អន្តរជាតិ
សង្ខេបព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗប្រចាំសប្តាហ៍​​​​​​​​​​​​
03, Apr 2022 , 4:44 pm        
រូបភាព
ក្នុងសប្តាហ៍ថ្មី ជម្លោះអ៊ុយក្រែន-រុស្ស៊ី នៅតែបន្តប្រធានបទដ៏ក្តៅ ខណៈតំណាងប្រទេសទាំងពីរនៅតែបន្តចរចា។ ស្របគ្នានេះ បណ្តាប្រទេសលោកខាងលិច នៅតែបន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ដើម្បីបញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន។ ទន្ទឹមនេះ មេដឹកនាំកូរ៉េខាងជើង បានប្តេជ្ញាពង្រឹងអំណាចយោធាបន្ថែមទៀត ដើម្បីការពារប្រទេស។ មិនតែប៉ុណ្ណោះ មេដឹកនាំនៃបណ្តាប្រទេសជិតខាងអាហ្វហ្កានីស្ថាន បានជួបជុំគ្នានៅចិន ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយឱ្យអាហ្វហ្កានីស្ថាន ដែលកំពុងមានបញ្ហាជាច្រើន។


ថ្ងៃទី២៨ ខែមីនា

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ប្តេជ្ញានឹងជំរុញអំណាចយោធាប្រទេសឱ្យបានខ្លាំងក្លា ហើយគ្មានអ្វីអាចបញ្ឈប់បាន។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងចេញផ្សាយបែបនេះ ប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើងសាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបប្រភេទថ្មី Hwasong-17 ដោយជោគជ័យ។

វិមានក្រេមឡាំង បានព្រមានទីក្រុងវ៉ាស៊ីនតោនថា ការលើកឡើងរបស់ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ទាក់ទងអំណាចរបស់ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ជាការបង្ករឿង។ វិមានក្រេមឡាំងក៏បានបញ្ជាក់ថា ខ្លួននឹងតាមដានការឆ្លើយ តបរបស់អាម៉េរិកយ៉ាងយក​ចិត្តទុកដាក់​បំផុត។

ថ្ងៃទី២៩ ខែមីនា

អគ្គលេខាធិការនៃអង្គការរលើកលែងទោសអន្តរជាតិ Agnes Callamard បានប្រដូចសកម្មភាពលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនទៅនឹងសកម្មភាពដែលរុស្ស៊ីបានធ្វើឡើង​ក្នុង​សង្គ្រាមនៅស៊ីរី។ លោកស្រីក៏បារម្ភពីឧក្រិដ្ឋកម្មសង្គ្រាមដែលកំពុងកើតឡើង​ខណៈដែលសង្រ្គាមនៅអ៊ុយក្រែនឆក់យកឱ្យជនស៊ីវិលស្លាប់អស់ជាច្រើនតាំងពីចុងខែកុម្ភៈមក។

នាយករដ្ឋមន្ត្រីកោះសូឡូម៉ុន លោក Manasseh Sogavare បានអះអាងថា ការប្រតិកម្មបែបអវិជ្ជមានលើកិច្ចចរចាសន្តិសុខរវាងកោះសូឡូម៉ុន-ចិន គឺជាការប្រមាថយ៉ាងខ្លាំង។ បើតាមលោកនាយករដ្ឋមន្រ្តី កោះសូឡូម៉ុន នឹងមិនជ្រើសមហាអំណាចណាមួយឡើយ ហើយនៅតែបន្តកិច្ចព្រមព្រៀងសន្តិសុខជាមួយអូស្ត្រាលីដដែល។

ថ្ងៃទី៣០ ខែមីនា

ប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ បានអះអាងថា លោកពេញចិត្តកិច្ចចរចាជាមួយអ៊ុយក្រែន នៅអ៊ីស្តង់ប៊ុល តួកគី។ បើតាមរដ្ឋមន្រ្តីការបរទេសរុស្ស៊ីរូបនេះ បញ្ហាសំខាន់សម្រាប់រុស្ស៊ី គឺធានាថាអ៊ុយក្រែនប្រកាន់អព្យាក្រឹតភាព ជារដ្ឋគ្មានអាវុធនុយក្លេអ៊ែរ និងមិនចូលរួមក្នុងសម្ព័ន្ធយោធាណាតូ។ ស្របគ្នានោះ តំណាងអ៊ុយក្រែន បានបញ្ជាក់ថា លោកមានសុទិដ្ឋិនិយមចំពោះកិច្ចចរចានៅតួកគី។

រដ្ឋមន្ត្រីការបទេសចិន និងរុស្ស៊ី បានប្តេជ្ញាចិត្តកាន់តែខ្លាំងក្នុងការជំរុញទំនាក់ទំនង​ទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ។ មហាអំណាចទាំងពីរ ក៏ជំទាស់នឹង​លោក​ខាង​លិចដែលដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញបញ្ហានៅអ៊ុយក្រែនផងដែរ។

