អន្តរជាតិ
លោកហ្សេលេនស្គី ចង់ឱ្យអ៊ុយក្រែនដូចអ៊ីស្រាអែល
06, Apr 2022 , 9:29 pm        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៥ ខែមីនា បានថ្លែងថា លោកចង់ប្រែក្លាយអ៊ុយក្រែនទៅជាអ៊ីស្រាអែលបែបខ្លួនឯង និងចង់ឱ្យប្រទេសខ្លួនក្លាយជារដ្ឋមានសន្តិសុខដូចអ៊ីស្រាអែល។

 
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា បើទោះអ៊ុយក្រែន បានចុះកិច្ចព្រមព្រៀងសន្តិសុខដ៏មានឥទ្ធិពលណាមួយក៏ដោយ រុស្ស៊ីនៅតែអាចឈ្លានពានខ្លួនម្តងទៀត។ ក្នុងន័យនេះ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់ថា វាពិតជាសំខាន់ណាស់ ក្នុងការកសាងរដ្ឋមួយដែលអាចការពារខ្លួនបាន។
 
បើតាមលោក ហ្សេលេនស្គី បន្ទាប់ពីសង្រ្គាមត្រូវបានបញ្ចប់ បញ្ហាសន្តិសុខ គឺជាអាទិភាព ហើយអ៊ុយក្រែន នឹងជ្រើសយកគំរូតាមអ៊ីស្រាអែល។ 
 
«យើងនឹងក្លាយជាអ៊ីស្រាអែលដ៏ធំបែបអ៊ុយក្រែន»។ ប្រមុខរដ្ឋអ៊ុយក្រែនបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាមិនចម្លែកឡើយ ដែលអ៊ុយក្រែនត្រូវមានកងកម្លាំងប្រដាប់អាវុធ និងកងល្បាតនៅគ្រប់ស្ថាប័ន ផ្សារទំនើប និងរោងភាពយន្ត។ មិនតែប៉ុណ្ណោះ ប្រជាជនក៏ត្រូវមានអាវុធផងដែរ។ យ៉ាងណាមិញ បញ្ហាសន្តិសុខអ៊ុយក្រែន នឹងសម្រេចទៅបាន ក្នុងរយៈពេល ១០ឆ្នាំខាងមុខឯណោះ។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានយល់ថា អ៊ុយក្រែន មិនអាចបន្តប្រយុទ្ធជាមួយរុស្ស៊ីបានរហូតឡើយ ហើយនេះជាហេតុផលដែលអ៊ុយក្រែនត្រូវការប្រទេសធានាសន្តិសុខដើម្បីធានាការអនុវត្ត ដែលមានចែងក្នុងកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ។ លើសពីនេះ អ៊ុយក្រែន ត្រូវការប្រទេសផ្តល់ជំនួយអាវុធ អ្នកប្រយុទ្ធ និងប្រទេសដាក់ទណ្ឌកម្មផង។ 
 
ក្រៅពីបញ្ហាខាងលើ លោកហ្សេលេនស្គី បានបញ្ជាក់ថាជាថ្មី អ៊ុយក្រែនបានត្រៀមខ្លួនជាស្រេច ក្នុងការចូលជាសមាជិកអង្គការណាតូ ប្រសិនបើសម្ព័ន្ធយោធាមួយនេះ មិនយកជីវិតប្រជាជនអ៊ុយក្រែនមកលេងសើចទៀត។ 
 
ការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន ធ្វើឡើងស្របពេលរុស្ស៊ីបើកប្រតិបត្តិការយោធាពិសេសនៅប្រទេសខ្លួន ក្រោមហេតុផលការពារប្រជាជនរុស្ស៊ីពីអំពើប្រល័យពូជសាសន៍។ ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឱ្យមានផលវិបាកយ៉ាងខ្លាំង ដោយប្រជាជនស៊ីវិលជាច្រើនរយនាក់ត្រូវបានសម្លាប់ ខណៈប្រជាជនជាច្រើនលាននាក់ផ្សេងទៀតបានចាកចេញពីប្រទេស៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com