អន្តរជាតិ
នាយករដ្ឋមន្រ្តីប៉ូឡូញ រិះគន់លោក ម៉ាក្រុង៖ ចរចាជាមួយលោក ពូទីន ដូចចរចាជាមួយ ប៉ុលពត ហ៊ីត្លែរ ស្តាលីន
05, Apr 2022 , 5:49 pm        
រូបភាព
លោក Mateusz Morawiecki នាយករដ្ឋមន្រ្តីប៉ូឡូញ។ រូបភាព៖ AFP
លោក Mateusz Morawiecki នាយករដ្ឋមន្រ្តីប៉ូឡូញ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីប៉ូឡូញ Mateusz Morawiecki បានរិះគន់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ជុំវិញការចរចាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ។ លោក Morawiecki ប្រដូចការចរចាជាមួយលោក ពូទីន ទៅនឹងការចរចាជាមួយអតីត​មេដឹកនាំផ្ដាច់ការអាល្លឺម៉ង់ សូវៀត និងកម្ពុជា។ បើតាមប្រមុខរដ្ឋាភិបាលប៉ូឡូញ គ្មាននរណាចរចាជាមួយពួកគេឡើយ។

 
បន្ទាប់ពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង តែងសន្ទនាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ជាញឹកញាប់ ដើម្បីជំរុញឱ្យស្វែងរកដំណោះស្រាយ ការច្រកមនុស្សធម៌នៅអ៊ុយក្រែន និងដកទ័ពចេញពីអ៊ុយក្រែនជាដើម។ 
 
យ៉ាងណាមិញ កិច្ចសន្ទនានោះ ត្រូវបានប្រមុខរដ្ឋាភិបាលបូឡ៉ូញ លោក Mateusz Morawiecki រិះគន់យ៉ាងខ្លាំង។ នាយករដ្ឋមន្រ្តីប៉ូឡូញធៀបលោក ពូទីន ទៅមេដឹកនាំហ្វាស៊ីស អាដុហ្វ ហ៊ីត្លែរ នៅអាល្លឺម៉ង់, មេដឹកនាំសហភាពសូវៀត ចូសេហ្វ ស្តាលីន និងមេដឹកនាំខ្មែរក្រហម ប៉ុល ពត ថែមទៀត។ បើតាមលោកនាយករដ្ឋមន្រ្តីប៉ូឡូញ ប្រទេសមួយមិនគួរចរចាជាមួយឧក្រិដ្ឋជនឡើយ ប៉ុន្តែគួរតែប្រយុទ្ធជាមួយអ្នកទាំងនោះ។ 
 
«គ្មាននរណាចរចាជាមួយហ៊ីត្លែរឡើយ។ តើអ្នកបានចរចាជាមួយហ៊ីត្លែរ ស្តាលីន និងប៉ុលពត?» លោក Morawiecki បានចោទសំណួរបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៤ ខែមេសា ដោយបន្ថែមថា តើជំនួបទាំងនោះ ទទួលបានជោគជ័យដែរឬយ៉ាងណា? 
 
ការរិះគន់របស់ប្រមុខរដ្ឋាភិបាលប៉ូឡូញនេះ ធ្វើឡើងស្របពេលរុស្ស៊ីកំពុងរងការចោទប្រកាន់ពីការសម្លាប់រង្គាលនៅតំបន់ជុំវិញក្រុងកៀវ។ ប្រមុខរដ្ឋាភិបាលប៉ូឡូញរូបនេះ ក្នុងថ្ងៃដដែលនោះ ក៏បានជំរុញឱ្យមានចំណាត់ការម៉ត់ចត់ ដើម្បីដាក់សម្ពាធលើក្រុងមូស្គូបន្ថែមទៀត ក្នុងនោះរួមមាន ការកាត់ទោសដោយតុលាការអន្តរជាតិផង។ 
 
ជាការឆ្លើយតបនឹងនាយករដ្ឋមន្រ្តីប៉ូឡូញ ការិយាល័យប្រធានាធិបតីបារាំងបាននិយាយការពារការសន្ទនាជាមួយមេដឹកនាំរុស្ស៊ីថា វាពិតជាសំខាន់ណាស់ដើម្បីស្វែងយល់ពីការទាមទាររបស់លោក ពូទីន ទៅប្រទេសលោកខាងលិច និងទណ្ឌកម្ម ដែលរុស្ស៊ីមិនគោរពតាម។ ការិយាល័យប្រធានាធិបតីបារាំង បានបន្តថា លោក ម៉ាក្រុង បានប្រើចំណាត់ការគ្រប់ទាំងអស់ដើម្បីជំរុញឱ្យលោក ពូទីន ផ្អាកសង្រ្គាម ក្នុងនោះរួមមានដាក់ទណ្ឌកម្មលើរុស្ស៊ី, និងគាំទ្រអ៊ុយក្រែន។ 
 
តាមការបញ្ជាក់របស់វិមាន Elysée ចាប់តាំងពីដើមឆ្នាំ២០២២មក លោក ម៉ាក្រុង បានជជែកជាមួយលោក ពូទីន រហូតដល់១៦លើក ដោយក្នុងនោះរួមទាំងដំណើរទស្សនកិច្ចទៅក្នុងមូស្គូផង។ ប៉ុន្តែកិច្ចចរចាទាំងនោះ មិនអាចបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឡើយ៕ 
 

Tag:
 បារាំង
  ប៉ូឡូញ
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com