កីឡាអន្តរជាតិ
អន្តរជាតិ
Serie A នៅតែឱ្យក្រុមហ៊ុនចិនបន្តផ្សាយការប្រកួតរបស់ខ្លួននៅរុស្ស៊ី
07, Apr 2022 , 8:29 am        
រូបភាព
ក្របខណ្ឌ Serie A គ្មានគម្រោងបញ្ឈប់ការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ខ្លួននៅរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ។ នេះបើតាមការប្រកាសរបស់លោក Lorenzo Casini ប្រធានលីគបាល់ទាត់កំពូលអ៊ីតាលីនៅថ្ងៃទី៥ ខែមេសា។ ប៉ុន្តែលោក Casini  នៅតែបន្តតាមដានស្ថានភាពសង្គ្រាមប្រទេសទាំងពីរ។


នាសន្និសីទសារព័ត៌មានមួយ អ្នកកាសែតម្នាក់សួរថា តើលីគ Serie A ពិចារណាបញ្ឈប់ការផ្សាយការប្រកួតរបស់ខ្លួនក្នុងប្រទេសរុស្ស៊ីឬយ៉ាងណា? លោក Casini ឆ្លើយភ្លាមថា ក្លិបអ៊ីតាលីបានសម្រេចចិត្តហើយក្នុងការបន្តការផ្សាយបន្តផ្ទាល់ការប្រកួតដដែល ដែលនេះមានន័យថា ជាការបញ្ជូនសារសន្តិភាពដល់អ្នកគាំទ្ររុស្ស៊ី។
 
ទោះយ៉ាងណាក៏ដោយ ប្រធាន Serie A បន្ថែមថា ជុំវិញករណីការផ្សាយនេះ ស្ថានប័នលោកនៅត្រូវការពិភាក្សាបន្ត ក្នុងកិច្ចប្រជុំជាមួយក្លិបនៅសប្តាហ៍ក្រោយ ដោយមើលលើស្ថានភាពសង្គ្រាមនៅអ៊ុយក្រែន តាមជាក់ស្តែង។
 
កាលពីឆ្នាំ២០២១ Serie A ទទួលបានការលក់សិទ្ធិផ្សាយអន្តរជាតិ ពីក្រុមហ៊ុន Infront ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Wanda Sport Group របស់ចិនក្នុងតម្លៃ ៤៥៤លានដុល្លារសម្រាប់រយៈពេល៣រដូវកាល រហូតដល់រដូវកាល ២០២៣-២៤។ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ Serie A ត្រូវផ្សាយបន្តផ្ទាល់ប្រកួតនៅក្នុងប្រទេសរុស្ស៊ី និងបានចុះកិច្ចសន្យាជាមួយទូរទស្សន៍ក្នុងស្រុក របស់រុស្ស៊ី Match TV ដោយផ្ទាល់ផងដែរ។
 
ចាប់តាំងពីរុស្ស៊ីបើកការវាយប្រហាលើប្រទេសអ៊ុយក្រែន ប្រទេសលោកខាងលិច រួមទាំងសហភាពអឺរ៉ុបបានរួមគ្នាដាក់ទណ្ឌកម្មរុស្ស៊ី។ ខាងវិស័យកីឡា ក៏មានការដាក់បម្រាមលើរុស្ស៊ីដែរ រួមទាំង FIFA និង UEFA ចំពោះការឈ្លានពានខុសនឹងច្បាប់អន្តរជាតិនេះ។
 
ស្របពេលគ្នានេះ លីគបាល់ទាត់ធំៗនៅអឺរ៉ុប នៅតែមានប្រតិកម្មខុសៗគ្នាជុំវិញវិបត្តិអ៊ុយក្រែន ដែលបង្កដោយរុស្ស៊ី។ ក្របខណ្ឌអង់គ្លេស Premier League និង Ligue 1 របស់បារាំងបានផ្អាកការផ្សាយបន្តផ្ទាល់ការប្រកួតរបស់ពួកគេ នៅក្នុងប្រទេសរុស្ស៊ី ប៉ុន្តែ Bundesliga របស់អាល្លឺម៉ង់, La Liga របស់អេស្ប៉ាញ និង Serie A របស់អ៊ីតាលីនៅតែបន្តការផ្សាយ ប៉ុន្តែពួកគេបានភ្ជាប់សារទៅកាន់អ្នកទស្សនាអំឡុងពេលប្រកួត ដោយថ្កោលទោសការឈ្លានពានរបស់រុស្ស៊ី និងអំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន៕
 

Tag:
 Serie A
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com