អន្តរជាតិ
លោក ហ្សេលេនស្គី៖ អ៊ុយក្រែន ត្រូវការប្រទេសខ្លាំងដើម្បីធានាសន្តិសុខរបស់ខ្លួន
04, Apr 2022 , 2:07 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP.jpg
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP.jpg
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានលើកឡើងថា អ៊ុយក្រែនអាចចូលអង្គុយតុចរចាជាមួយរុស្ស៊ី នៅពេលទទួលបានប្រទេសមួយដែលអាចធានាសន្តិសុខរបស់ខ្លួន ទល់នឹងការគំរាម។ បើតាមលោកប្រធានាធិបតីរូបនេះ អ៊ុយក្រែន ត្រូវការប្រទេសដែលខ្លាំង ហើយមានចំណាត់ការឆ្លើយតបច្បាស់លាស់ចំពោះការឈ្លានពាន។



ការធានាសន្តិសុខអ៊ុយក្រែនដោយប្រទេសមួយទៀត ជាសំណើមួយរបស់ទីក្រុងកៀវក្នុងការចរចាជាមួយក្រុងមូស្គូ។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន  CBS នៅថ្ងៃទី៣ ខែមេសា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រមុខរដ្ឋអ៊ុយក្រែន បានបញ្ជាក់ថា មកទល់ពេលនេះ អ៊ុយក្រែន មិនទាន់ទទួលបានប្រទេសធានាសន្តិសុខអ៊ុយក្រែនឡើយ។

ក្នុងកិច្ចចរចាកន្លងមក អ៊ុយក្រែន បានស្នើឱ្យមានប្រទេសធានាសន្តិសុខអ៊ុយក្រែន ស្រដៀងគ្នានឹងគោលការណ៍សន្តិសុខសមូហភាព ដែលមានចែងក្នុងមាត្រា៥ របស់អង្គការណាតូដែរ ដើម្បីបង្ការការឈ្លានពានពីសំណាក់រុស្ស៊ីនាពេលខាងមុខ។


«ខ្ញុំត្រូវការប្រទេសធានាសន្តិសុខដែលខ្លាំង និងស្របច្បាប់...ទាំងអាវុធ, ធនធានមនុស្ស, គោលនយោបាយទណ្ឌកម្ម និងការឆ្លើយតបការឈ្លានពាន»។ ប្រធានាធិបតីអ៊ុយក្រែន បានពន្យល់បែបនេះ។ បើតាមប្រធានាធិបតីរូបនេះ អ៊ុយក្រែន នឹងចូលតុចរចាជាមួយរុស្ស៊ី​ ប្រសិនបើខ្លួនមានប្រទេសធានាសន្តិសុខ ហើយប្រទេសធានាសន្តិសុខអ៊ុយក្រែន អាចមាន ៥ប្រទេស ឬយ៉ាងហោចណាស់ អាចមាន ៣ប្រទេស។

លោក ហ្សេលេនស្គី បានបន្ថែមថា ពេលនេះ អ៊ុយក្រែនចាប់អារម្មណ៍លើការធានាសន្តិសុខជាក់ស្តែង ពោលគឺប្រទេសនោះអាចបញ្ចេញទ័ព និងផ្ដល់ការគាំទ្រដល់អ៊ុយក្រែន។ លើសពីនោះ ប្រទេសដែលធានាសន្តិសុខអ៊ុយក្រែន ត្រូវតែជាប្រទេសគាំទ្រខ្លួន និងអាចជួយអ៊ុយក្រែនក្រោមជំនួយផ្សេងៗ បន្ទាប់ពីមានការឯកភាពគ្នា។

កន្លងមក អ៊ុយក្រែន បានស្នើឱ្យប្រទេសមួយចំនួនធ្វើជាអ្នកធានាសន្តិសុខឱ្យខ្លួន ក្នុងនោះក៏មានអាម៉េរិកផងដែរ។ ក្នុងកិច្ចសម្ភាសដដែលនោះ លោក ហ្សេលេនស្គី បានបញ្ជាក់ថា អាម៉េរិក មិនបានស្នើធ្វើជាប្រទេសធានាសន្តិសុខឱ្យអ៊ុយក្រែនឡើយ។ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋអ៊ុយក្រែនរូបនេះ បានអរគុណដល់ក្រុងវ៉ាស៊ីនតោនដែលបានផ្តល់ជំនួយកន្លងមក ដើម្បីទប់នឹងការឈ្លានពានរបស់រុស្ស៊ី។

តាមរយៈជំនួបនៅតួកគី តំណាងក្រុងកៀវ និងក្រុងមូស្គូ បានសម្រេចផ្លែផ្កាមួយចំនួន ក្នុងនោះមានដូចជាដកទ័ពចេញពីក្រុងកៀវពីសំណាក់ទ័ពរុស្ស៊ី, ការប្រកាន់អព្យាក្រឹតភាព, មិនចូលសម្ព័ន្ធយោធាណាតូ, មិនមានអាវុធនុយក្លែអ៊ែរនៅអ៊ុយក្រែន និងប្រទេសធានាសន្តិសុខសម្រាប់អ៊ុយក្រែន។​

កិច្ចចរចាអ៊ុយក្រែន-រុស្ស៊ី នឹងធ្វើបន្តទៀតនៅថ្ងៃទី៤ ខែមេសា។ នៅថ្ងៃទី២ ខែមេសា កន្លងមក តំណាងចរចាអ៊ុយក្រែន បានអះអាងថា ទីក្រុងមូស្គូ បានយល់ព្រមជាសម្ដីលើសំណើរបស់ទីក្រុងកៀវ ដើម្បីឈានទៅបញ្ចប់ការប្រយុទ្ធគ្នា។ ទន្ទឹមនេះ ភាគីទាំងពីរ ក៏កំពុងត្រួតត្រាយផ្លូវ ដើម្បីរៀបចំជំនួបប្រធានាធិបតីប្រទេសទាំងពីរផងដែរ។

អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitry Peskov ក្នុងថ្ងៃទី៣ ខែមេសា បានប្រាប់ទូរទស្សន៍ Russia-1 ថា ជំនួបលោកពូទីន និងលោក ហ្សេលេនស្គី អាចរៀបចំទៅបាន លុះត្រាតែតំណាងចរចាភាគីទាំងពីរ មានកិច្ចព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុនសិន៕  


© រក្សាសិទ្ធិដោយ thmeythmey.com