អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំពិភពលោកប្រតិកម្មជាបន្តបន្ទាប់ជុំវិញ ការសម្លាប់រង្គាលរបស់រុស្ស៊ីនៅអ៊ុយក្រែន
05, Apr 2022 , 9:10 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
បន្ទាប់ពីកងទ័ពរុស្ស៊ីដកចេញពីតំបន់នៅជុំវិញទីក្រុងកៀវ មន្រ្តីអ៊ុយក្រែន បានអះអាងថា សាកសពប្រជាជនស៊ីវិលចំនួន ៤១០ ត្រូវបានរកឃើញក្នុងតំបន់ជុំវិញនោះ។ គ្រាន់តែក្រុង Bucha មានសាកសពជិត ៣០០នាក់។ ទាក់ទិននឹងបញ្ហានេះ មេដឹកនាំអ៊ុយក្រែន និងមេដឹកនាំបណ្តាប្រទេសផ្សេងទៀត បានចោទរុស្ស៊ីពីបទសម្លាប់រង្គាល និងអំពើឃោរឃៅនៅអ៊ុយក្រែន ដែលទាមទារឱ្យមានទណ្ឌកម្មបន្ថែម និងការស៊ើបអង្កេត។



ការរកឃើញសាកសពមនុស្សជិត៣០០នាក់ នៅទីក្រុង Bucha ភាគពាយ័ព្យរដ្ឋធានីកៀវ កំពុងក្លាយជាប្រធានក្ដៅ ដោយអ៊ុយក្រែនចោទរុស្ស៊ីចំៗថា ប្រព្រឹត្តអំពើសម្លាប់រង្គាល។ នេះបើតាមការបញ្ជាក់ របស់អភិបាលក្រុងកៀវ ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី២ ខែមេសាកន្លងទៅ។ សាកសព មានចងដៃទៅខាងក្រោយ និងរប៉ាត់រប៉ាយ។ យ៉ាងណាមិញ ការចោទប្រកាន់ទាំងនោះ ត្រូវបានរុស្ស៊ីច្រានចោល។

បន្ទាប់ពីមានករណីស្លាប់បែបនេះ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញសិល្បករ និងសិល្បការិនី តាមប្រព័ន្ធវីដេអូ នៅក្នុងកម្មវិធី Grammy Awards ដែលប្រព្រឹត្តនៅក្រុង Las Vegas ឱ្យសរសេររឿងរ៉ាវ ដែលបានកើតឡើងនៅអ៊ុយក្រែន និងស្វែងរកជំនួយ សម្រាប់ដោះស្រាយវិបត្តិមនុស្សធម៌ នៅអ៊ុយក្រែន។

«ប្រាប់ការពិតពីសង្រ្គាមលើបណ្តាញសង្គមរបស់អ្នកលើទូរទស្សន៍ និងតាមវិធីដែលអ្នកអាចធ្វើបាន»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ពេលនោះសន្តិភាព នឹងវិលត្រលប់មកអ៊ុយក្រែនវិញ។

ក្រៅពីលោក ហ្សេលេនស្គី មេដឹកនាំបណ្តាប្រទេសផ្សេងទៀត ក៏បានចេញមុខរិះគន់រុស្ស៊ីផងដែរ ជុំវិញការសម្លាប់រង្គាល និងជំរុញឱ្យបើកការស៊ើបអង្កេត។ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃទី៤ ខែមេសា បានលើកឡើងនៅក្នុងវិទ្យុ France-Inter ថា វាមានព័ស្តុតាងច្បាស់លាស់ ទាក់ទិននឹងឧក្រិដ្ឋកម្មសង្រ្គាម នៅក្រុង Bucha។ មេដឹកនាំបារាំងរូបនេះ បានអំពាវនាវឱ្យដាក់ទណ្ឌកម្ម និងចំណាត់ការបន្ថែម ដោយក្នុងនោះមានដូចជា ទណ្ឌកម្មលើធ្យូងថ្ម និងប្រេង។

ស្របគ្នានេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានសង្កត់ធ្ងន់ថា សហភាពអឺរ៉ុប កំពុងជួយអ៊ុយក្រែន និងក្រុមសិទ្ធិមនុស្ស ក្នុងការប្រមូលព័ស្តុតាង ដើម្បីទុកប្រើប្រាស់នៅតុលាការអន្តរជាតិ។ បើតាមលោក Charles Michel អឺរ៉ុប ក៏កំពុងត្រៀមទណ្ឌកម្មបន្ថែមទៀត សម្រាប់រុស្ស៊ីផង។

ចំណែកនាយករដ្ឋមន្រ្តីប៉ូឡូញ លោក Mateusz Morawiecki បានហៅរុស្ស៊ីជារដ្ឋផ្តាច់ការបែបហ្វាស៊ីស និងចាត់ទុកសកម្មភាពសម្លាប់រង្គាលនៅអ៊ុយក្រែន ជាអំពើប្រល័យពូជសាសន៍។  ទន្ទឹមនេះ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក Pedro Sánchez បានជំរុញឱ្យស្វែងរកអ្នកប្រព្រឹត្តសកម្មភាពឃោរឃៅទាំងនោះ។

លើសពីនេះ ជប៉ុន កាណាដា អ៊ីស្រាអែល នូវែលសេឡង់ ក៏រិះគន់ការសម្លាប់រង្គាលរបស់រុស្ស៊ី នៅក្រុង Bucha ផងដែរ។ មេដឹកនាំទាំងនោះ សុទ្ធតែអំពាវនាវឱ្យមានការស៊ើបអង្កេតលើការសម្លាប់រង្គាលនេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com