កីឡាអន្តរជាតិ
អន្តរជាតិ
EPL៖ Spurs ដណ្តើមបានលេខ៤បណ្តោះអាសន្ន ឯ Man Utd ធ្លាក់ទៅលេខ៧
04, Apr 2022 , 9:52 am        
រូបភាព
Tottenham Hotspur ដណ្តើមបានចំណាត់ថ្នាក់លេខ៤បណ្តោះអាសន្ន ក្រោយយកឈ្នះ Newcastle United ៥-១ ក្នុងការប្រកួត Premier League សប្តាហ៍ទី៣០ នៅយប់ថ្ងៃទី៣ ខែមេសា។ West Ham ដែលឈ្នះ Everton ២-១ រំកិលខ្លួនទៅលេខរៀងទី៦ ខណៈ Manchester United ធ្លាក់ទៅលេខ៧ ដែលប្រឈមមិនបានលេង Champions League រដូវកាលក្រោយ។


៥គ្រាប់របស់ Spurs ធ្វើបានដោយខ្សែការពារ Ben Davies, Matt Doherty, Heung-Min Son, Emerson Steven និង Bergwijn បានជួយក្រុម Spurs របស់ក្រុមលោក Antonio Conte យកឈ្នះសារិកាព្រៃ ៥-១។ មួយគ្រាប់របស់ក្លិបដែលមានម្ចាស់អ្នកមានថ្មី Newcastle  សម្រេចបានដោយ Fabian Schaer។
 
ឈានទៅកាន់ចំណាត់លេខ៤ ដែលជាចំណាត់ថ្នាក់បានកៅអី Champions League ក្រុមមាន់ខ្នាយមាស ត្រួវបន្តប្រជែងតំណែងតំបន់ Top 4 ជាមួយ Arsenal, West Ham, Man Utd និង Wolverhampton Wanderers ដោយមានពិន្ទុប្រដេញគ្នា។
 
ឆ្លងកាត់ការប្រកួត៣០លើក Spurs រកបាន៥៤ពិន្ទុ នាំមុខក្រុមលេខ Arsenal ដែលទើបប្រកួត២៨លើកតែ១ពិន្ទុប៉ុណ្ណោះ។
 
West Ham បានឡើងទៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងលីគកំពូលអង់គ្លេសតាមរយៈការយកឈ្នះ Everton ២-១ ក្នុងជំនួបសប្តាហ៍ទី៣១របស់ពួកគេ។ ក្រុមញញ៉ួរកបាន៥១ពិន្ទុ ពីការប្រកួត៣១លើក។
 
ដោយឡែកបិសាចក្រហម Man Utd ឯណោះវិញ បានធ្លាក់ទៅលេខ៧ ក្រោយពួកគេបានត្រឹមស្មើ Leicester City ១-១។ បិសាចក្រហមរកបាន៥១ពិន្ទុ ស្មើ West Ham តែទើបប្រកួត៣០លើក។ 
 
Wolves បានឡើងទៅលេខរៀងទី៨ តាមរយៈជ័យជម្នះលើ Aston Villa ២-១។ ក្នុង៣១ប្រកួត ក្រុមរហ្សនាមចចករកបាន៤៩ពិន្ទុ មានពិន្ទុប្រដេញគ្នាដើម្បីប្រជែងយកតំណែងលេខ៤ សម្រាប់កៅអីក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ។
 
ក្រុមការពារតំណែងជើងឯក Manchester City នៅរក្សាកំពូលតារាង Premier League ដដែលជាមួយពិន្ទុសរុប៧៣ពិន្ទុ ពិការប្រកួត៣០លើក ប៉ុន្តែតាមពីក្រោយដោយគូប្រជែង Liverpool ដែលមាន៧២ពិន្ទុ។
 
Chelsea បើទោះចាញ់ Brentford ៤-១ ស្ថិតនៅចំណាត់ថ្នាក់ទី៣ជាមួយពិន្ទុសវត្ថិភាព៥៩ពិន្ទុ និងទើបប្រកួត២៩លើក។ Watford, Burnley និង Norwich City ស្ថិតនៅតំបន់ត្រូវកាត់ចោល៕
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com