ថ្ងៃទី៣១ ខែមីនា

អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov បានលើកឡើងថា ក្រសួងការបរទេសបរទេស និងមន្ទីរបញ្ចកោណអាម៉េរិក មិនមានព័ត៌មានពិត ជុំវិញរឿងរ៉ាវកើតឡើងនៅក្នុងវិមានក្រេមឡាំងឡើយ។ ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ ធ្វើឡើងបន្ទាប់ពីអង់គ្លេស និងអាម៉េរិក បានអះអាងថា ទីប្រឹក្សាយោធា បានផ្តល់ព័ត៌មានមិនត្រឹមត្រូវដល់លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដោយសារតែការភ័យខ្លាច។

ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយដែល​តម្រូវឱ្យ​ប្រទេសអមិត្ត​ត្រូវតែ​បង់​ជាប្រាក់រូប្លិ៍ក្នុងការទិញថាមពលឧស្ម័នពីរុស្ស៊ីចាប់ពីថ្ងៃទី១ ខែមេសាទៅ។ ក្នុងសុន្ទរកថានៅថ្ងៃទី៣១ ខែមីនា លោក ពូទីន និយាយច្បាស់ៗថា ចំពោះប្រទេស​ណាដែ​ល​មិនទូទាត់តាមការកំណត់នេះ  កិច្ច​សន្យាទិញឧស្ម័នជាមួយក្រុងមូស្គូ នឹងត្រូវបញ្ចប់តែម្ដង។

ថ្ងៃទី១ ខែមេសា

កោះសូឡូម៉ុន នៅថ្ងៃទី១ ខែមេសា បានប្រកាសថា ខ្លួននឹងមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាចិន នៅលើដែនដីរបស់ខ្លួនឡើយ ស្របពេលរដ្ឋាភិបាលកោះមួយនេះ រងការរិះគន់ពីបណ្តាប្រទេសមួយចំនួន ជុំវិញកិច្ចព្រមព្រៀងសន្តិសុខជាមួយចិន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បានអះអាងថា រុស្ស៊ីនឹងបង្កើនការផ្លាស់ប្ដូរពាណិជ្ជកម្មជាមួយឥណ្ឌាដោយមិនប្រើលុយលោកខាងលិច ស្របពេលដែលលោកហៅឥណ្ឌាថា ជាមិត្តភក្តិដែលមិនមើលបញ្ហាអ៊ុយក្រែនតែជ្រុងម្ខាងឡើយ។ អំឡុងទស្សនកិច្ចនៅឥណ្ឌា លោក ឡាវរ៉ូវ ក៏បញ្ជាក់ពីការត្រៀមខ្លួនផ្គត់ផ្គង់ទំនិញតាមតែឥណ្ឌាចង់បានទៀតផង។

ថ្ងៃទី២ ខែមេសា

មន្រ្តីចរចាជាន់ខ្ពស់អ៊ុយក្រែន អះអាងថា ទីក្រុងមូស្គូ បានយល់ព្រមជាសម្ដីលើសំណើរបស់ទីក្រុងកៀវ ដើម្បីឈានទៅបញ្ចប់ការប្រយុទ្ធគ្នា។ នេះជាសញ្ញាវិជ្ជមានមួយក្នុងការចរចារវាងភាគីទាំងពីរ បើទោះជាស្ថានភាពនៅអ៊ុយក្រែនហាក់នៅតែតានតឹងខ្លាំងក្ដី។ ប៉ុន្តែក្នុងសំណើទាំងអស់ រុស្ស៊ី បដិសេធចំណុចទាក់ទងបញ្ហាគ្រីមៀ។

ទីក្រុងបែរឡាំងកំពុងពិចារណាទិញប្រព័ន្ធការពារមីស៊ីលពីអ៊ីស្រាអ៊ែល ឬពីអាម៉េរិកដើម្បីការពារ​ប្រទេសខ្លួនពីការគំរាមកំហែងដោយមីស៊ីលរុស្ស៊ី Iskander ដែលបានដាក់ពង្រាយនៅក្បែរប៉ូឡូញ និង​លីទុយអានី។ ប្រមុខកងទ័ពអាល្លឺម៉ង់បញ្ជាក់បែបនេះក្នុងកិច្ចសម្ពាសជាមួយកាសែតអាល្លឺម៉ង់ Welt am Sonntag។

ថ្ងៃទី៣ ខែមេសា

ប្អូនស្រីមេដឹកនាំកូរ៉េខាងជើងលោកស្រី គីម យ៉ូចុង បានថ្កោលទោស​រដ្ឋមន្ត្រី​ការពារជាតិកូរ៉េខាងត្បូងដែលបានលើកឡើងថា ក្រុងសេអ៊ូលមានសមត្ថភាព​វាយប្រហារជាមុនលើ​គោលដៅណាមួយនៅកូរ៉េខាងជើងបានយ៉ាងត្រឹមត្រូវ ហើយរហ័ស។ លោកស្រី គីម ក៏បានបញ្ជាក់ថា ការលើកឡើងបែនេះ រឹតតែធ្វើឱ្យទំនាក់ទំនងអន្តរកូរ៉េកាន់តែយ៉ាប់យ៉ឺនទៅ និងជាការនាំរឿងដាក់ខ្លួន៕


Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com