កីឡាជាតិ
ជាតិ
ភ្នំពេញក្រោន រកបានជ័យជម្នះដំបូង ខណៈការប្រកួតនៅកីឡដ្ឋានស្វាយរៀង ត្រូវបានផ្អាក
03, Apr 2022 , 3:44 pm        
រូបភាព
ការប្រកួតរវាងភ្នំពេញក្រោន និង គិរីវង់សុខសែនជ័យ រូបពី យឹម ហ្គេចហួរ
ការប្រកួតរវាងភ្នំពេញក្រោន និង គិរីវង់សុខសែនជ័យ រូបពី យឹម ហ្គេចហួរ
ម្ចាស់ជើងឯកភ្នំពេញក្រោយ បានឈ្នះគិរីវង់សុខសែនជ័យ នាការប្រកួតនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ ខណៈការប្រកួតរវាង ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ ត្រូវបានផ្អាកប្រកួតត្រឹមតង់ទី១ ដោយលទ្ធផលបណ្ដោះអាសន្ន ០-០ ដោយសារភ្លៀងធ្លាក់ខ្លាំង។ ជំនួបបន្តរវាងក្រុមទាំងនេះ នឹងធ្វើថ្ងៃទី៣ ខែមេសា វេលាម៉ោង៦:៣០ នាទី នៅកីឡដ្ឋានខេត្តស្វាយរៀង។


 
ភ្នំពេញក្រោន បានស្គាល់ជ័យជម្នះ ក្នុងលីគដំបូង នៅការប្រកួតសប្ដាហ៍ទី៥ នៅកីឡដ្ឋាន Smart RSN ដោយយកឈ្នះ លើគិរីវង់សុខសែនជ័ន ក្នុងលទ្ធផល ៦-១ ។ ការប្រកួត នៅក្រោមដំណក់ភ្លៀងខ្លាំងនេះ បង្កការលំបាកខ្លះដល់កីឡាករ។ តែទោះជាយ៉ាងនោះក៏ដោយ Adres Nieto របស់ម្ចាស់ផ្ទះ រកបានដល់ទៅ៣ គ្រាប់ ក្នុងការប្រកួតនេះ ខណៈកីឡាកររបស់ភ្នំពេញក្រោន រកបានម្នាក់១គ្រាប់ រួមមាន ម៉ូស្លីម រកបាន១គ្រាប់ នៅនាទី២៧, Valerii នាទី៦៤ និង Fareed Sadat នៅនាទី៩០ ។
 
ដោយឡែកនៅកីឡដ្ឋានខេត្តស្វាយរៀង ការប្រកួតត្រូវបានផ្អាក ក្រោយពីបញ្ចប់តង់ទី១ នៅក្នុងលទ្ធផល ០-០ ។ ការផ្អាកនេះ ដោយសារភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យកីឡដ្ឋាន មានទឹកដក់ ដែលជាហេតុមិនអាចបន្ដការប្រកួតបាន។ តាមសេចក្ដីប្រកាសដំណឹងរបស់ក្រុមហ៊ុនCPL ការប្រកួតនេះ នឹងត្រូវបន្ដនៅថ្ងៃទី៣ ខែមេសា ដោយគិតចាប់ពីនាទី ដែលត្រូវបានផ្អាកក្រោយចប់តង់ទី១ ។ 

កីឡដ្ឋានខេត្តស្វាយរៀង ពេលកំពុងភ្លៀង
 
ការប្រកួតក្នុងតង់ទីមួយនេះ ព្រះខ័នរាជស្វាយរៀង បានដាក់សម្ពាធយ៉ាងខ្លាំង ទៅលើក្រុមភ្ញៀវ។ ការព្យាយាមស៊ុតជាច្រើនជើង របស់ Marcus Harber និងវិសាល របស់ព្រះខ័នរាជ ស្វាយរៀង មិនអាចទម្លាយសំណាញ់ទី របស់ ស៊ុយ យ៉ាទី បានទេ។ ម្យ៉ាងវិញទៀត ជា សុខម៉េង របស់ណាហ្គាវើលដ៍ បានរារាំងការស៊ុតរបស់កីឡាករព្រះខ័នរាជស្វាយរៀង បានជាច្រើនគ្រាប់ ដែលជាហេតុធ្វើឲ្យលទ្ធផលតង់ទីមួយនេះ បញ្ចប់ទៅដោយមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ។
 
នៅពេលជាមួយគ្នានេះ វិសាខា បានចាញ់ក្រុមភ្ញៀវ បឹងកេត ក្នុងលទ្ធផល ១-២ នៅកីឡដ្ឋានព្រីនស៍។ ម្ចាស់ផ្ទះវិសាខា បាននាំមុខក្រុមភ្ញៀវមុន ដោយកីឡាករ ឱក សុវណ្ណ នៅនាទី៣៣ ហើយបឹងកេតតាមស្មើវិញ ដោយកីឡាករ ម៉ាត់ ណូរុន នៅនាទី៤៤ ។ ចូលដល់តង់ទី២ សៀង ចន្ធា របស់បឹងកេត បន្ថែមមួយគ្រាប់នៅនាទី៦៥ តាមរយៈការសម្រុកវាយបកវិញ ក្រោយកីឡាករមួយរូបរបស់វិសាខា ស៊ុតចំបង្គោលទីបឹងកេត រួចឡងមកក្រោយវិញ ហើយទទួលបានការវាយបកយ៉ាងរហ័សពី ម៉ាត់ ណូរុន និង ចន្ធា ។ លទ្ធផលបញ្ចប់តង់ បឹងកេត ឈ្នះម្ចាស់ផ្ទះ ១-២ ។
 
អង្គរថាយហ្គឺរ បានស្វាយគមន៍ភ្ញៀវ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានហនុមាន។ ម្ចាស់ផ្ទះអង្គរថាយហ្គឺរ បានយកឈ្នះ ក្លិបទ័ព ក្នុងលទ្ធផល ៥-៤ ៕
 

Tag:
 បាល់ទាត់
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com