អន្តរជាតិ
គណៈរដ្ឋមន្រ្តីស្រីលង្កា លាលែងពីតំណែង ស្របពេលមានបាតុកម្មនៅក្នុងប្រទេស
04, Apr 2022 , 4:07 pm        
រូបភាព
បាតុករស្រីលង្កាកាន់បដាតវ៉ានឹងរដ្ឋាភិបាល នៅថ្ងៃទី៣ ខែមេសា។ រូបភាព៖ AFP
បាតុករស្រីលង្កាកាន់បដាតវ៉ានឹងរដ្ឋាភិបាល នៅថ្ងៃទី៣ ខែមេសា។ រូបភាព៖ AFP
សមាជិកគណៈរដ្ឋមន្រ្តីស្រីលង្កា នៅថ្ងៃទី៣ ខែមេសា បានលាលែងពីតំណែងទាំងអស់  ស្របពេលមានបាតុកម្មនៅក្នុងប្រទេស ជុំវិញវិបត្តិសេដ្ឋកិច្ច បញ្ហាសន្តិសុខស្បៀងអាហារ, ប្រេង និងទំនិញផ្សេងទៀត។ ប្រធានាធិបតី និងនាយករដ្ឋមន្រ្តីស្រីលង្កាដែលជាបងប្អូននឹងគ្នា រក្សាតំណែងដដែល។

 
ស្រីលង្កា កំពុងប្រឈមវិបត្តិខ្វះស្បៀងអាហារ ប្រេង ថ្នាំពេទ្យ រួមទាំងអតិផរណាកើនខ្ពស់បំផុត និងការដាច់ភ្លើងជាញឹកញាប់។ នេះជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ប្រទេសដែលស្ថិតនៅអាស៊ីខាងត្បូងមួយនេះ ចាប់តាំងពីទទួលបានឯករាជ្យពីអង់គ្លេស​ នៅក្នុងឆ្នាំ ១៩៤៨មក។ បញ្ហានេះ បានធ្វើឱ្យប្រជាជនស្រីលង្កាជាច្រើនពាន់នាក់ នៅសប្តាហ៍មុន ចេញមកជួបជុំ និងមិនគោរពបម្រោមគោចរ ដើម្បីទាមទារឱ្យរំសាយគណៈរដ្ឋមន្រ្តី។ ម្យ៉ាងវិញទៀត បាតុកម្មនោះ ក៏អំពាវនាវឱ្យគ្រួសាររ៉ាចាប៉ាក់សា ដែលបានឡើងកាន់អំណាចចាប់ពីឆ្នាំ ២០១៩ ចុះចេញផងដែរ។ 
ស្របពេលមានបាតុកម្ម និងការអំពាវនាវខាងលើ សមាជិកគណៈរដ្ឋមន្រ្តី បានសម្រេចលាលែងពីតំណែង ដើម្បីឱ្យប្រធានាធិបតីស្រីលង្កា ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា អាចរៀបចំគណៈរដ្ឋមន្រ្តីថ្មី។ 
 
«រដ្ឋមន្រ្តីទាំងអស់ បានដាក់លិខិតចុះចេញពីតំណែង»។ លោក Dinesh Gunawardena រដ្ឋមន្រ្តីអប់រំស្រីលង្កា បានថ្លែងបែបនេះទៅកាន់អ្នកសារព័ត៌មាន ដោយបន្ថែមថា រដ្ឋមន្រ្តីចំនួ​ន២៦រូប ក្រៅពីលោកប្រធានាធិបតី និងលោកនាយករដ្ឋមន្រ្តី បានសុំឈប់ពីការងារខ្លួននៅក្នុងកិច្ចប្រជុំ នារាត្រីថ្ងៃទី៣ ខែមេសា។ នាយករដ្ឋមន្រ្តីស្រីលង្កា លោក ម៉ាហ៊ិនដា រ៉ាចាប៉ាក់សា ត្រូវជាបងប្រុសបង្កើតរបស់លោកប្រធានាធិបតី។ 
 
ក្នុងសមាជិកគណៈរដ្ឋមន្រ្តីនោះ សមាជិកគ្រួសាររ៉ាចាប៉ាក់សាចំនួន៣រូប ក៏បានលាលែងពីតំណែងរបស់ខ្លួនផងដែរ មានលោក បាស៊ីល រ៉ាចាប៉ាក់សា រដ្ឋមន្រ្តីហិរញ្ញវត្ថុ, លោក ចាម៉ាល់ រ៉ាចាប៉ាក់សា រដ្ឋមន្រ្តីកសិកម្ម និងលោក​ ណាម៉ាល់ រ៉ាចាប៉ាក់សា រដ្ឋមន្រ្តីកីឡា។ យ៉ាងណាមិញ សមាជិកគណៈរដ្ឋមន្រ្តី ដែលលាលែងមួយចំនួន អាចនឹងត្រូវតែងតាំងឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Guardian។ 
 
លោក ហ្គោតាបាយ៉ា ក៏បានកោះហៅគណបក្សទាំងអស់ ទៅពិភាក្សាពីការបង្កើតរដ្ឋាភិបាលរួបរួមជាតិដើម្បីដោះស្រាយវិបត្តិក្នុងប្រទេសផងដែរ។
 
ចាប់តាំងពីថ្ងៃទី៣១ ខែមីនា មក បាតុករស្រីលង្កា បានជួបគ្នា ដើម្បីតវ៉ានឹងរដ្ឋាភិបាល។ ការជួបជុំនោះ បានធ្វើឱ្យមានការបាញ់ទឹក និងប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមបាតុករ ពីសំណាក់ប៉ូលិស។ មិនតែប៉ុណ្ណោះ ស្រីលង្កាក៏បានប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្ន និងអនុវត្តបម្រាមគោចរថែមទៀត។ ក្នុងបាតុកម្មនេះ មនុស្សយ៉ាងហោចណាស់ ៥០នាក់ បានរងរបួស ខណៈមនុស្សមួយចំនួន ត្រូវបានប៉ូលិសចាប់ខ្លួន៕ 
 

Tag:
 ស្រីលង្កា
  បាតុកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com