កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករនីហ្សេរីយ៉ាម្នាក់ចោទក្លិបអេស្ប៉ាញ Huesca គំរាមខ្លួនមិនឱ្យទៅជួយជម្រើសជាតិនៅពាន AFCON
07, Apr 2022 , 4:59 pm        
រូបភាព
Kelechi Nwakali ខ្សែបម្រើសញ្ជាតិនីហ្សេរីយ៉ា ចោទក្លិប Sociedad Deportiva Huesca នៃលីគកីឡាបាល់ទាត់លំដាប់ទីពីរអេស្ប៉ាញ LaLiga Smartbank គំរាមខ្លួនតាមទូរសព្ទមិនឱ្យទៅលេងពានរង្វាន់អាហ្វ្រិក Africa Cup of Nations។ សព្វថ្ងៃ Huesca បានបញ្ចប់កិច្ចសន្យាអតីតកីឡាករ Arsenal រូបនេះ ដោយសារមិនស្តាប់ការគំរាមរបស់ក្លិប។


កីឡាកររូបនេះបាននិយាយថា កិច្ចសន្យារបស់គាត់ជាមួយក្រុម Huesca នៃលីគលំដាប់ទី 2 របស់អេស្ប៉ាញត្រូវបានបញ្ចប់ ដោយសារតែគាត់បដិសេធមិនព្រមចុះចាញ់នឹងសម្ពាធមិនឱ្យលេងនៅ Africa Cup of Nations (AFCON) និងសម្រាប់ការបដិសេធការផ្ទេរនៅថ្ងៃផុតកំណត់។
 
Nwakali ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិនីហ្សេរីយ៉ាជាលើកដំបូងដើម្បីជួយក្រុមក្នុងពានរង្វាន់ AFCON ដែលរៀបចំនៅកាម៉េរ៉ូន ខែមករា ឆ្នាំ២០២២។ ខ្សែបម្រើវ័យ២២ឆ្នាំរូបនេះ សារភាពថា ជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតដែលបានជាប់ក្នុងក្រុមឈុតធំតំណាងប្រទេស។ ប៉ុន្តែអ្វីៗហាក់ប្រែជូរចត់ដោយសារប្រធានផ្នែកកីឡារបស់ Huesca លោក Ruben Garcia ប្រាប់ខ្លួនមិនឱ្យធ្វើដំណើរទៅជួយជម្រើសជាតិ។
 
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែមេសា Nwakali បាននិយាយក្នុងសេចក្តីប្រកាសមួយថាលោក Garcia បានដាក់សម្ពាធយ៉ាងខ្លាំងលើខ្លួនមិនឱ្យទៅ AFCON ដោយប្រាប់ថាពានអាហ្វ្រិកមិនមែនជាការប្រកួតសំខាន់ទេ។
 
«Garcia គំរាមខ្ញុំថា ប្រសិនបើខ្ញុំទៅ AFCON ខ្ញុំនឹងមិនបានលេងឱ្យ Huesca ទៀតទេ»។ នេះជាការអះអាងរបស់អតីតយុវជនកាំភ្លើងធំ ដោយហៅការគំរាមនេះជាការខ្វះការគោរពប្រទេសខ្លួននីហ្សេរីយ៉ា ខណៈរូបគេនៅតែទៅចូលរួមជាមួយជម្រើសជាតិនៅពានអាហ្វ្រិក។
 
Nwakali បានបន្ថែមថា ក្លិបបានសម្ពាធរូបគេឱ្យចុះហត្ថលេខាលើកិច្ចសន្យាថ្មីដោយបង់ប្រាក់ឱ្យគាត់យឺត ហើយការចរចារបានកើតឡើងនៅពេលដែលម្តាយរបស់គេធ្លាក់ខ្លួនឈឺ ខណៈ Nwakali បានសុំ Garcia សងប្រាក់ឈ្នួលដែលក្លិបជំពាក់គ ដើម្បីព្យាបាលម្តាយ។
 
«Ruben Garcia បានឆ្លើយតបទៅនឹងសំណើរបស់ខ្ញុំតាមរយៈទូរសព្ទថា ចុះហត្ថលេខាលើកិច្ចសន្យាថ្មីនេះ ក្លិបនឹងសងប្រាក់ដែលជំពាក់ភ្លាម»។ Nwakali បញ្ជាក់ដូច្នេះ។ យ៉ាងណាក៏ដោយ Nwakali ថាខ្លួនមិនអាចត្រឡប់ទៅក្លិបវិញភ្លាមៗក្រោយនីហ្សេរីយ៉ាធ្លាក់ចេញពីពានអាហ្វ្រិកនៅវគ្គ១៦ចុងក្រោយ ស្របពេលខ្លួនក៏ឆ្លងកូវីដ-១៩។
 
នៅថ្ងៃទី៥ ខែមេសាក្លិប Huesca បានប្រកាសបញ្ចប់កិច្ចសន្យា Nwakali ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុអ្វីនោះទេ។ ក្លិបនៃលីគកម្រិតទី២អេស្ប៉ាញមួយនេះ បានប្រាប់ Reuters ថាពួកគេបដិសេធទាំងស្រុងជុំវិញការចោទប្រកាន់របស់ Nwakali ហើយករណីនេះក្លិបនឹងការពារខ្លួននៅក្នុងតុលាការ៕
 

Tag:
 Kelechi Nwakali
  AFCON
© រក្សាសិទ្ធិដោយ thmeythmey.com