អន្តរជាតិ
រដ្ឋមន្រ្តីអប់រំឥណ្ឌូណេស៊ី៖ ភាសាឥណ្ឌូណេស៊ី សក្ដិសមជាភាសាទីពីររបស់អាស៊ាន ជាងភាសាម៉ាឡេ
06, Apr 2022 , 9:25 am        
រូបភាព
រដ្ឋមន្រ្តីអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូណេស៊ី លោកNadiem Makarim។ រូបភាព៖ Jakarta Post
រដ្ឋមន្រ្តីអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូណេស៊ី លោកNadiem Makarim។ រូបភាព៖ Jakarta Post
រដ្ឋមន្រ្តីអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូណេស៊ី លោកNadiem Makarim បានបដិសេធសំណើម៉ាឡេស៊ីក្នុងការដាក់ស្នើភាសាម៉ាឡេ ជាភាសាទីពីររបស់អាស៊ាន។ បើតាមរដ្ឋមន្រ្តីអប់រំរូបនេះ ភាសាឥណ្ឌូណេស៊ី ទើបសមជាភាសាទីពីររបស់អាស៊ាន។

 
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អ៊ីស្មាអ៊ីល សាប៊ី្រ យ៉ាកុប នៅថ្ងៃទី២៣ ខែមីនា បានលើកឡើងថា ម៉ាឡេស៊ី នឹងពិភាក្សាជាមួយមេដឹកនាំតំបន់ផ្សេងទៀតដើម្បីបញ្ចូលភាសាម៉ាឡេ (Bahasa Malay) ក្លាយជាភាសាទីពីររបស់អាស៊ាន។ ការបញ្ជាក់របស់ប្រមុខរដ្ឋាភិបាលម៉ាឡេស៊ីបែបនេះ ដោយសារភាសាម៉ាឡេមានប្រជាជននៅក្នុងតំបន់អាស៊ីអាគ្នេយ៍និយាយច្រើន។ 
 
យ៉ាងណាមិញ សំណើខាងលើត្រូវរដ្ឋមន្រ្តីអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យាឥណ្ឌូណេស៊ី លោកNadiem Makarim ច្រានចោល។ ក្នុងសេចក្តីថ្លែងការណ៍ចេញថ្ងៃទី៤ ខែមេសា លោក Makarim បានអះអាងថា វាមានលទ្ធភាពក្នុងការពិចារណាដាក់ភាសាឥណ្ឌូណេស៊ី (Bahasa indonesia) ជាភាសាអាស៊ាន ដោយផ្អែកលើប្រវត្តិសាស្រ្ត ច្បាប់ និងភាសា។ 
 
«ខ្ញុំ ក្នុងនាមជារដ្ឋមន្រ្តីអប់រំ វប្បធម៌ ស្រាវជ្រាវ និងបច្ចេកវិទ្យា ជំទាស់សំណើម៉ាឡេស៊ី»។ រដ្ឋមន្រីអប់រំឥណ្ឌូណេស៊ី បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា សំណើរបស់ម៉ាឡេ ទាមទារឱ្យមានការសិក្សា និងពិភាក្សាបន្ថែមនៅកម្រិតតំបន់។ រដ្ឋមន្រ្តីរូបនេះ ក៏បានជំរុញឱ្យសហគមន៍ឥណ្ឌូណេស៊ីទាំងមូល សហការជាមួយរដ្ឋាភិបាល ដើម្បីពង្រឹង និងការពារភាសាឥណ្ឌូណេស៊ី។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ លោក Makarim បានអះអាងថា ដោយផ្អែកលើកត្តាខាងលើ វាសក្ដិសមដែលភាសាឥណ្ឌូណេស៊ី មានតួនាទីឈានមុខ និងអាចក្លាយជាភាសាផ្លូវការសម្រាប់កិច្ចប្រជុំអាស៊ាន។ ជាមួយគ្នា រដ្ឋមន្រ្តីឥណ្ឌូណេស៊ីរូបនេះ បាននិយាយការពារថា នៅកម្រិតអន្តរជាតិ ភាសាឥណ្ឌូណេស៊ី បានក្លាយជាភាសារួមមួយនៅតំបន់អាស៊ីអាគ្នេយ៍។ មិនតែប៉ុណ្ណោះ ភាសាឥណ្ឌូណេស៊ី ត្រូវបាននិយាយនៅប្រទេសចំនួន៤៧ឯណោះ ក្នុងពិភពលោក។ 
 
បើតាមលោក Makarim ភាសាឥណ្ឌូណេស៊ី ត្រូវបានបង្រៀនទៅបរទេស ដោយវិទ្យាស្ថានចំនួន ៤២៨ និងជាមេរៀននៅក្នុងបណ្តាប្រទេសជាច្រើនដូចជា អឺរ៉ុប, អាម៉េរិក, អូស្រ្តាលី និងនៅតំបន់អាស៊ីមួយចំនួន៕ 
 

Tag:
 អាស៊ាន
  ឥណ្ឌូណេស៊ី
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com