អន្តរជាតិ
ចិន អំពាវនាវឱ្យស៊ើបអង្កេតពេញលេញក្នុងករណីសម្លាប់រង្គាលនៅក្រុង Bucha
07, Apr 2022 , 4:27 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ AFP
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ AFP
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian  នៅថ្ងៃទី៦ ខែមេសា បានអំពាវនាវឱ្យស៊ើបអង្កេតពេញលេញក្នុងករណីសម្លាប់រង្គាលនៅក្រុងBucha ដែលត្រូវបានបស្ចិមប្រទេសចោទរុស្ស៊ីជាអ្នកប្រព្រឹត្ត។ បើតាមអ្នកនាំពាក្យរូបនេះ បញ្ហាមនុស្សធម៌ មិនគួរយកមកធ្វើនយោបាយឡើយ ហើយការចោទប្រកាន់ត្រូវតែផ្អែកលើការពិត។

 
បន្ទាប់ពីដកទ័ពចេញពីតំបន់ជុំវិញក្រុងកៀវ រុស្ស៊ីបានរងការចោទប្រកាន់ពីសំណាក់អ៊ុយក្រែន និងប្រទេសផ្សេងទៀត ថាបានសម្លាប់ប្រជាជនស៊ីវិលយ៉ាងរង្គាលនៅក្នុងក្រុង Bucha។ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី៦ ខែមេសា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian អះអាងថា ចិនមានក្តីបារម្ភយ៉ាងខ្លាំងជុំវិញស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែន និងករណីនៅក្រុង Bucha ។ 
 
«បញ្ហាពាក់ព័ន្ធ និងការបង្កឧបទ្ទវហេតុ ត្រូវតែបញ្ជាក់ឱ្យបានច្បាស់លាស់ និងស៊ើបអង្កេតពេញលេញ»។ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បញ្ហាមនុស្សធម៌ មិនគួរយកទៅធ្វើជានយោបាយឡើ ​ហើយការចោទប្រកាន់គួរតែផ្អែកលើការពិត។ ដោយមិនសំដៅទៅប្រទេសណាមួយ មន្រ្តីក្រសួងការបរទេសចិនរូបនេះ បានជំរុញឱ្យភាគីទាំងអស់បញ្ចៀសការចោទប្រកាន់គ្នាទៅវិញទៅមក មុនពេលការពិតត្រូវបានរកឃើញ។ 
 
ទន្ទឹមនេះ លោក Zhao បានលើកឡើងថា ចិនគាំទ្រគំនិតផ្តួចផ្តើម និងចំណាត់ការទាំងអស់ ក្នុងការកាត់បន្ថយវិបត្តិមនុស្សធម៌នៅអ៊ុយក្រែន និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយសហគមន៍អន្តរជាតិ ក្នុងគោលបំណងបង្ការការប៉ះពាល់ដល់ប្រជាជនស៊ីវិល។ 
 
បន្ទាប់ពីមានរបាយការណ៍សម្លាប់រង្គាល់នៅក្រុង Bucha អាម៉េរិក និងសម្ព័ន្ធមិត្តបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ដោយក្នុងនោះមានថ្នាក់ដឹកនាំរុស្ស៊ី និងសមាជិកគ្រួសារ រួមទាំងស្ថាប័នហិរញ្ញវត្ថុសំខាន់ៗបន្ថែមទៀត។ 
 
គួររម្លឹកថា ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធានៅអ៊ុយក្រែន ចិនមិនដែលប្រើពាក្យឈ្លានពាន ឬថ្កោលទោសរុស្ស៊ីឡើយ ដោយក្រុងប៉េកាំង បានត្រឹមតែអំពាវនាវឱ្យភាគីអ៊ុយក្រែន និងរុស្ស៊ី ដោះស្រាយជម្លោះប្រកបដោយសន្តិវិធីប៉ុណ្ណោះ៕ 
 

Tag:
 ចិន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com