អន្តរជាតិ
រុស្ស៊ី រឹតត្បិតការផ្តល់ទិដ្ឋាការសម្រាប់មន្រ្តី និងអ្នកសារព័ត៌មានក្នុងបញ្ជីរដ្ឋអមិត្ត
05, Apr 2022 , 11:39 am        
រូបភាព
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី៤ ខែមេសា បានលុបចោលនីតិវិធីផ្តល់ទិដ្ឋាការបែបសាមញ្ញទៅកាន់មន្រ្តី និងអ្នកសារព័ត៌មាន មកពីបណ្តាប្រទេសដែលត្រូវបានក្រុងមូស្គូចាត់ទុកជាប្រទេសអមិត្ត។ ការលុបចោលការសម្រួលផ្នែកទិដ្ឋាការនេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងទណ្ឌកម្មពីសំណាក់លោកខាងលិច។


 
តាមក្រឹត្យមួយ ដែលចូលជាធរមាននៅថ្ងៃទី៤ ខែមេសា មន្រ្តី និងអ្នកសារព័ត៌មានមកពីសហភាពអឺរ៉ុប ន័រវែស, ស៊្វីស, ដាណឺម៉ាក, អ៊ីស្លង់ និងលិចតិចស្តាញ នឹងមិនអាចស្នើសុំទិដ្ឋាការចូលមករុស្ស៊ី តាមរយៈនីតិវិធីធម្មតាឡើយ។ ក្នុងក្រឹត្យដដែលនោះ រុស្ស៊ី ក៏បានបញ្ជាឱ្យក្រសួងការបរទេស និងក្រសួងពាក់ព័ន្ធ សម្រេចលើការរឹតត្បិតដំណើរចូលមករុស្ស៊ីលើជនបរទេស និងប្រជាជនគ្មានរដ្ឋ ដែលបានប្រព្រឹត្តសកម្មភាពអមិត្តលើរុស្ស៊ីផង។ 
 
បន្ថែមពីលើនេះ រុស្ស៊ីបញ្ចប់ការចូលមកក្នុងដែនដីរុស្ស៊ី ដោយគ្មានទិដ្ឋាការពីសំណាក់ប្រជាជនអឺរ៉ុបដែលកាន់លិខិតឆ្លងដែនការទូតទៀតផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន RIA។ 
 
បន្ទាប់ពីអឺរ៉ុប អាម៉េរិក និងបណ្តាប្រទេសផ្សេងទៀតដាក់ទណ្ឌកម្មជុំវិញការឈ្លានពានលើអ៊ុយក្រែន រុស្ស៊ី បានដាក់ចេញបញ្ជីរដ្ឋអមិត្ត ដោយបានបញ្ជូនរដ្ឋជាច្រើនចូល។ សម្រាប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី រដ្ឋអមិត្តត្រូវទូទាត់ប្រាក់រូប្ល៍។ កិច្ចព្រមព្រៀងសារជីវកម្ម ដែលធ្វើឡើងរវាងក្រុមហ៊ុន និងប្រជាជនរុស្ស៊ី ជាមួយបណ្តាប្រទេស ដែលស្ថិតក្នុងបញ្ជីរដ្ឋ និងដែនដីអមិត្ត ត្រូវមានការឯកភាពដោយគណៈកម្មការរដ្ឋាភិបាលរុស្ស៊ី។ 
 
ក្នុងថ្ងៃដដែលនោះ លីទុយអានី បានសម្រេចទម្លាក់ទំនាក់ទំនងការទូតខ្លួនជាមួយរុស្ស៊ី និងកោះហៅអគ្គរដ្ឋទូតខ្លួនប្រចាំនៅរុស្ស៊ីត្រលប់ចូលប្រទេសវិញ។ ទន្ទឹមនេះ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅក្រុងវីលនីញូស ក៏ត្រូវចាកចេញពីប្រទេសខ្លួនដែរ។ បន្ថែមពីនេះ លីទុយអានី បានបិទស្ថានកុងស៊ុល នៅក្រុងកំពង់ផែ Klaipeda ផង។ ចំណាត់ការនេះ ជាការឆ្លើយតបនឹងការបន្តសកម្មភាពឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com