កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូហូឡង់ Van Gaal មានជំងឺមហារីកកម្រិតធ្ងន់
04, Apr 2022 , 3:20 pm        
រូបភាព
លោក Louis van Gaal គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់ មានជំងឺមហារីកក្រពេញប្រូស្តាតកម្រិតធ្ងន់ និងស្ថិតក្រោមការតាមដាន និងព្យាបាល។


នៅក្នុងកម្មវិធីទូរទស្សន៍ហូឡង់ Humberto អតីតអ្នកចាត់ការ Manchester United និង Barcelona វ័យ៧០ឆ្នាំរូបនេះ បានបង្ហាញពីរោគវិនិច្ឆ័យរបស់ខ្លួន ជុំវិញបញ្ហាជំងឺមហារីក ទៅកាន់អ្នកទស្សនារាប់លាននាក់។ ទោះស្ថិតក្នុងស្ថានភាពជំងឺ ប៉ុន្តែលោក Van Gaal ប្រកាសថា នឹងនៅតែបន្តតួនាទីជាគ្រូក្រុមជម្រើសជាតិហូឡង់ដដែល។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
 «អំឡុងពេលខ្ញុំធ្វើជាគ្រូក្រុមជម្រើសជាតិ ខ្ញុំត្រូវចាកចេញទាំងយប់ក្រោយការប្រកួត ដើម្បីទៅមន្ទីរពេទ្យ ហើយកីឡាករមិនដែលរកខ្ញុំឃើញទេ ខណៈពួកគេគិតថាខ្ញុំមានសុខភាពល្អ»។ នេះការជាការអះអាងរបស់លោក Van Gaal មុនបន្ថែមថា លោក​មិន​ចង់​ប្រាប់​រឿងនេះ​ដល់​កីឡាករទេ ដ្បិតនឹងជះ​​ឥទ្ធិពល​មិនល្អលើ​ទម្រង់លេង​របស់​ពួក​គេ។
 
ក្នុងបទសម្ភាសនោះអ្នកចាត់ការហូឡង់រៀបរាប់ទៀតថា ជំងឺមហារីកក្រពេញប្រូស្តាតមិនអាចធ្វើឱ្យខ្លួនស្លាប់ទេ បើទោះធ្លាប់ចូលពេទ្យព្យាបាលច្រើនលើកក្តី។ Van Gaal មានទម្រង់ជំងឺធ្ងន់ធ្ងរ ព្រមទាំងទទួលការព្យាបាល២៥ដងរួចមកហើយ។ 
 
Van Gaal ដែលដឹកនាំ Man Utd ២រដូវកាល មុនក្លាយជាគ្រូហូឡង់ឆ្នាំ២០២១ បន្តថា៖ «ខ្ញុំទទួលការព្យាបាលពិសេសនៅក្នុងមន្ទីរពេទ្យ។ ដើម្បីលាក់បាំង ខ្ញុំត្រូវបានអនុញ្ញាតឱ្យចូលតាមទ្វារក្រោយ នៅពេលខ្ញុំណាត់ជួបគ្រូពេទ្យ។ ខ្ញុំទទួលបានការព្យាបាលដ៏អស្ចារ្យពីគ្រូពេទ្យ»។
 
Van Gaal ដែលធ្លាប់មានប្រវត្តិដឹកនាំក្រុមឱ្យលើកពានលីគជាមួយ Barcelona, ​​Ajax Amsterdam, Bayern Munich និង AZ Alkmaar បានជួយជម្រើសជាតិហូឡង់ឈ្នះកៅអីទៅកាន់ FIFA World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ដោយស្ថិតក្នុងពូល A ជាមួយម្ចាស់ផ្ទះ អេក្វាទ័រ និងសេណេហ្គាល់៕
 

Tag:
 Louis van Gaal
© រក្សាសិទ្ធិដោយ thmeythmey.com