អន្តរជាតិ
អាម៉េរិក និងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើកូនស្រីពីរនាក់លោក ពូទីន
07, Apr 2022 , 12:29 pm        
រូបភាព
លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព៖ AFP
អាម៉េរិក និងសម្ព័ន្ធមិត្ត នៅថ្ងៃទី៦ ខែមេសា បានដាក់ទណ្ឌកម្មជាថ្មីលើរុស្ស៊ី ដោយក្នុងនោះរួមមានកូនស្រីពីរនាក់របស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន , គ្រួសាររដ្ឋមន្រ្តីការបរទេសរុស្ស៊ី  ស៊ែហ្គេយ៍ ឡាវរ៉ូវ  រួមទាំងស្ថាប័នហិរញ្ញវត្ថុមួយចំនួនទៀត។ ទណ្ឌកម្មនេះ ធ្វើឡើងបន្ទាប់ពីបស្ចិមប្រទេស បានចោទរុស្ស៊ី ជុំវិញការសម្លាប់រង្គាលនៅតំបន់ Bucha ដែលស្ថិតនៅក្បែរទីក្រុងកៀវ។

 
តាមរយៈសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសេតវិមាននៅថ្ងៃទី៦ ខែមេសា អាម៉េរិក សហភាពអឺរ៉ុប និងក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាថ្មី ដើម្បីឆ្លើយតបសកម្មភាព ដែលខ្លួនបានចាត់ទុកក្រុងមូស្គូ បានប្រព្រឹត្តអំពើឃោរឃៅនៅអ៊ុយក្រែន ជាពិសេសក្រុង Bucha។ 
 
ក្នុងចំណាត់ការចុងក្រោយនេះ ក្រុងវ៉ាស៊ីនតោន បានដាក់ក្រុមគ្រួសារមេដឹកនាំរុស្ស៊ីមួយចំនួនទៅក្នុងបញ្ជីខ្មៅ ដោយក្នុងនោះ កូនស្រីរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីនចំនួន ពីររូប, កូនស្រី និងភរិយារបស់ លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ប្រមុខការទូតរុស្ស៊ី, លោក ឌីមីទ្រី ម៉េដវ៉េដេវ អតីតនាយករដ្ឋមន្រ្តី និងប្រធានាធិបតីរុស្ស៊ី, និងនាយករដ្ឋមន្រ្តីរុស្ស៊ី លោក មីខាអ៊ីល មីហ៊ូស្ទីន ។ 
 
កូនស្រីទាំងពីររបស់លោក ពូទីន មានឈ្មោះ Maria Vorontsova និង Katerina Tikhonova ដែលមន្រ្តីអាម៉េរិកជឿថា ក៏កំពុងធ្វើការជាមួយក្នុងស្ថាប័នរដ្ឋរុស្ស៊ីដែរ។ អ្នកទាំងពីរ កម្រចេញមុខជាសាធារណៈណាស់។ លោក ពូទីន លែងលះភរិយាក្នុងឆ្នាំ២០១៤ កន្លងទៅ។ 
 
«បុគ្គលទាំងនេះ បានកេងចំណេញលើប្រជាជនរុស្ស៊ី។ បុគ្គលមួយចំនួន ត្រូវទទួលខុសត្រូវក្នុងការគាំទ្រលោក ពូទីន ធ្វើសង្រ្គាមនៅអ៊ុយក្រែន»។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ចំណាត់ការនេះ នឹងកាត់ផ្តាច់បុគ្គលខាងលើពីប្រព័ន្ធហិរញ្ញវត្ថុ និងបង្កកទ្រព្យសម្បត្តិទាំងអស់ ដែលមាននៅអាម៉េរិក។
 
ពាក់ព័ន្ធនឹងទណ្ឌកម្មនេះ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាម៉េរិក នៅថ្ងៃទី៦ ខែមេសា បញ្ជាក់ថា អាម៉េរិក និងសម្ព័ន្ធមិត្តបានរកឃើញលោក ពូទីន និងមន្រ្តីមានអំណាចរុស្ស៊ី បានលាក់ទ្រព្យសម្បត្តិនៅក្នុងគណនីធនាគារ ក្រោមសមាជិកគ្រួសារពួកគេ។ បើតាមអ្នកនាំពាក្យរូបនេះ ការដាក់ទណ្ឌកម្មលើសមាជិកគ្រួសារថ្នាក់ដឹកនាំរុស្ស៊ី គឺដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិទាំងនោះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល ក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មលើស្ថាប័នហិរញ្ញវត្ថុ Sberbank និងធនាគារឯកជនដ៏ធំបំផុតរបស់រុស្ស៊ី Alfa Bank ផងដែរ។ តាមវិធានការចុងក្រោយ អាម៉េរិកនឹងបង្កកទ្រព្យសម្បត្តិរបស់ Sberbank និងធនាគារ Alfa Bank ដែលពាក់ព័ន្ធនឹងប្រព័ន្ធហិរញ្ញវត្ថុអាម៉េរិក រួមទាំងហាមឃាត់ប្រជាជនអាម៉េរិក ធ្វើពាណិជ្ជកម្មជាមួយស្ថាប័នហិរញ្ញវត្ថុរបស់រុស្ស៊ីទាំងពីរនេះ។ 
 
បើតាមអាម៉េរិក ធនាគារ Sberbank បានកាន់កាប់ទ្រព្យសម្បត្តិ១ភាគ ៣នៃទ្រព្យសម្បត្តិក្នុងវិស័យធនាគាររុស្ស៊ី និងជាចន្ទល់សេដ្ឋកិច្ចរុស្ស៊ីដ៏រឹងមាំ។ ចំណែកធនាគារ Alfa Bank ជាស្ថាប័នហិរញ្ញវត្ថុលំដាប់ទី៤ របស់រុស្ស៊ី។ 
 
មិនតែប៉ុណ្ណោះ អាម៉េរិក ប្រកាសផងដែរថា ក្រុងវ៉ាស៊ីនតោន នឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើសហគ្រាសសំខាន់ៗរុស្ស៊ីនៅថ្ងៃទី៧ ខែមេសា បន្ថែមទៀត ដើម្បីទប់ស្កាត់លំហូរសាច់ប្រាក់នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុសកល។ 
 
ចាប់តាំងរុស្ស៊ីពីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន ប្រទេសលោកខាងលិច និងបណ្តាប្រទេសផ្សេងទៀត បានដាក់ទណ្ឌកម្មលើរុស្ស៊ីជាបន្តបន្ទាប់ ដើម្បីដាក់សម្ពាធក្រុងមូស្គូឱ្យបញ្ឈប់សកម្មភាពដែលត្រូវមើលឃើញខុសច្បាប់អន្តរជាតិ និងបំផ្លាញសណ្តាប់ធ្នាប់ពិភពលោក៕​ 
 

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com