម្រូវការ»។ នេះជាការលើកឡើងរបស់ លោក វណ្ណូ។

លោក ចាន់ វណ្ណូ ប្រធានសហគមន៍តាំងយូ ខេត្តព្រះវិហារ
 
ទន្ទឹមនេះ ប្រធានសហគមន៍បានលើកឡើងថា សមាជិកក្នុងសហគមន៍ បានរៀបចំ និងទទួលភ្ញៀវជារៀងរាល់ថ្ងៃ ទោះបីជាផ្ទះបាយនេះ ទើបនឹងធ្វើរួចរាល់ និងមិនទាន់មានសម្ភារគ្រប់គ្រាន់ក្តី។ លោកលើកឡើងថា៖ «យើងទើបធ្វើហើយពីរបីថ្ងៃមុននេះ  មានសម្ភារខ្លះ មិនទាន់បានទិញចូលគ្រប់នៅឡើយ។ តែទោះជាបែបនេះក្តី ពេលភ្ញៀវមកកម្សាន្តហើយត្រូវការម្ហូប ពួកយើងអាចទទួលបានធម្មតា។ ជាកស្ដែងថ្ងៃនេះ មានភ្ញៀវជនជាតិ២នាក់មក នឹងត្រូវការសេវាអាហារភ្លាមៗ យើងអាចបំពេញតម្រូវការបាន។ ខ្ញុំឃើញបែបនេះ ពិតជារីករាយណាស់»។ លោក វណ្ណូ អង្គុយលើកៅអីឈើ ក្នុងសហគមន៍ ជជែកទាំងទឹកមុនញញឹម។ 
 
ជាមួយគ្នានោះ លោកបានបញ្ជាក់បន្ថែមថា ដំណើរការនៃសេវាកម្មម្ហូបអាហារ នៅក្នុងសហគន៍ លោក និងសមាជិកទាំងអស់ បានដាក់បញ្ចូលម្ហូបប្រចាំតំបន់មួយចំនួន ដែលកើតចេញពីជីវភាពពលរដ្ឋរស់នៅទីនេះ ក្នុងនោះមានបុកគ្រឿងខ្មៅ និងបុកល្ងខ្មៅ គឺជាម្ហូបដែលត្រូវបានជ្រើសរើស និងគិតបញ្ចូលមុនគេ។ 


ផ្ទះបាយដំបូង របស់សហគមន៍តាំងយូ
 
«ខ្ញុំមិនទាន់ប្រាកដថា នឹងមានម្ហូបប៉ុន្មានមុខទេ ដែលនឹងត្រូវដាក់បញ្ចូល ទៅក្នុងមុខម្ហូបដែលយើងនឹងយកមកទទួលភ្ញៀវទេ ប៉ុន្ដែម្ហូបអាហារដែលទាក់ទងមួយចំនួន ដែលប្រើផលិតផលសាច់ និងបន្លែធម្មជាតិ យើងបានត្រៀមរួមរាល់ហើយ»។ នេះជាការពន្យល់របស់លោក ចាន់ វណ្ណូ។
 
អ្នកស្រី វ៉ាន់ វ៉ាត់ ជាសមាជិក និងជាចុងភៅសហគមន៍តាំងយូ បានលើកឡើងថា អ្នកស្រី និងសមាជិកផ្សេងទៀត គាំទ្រឱ្យសហគមន៍បង្កើតសេវាកម្មម្ហូបអាហារ សម្រាប់ទេសចរដែលមកកម្សាន្ដនៅទីនោះ។ សម្រាប់អ្នកស្រី វ៉ាន់ វ៉ាត់ សកម្មភាពនេះ អាចជាផ្នែកមួយផ្តល់ការងារ និងជួយបង្កើនប្រាក់ចំណូលបន្ថែមឱ្យសមាជិកសហគមន៍ផងដែរ។
 
ស្រ្តីរូបនេះ ថ្លែងថា អ្វីដែលអ្នកស្រីរីករាយខ្លាំង គឺការដាក់បញ្ចូលបុកគ្រឿងខ្មៅ និងបុកល្ងខ្មៅ ជាម្ហូបប្រចាំតំបន់របស់គាត់ ទៅជាម្ហូបរបស់សហគមន៍ ដែលអាចឱ្យភ្ញៀវបានភ្លក់ និងស្វែងយល់ពីភាពខុសប្លែក ពីតំបន់ផ្សេងៗទៀត។  «ខ្ញុំសប្បាយនៅពេលដឹងថា ម្ហូបសាមញ្ញរបស់ពួកខ្ញុំធ្វើ សម្រាប់គ្រួសារនៅរដូវខ្សត់ម្ហូប បានក្លាយជាអាហារដែលអាចដាក់បញ្ចូល ឱ្យអ្នកមកពីតំបន់ដទៃ បានស្គាល់។ មួយវិញទៀត ខ្ញុំ និងអ្នកផ្សេងទៀត ក៏កំពុងរកច្នៃបន្លែព្រៃក្នុងសហគមន៍ មកផ្សំជាអន្លក់ ឬជាបន្លែដាក់សម្ល ដើម្បីអាចឱ្យភ្ញៀវបានភ្លក់ និងស្គាល់ដែរ»។ នេះជាការលើកឡើងរបស់ អ្នកស្រី វ៉ាត់។

