អន្តរជាតិ
ក្រសួងការបរទេសអាម៉េរិក ឯកភាពលក់យន្តហោះ F-16 ឱ្យប៊ុលហ្ការីតម្លៃ១,៦ពាន់លានដុល្លារ
05, Apr 2022 , 9:29 pm        
រូបភាព
យន្តហោះចម្បាំង F-16។ រូបភាព៖ Lockheed Martin
យន្តហោះចម្បាំង F-16។ រូបភាព៖ Lockheed Martin
ក្រសួងការបរទេសអាម៉េរិក បានឯកភាពលក់យន្តហោះចម្បាំង F-16 រហូតដល់៨គ្រឿង រួមទាំងសម្ភារយោធាផ្សេងទៀតទៅប៊ុលហ្ការី ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៦ពាន់លានដុល្លារ។ នេះបើតាមការជូនដំណឺងរបស់ក្រសួងការពារជាតិអាម៉េរិក នៅថ្ងៃទី៤ ខែមេសា។

 
ក្រោមកិច្ចព្រមព្រៀងជាមួយអាម៉េរិក ប៊ុលហ្ការី បានបញ្ជាទិញយន្តហោះចម្បាំង F-16 C Block 70 ចំនួន ៤គ្រឿង, យន្តហោះ F-16 D Block 70 ចំនួន៤គ្រឿង រួមទាំងម៉ាស៊ីន F100-GE-129D ចំនួន១១គ្រឿង និងសម្ភារយោធាផ្សេងទៀត។ តាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារយោធានោះ គឺក្រុមហ៊ុន Lockheed Martin។ 
 
«ការលក់យន្តហោះចម្បាំងនេះ នឹងកែលម្អសមត្ថភាពប៊ុលហ្ការី ក្នុងការប្រឈមការគំរាមកំហែងនៅពេលបច្ចុប្បន្ន និងអនាគត»។ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា រដ្ឋាភិបាលក្រុងសូហ្វ៊ីយ៉ា បានបង្ហាញពីការប្តេជ្ញា ក្នុងការធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ។ 
 
ការអនុម័តលក់យន្តហោះចម្បាំងនេះ ត្រូវបានមន្រ្តីអាម៉េរិកនិយាយការពារថា មិនមែនដោយសារសង្រ្គាមនៅអ៊ុយក្រែនឡើយ ប៉ុន្តែវាជាបំណងរបស់ប៊ុលហ្ការី ក្នុងការធ្វើទំនើបកម្មយោធារបស់ខ្លួន។ កន្លងមក អ៊ុយក្រែន បានស្នើសុំយន្តហោះចម្បាំងប្រភេទ MiG ពីប្រទេសផ្សេងក្នុងនោះមានប៊ុលហ្ការីផង ដើម្បីទប់នឹងការវាយប្រហាររបស់រុស្ស៊ី។  
 
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិក លោក John Kirby នៅថ្ងៃទី៤ ខែមេសា ការលក់យន្តហោះចម្បាំងខាងលើ មិនមែនជាការផ្លាស់ប្ដូរ ដើម្បីជួយឱ្យអ៊ុយក្រែនទទួលបានយន្តហោះចម្បាំង MiG ឡើយ។ យ៉ាងណាមិញ លោក Kirby មិនបានពន្យល់ឱ្យបានលម្អិតជុំវិញបញ្ហានោះឡើយ។ 
 
បន្ទាប់ពីទទួលភ្លើងបៃតងពីក្រសួងការបរទេស គម្រោងលក់នេះ ត្រូវការការយល់ព្រមពីសភាអាម៉េរិកមួយដំណាក់កាលទៀត។
 
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ការបញ្ជាទិញយន្តហោះចម្បាំង F-16 គឺជាផ្នែកមួយនៃកិច្ចខិតខំរបស់ប៊ុលហ្ការីក្នុងការធ្វើទំនើបកម្មយោធា និងអភិវឌ្ឍសមត្ថភាពកម្លាំងទ័ពអាកាសរបស់ខ្លួន ក៏ដូចជាជំរុញប្រតិបត្តិការរួមជាមួយសម្ព័ន្ធយោធាណាតូ។ 
 
F-16 ជាយន្តហោះចម្បាំងជំនាន់ទី៤ និងមានសមត្ថភាពប្រយុទ្ធលើអាកាសយ៉ាងល្អ។ យន្តហោះចម្បាំងមួយនេះ អាចហោះបានល្បឿនជាង២៤០០គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះបានកម្ពស់១៥គីឡូម៉ែត្រ៕
 

Tag:
 អាម៉េរិក
  ប៊ុលហ្ការី
© រក្សាសិទ្ធិដោយ thmeythmey.com