អ្នកស្រីវ៉ាន់ វ៉ាត់ជាសមាជីកនិងជាចុងភៅសហគមន៍តាំងយូ
 
លោក វណ្ណូ ប្រធានសហគមន៍តាំងយូ សង្ឃឹមថា សក្ដានុពលធម្មជាតិ កញ្ចប់សេវាកម្មបូករួមជាមួយម្ហូបអាហារ ដែលសហគមន៍រៀបចំសម្រាប់អ្នកមកកម្សាន្តគ្រប់ៗរូប អាចទាក់ទាញ និងបង្កើតជាការចង់ចាំ ដែលអាចធ្វើឱ្យភ្ញៀវវិលមកលម្ហែនៅទីតាំងនេះម្ដងទៀត។  លោក ចាន់ វណ្ណូ ថ្លែងថា៖ «សព្វថ្ងៃ យើងបម្រើសេវាជូនភ្ញៀវ ដោយចិត្តស្រឡាញ់ ភ្ជាប់ជាមួយធម្មជាតិ និងការលម្ហែបែបសាមញ្ញនៅលើភ្នំត្បែង។ ខ្ញុំ និងសមាជិកទាំងអស់ គិតថា ភ្ញៀវពេលចិត្ត ដោយសារកន្លងមក ភ្ញៀវមុនៗភាគច្រើនបានត្រលប់មកវិញ និងនាំមកជាមួយសមាជីកថ្មីៗផ្សេង ឱ្យមកស្គាល់សហគមន៍នេះជាបន្តបន្ទាប់។ 

ម្អូបបុកគ្រឿងខ្មៅ នៅក្នុងសហគមន៍តាំងយូ
 
ភ្នំត្បែង មានច្រកឡើងទៅលើកំពូលភ្នំ៤ផ្លូវ គឺផ្លូវដំបូកខ្មៅ ស្ថិតនៅប៉ែកខាងកើតភ្នំ មានកាំជណ្ដើរ ១ ០៩២កាំ។ ច្រកផ្លូវតាំងយូ ស្ថិតនៅប៉ែកខាងជើងភ្នំ ផ្លូវនេះជាផ្លូវបុរាណ ត្រូវដើរតាមកំផែង ឬដំណាក់ថ្ម។ ចំណែកច្រកផ្លូវថ្ម៣ដុំ នៅប៉ែកខាងត្បូង ដោយផ្លូវនេះកំពុងទទួលការរៀបចំធ្វើជណ្ដើរដែក ដោយគ្រោងសង់ទំហំទទឹង១ម៉ែត្រ។ រីឯផ្លូវទី៤ គឺច្រកសហគមន៍ចាក់អង្រែ ដែលស្ថិតនៅប៉ែកខាងលិច។
 
តំបន់ការពារធម្មជាតិភ្នំត្បែង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដាក់ចូលជាតំបន់បេតិកភណ្ឌជាតិភ្នំត្បែង នៅថ្ងៃទី១៣ខែកញ្ញា ឆ្នាំ២០១៦។ នៅជុំវិញភ្នំត្បែង មានសហគមន៍ចំនួន៣ គឺសហគមន៍តាំងយូ សហគមន៍ចាក់អង្រែ និងសហគមន៍ដាតាវឹក។ ភាគច្រើនភ្ញៀវទេសចរទៅកម្សាន្តនៅភ្នំត្បែង នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិធំៗ ដូចជាចូលឆ្នាំប្រពៃណីជាតិ និងភ្នំបិណ្ឌជាដើម៕
 


បាយ  និងម្ហូបបុកគ្រឿងខ្មៅ និងបន្លែស្លឹកថ្មឹងក្នុងសហគមន៍
 

Tag:
 ម្ហូបតំបន់
 សហគមន៍តាំងយូ
© រក្សាសិទ្ធិដោយ thmeythmey.com