អន្តរជាតិ
អ៊ុនក្រែន ស្នើសុំអាវុធបន្ថែមពីណាតូ ដើម្បីបង្ការការសម្លាប់រង្គាលដូចក្រុង Bucha
07, Apr 2022 , 6:29 pm        
រូបភាព
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន (ខាងឆ្វេង) ជាមួយប្រមុខអង្គការណាតូ លោក Jens Stoltenberg។ រូបភាព៖ AFP
លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន (ខាងឆ្វេង) ជាមួយប្រមុខអង្គការណាតូ លោក Jens Stoltenberg។ រូបភាព៖ AFP
ប្រមុខការទូតអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃទី៧ ខែមេសា បានអំពាវនាវសុំអាវុធបន្ថែមទៀតពីសម្ព័ន្ធយោធាណាតូ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។ បើតាមរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនរូបនេះ ជំនួយអាវុធរបស់អង្គការណាតូ នឹងជួយអ៊ុយក្រែនបង្ការអំពើឃោរឃៅ ដែលបង្កដោយរុស្ស៊ី ដូចកើតមាននៅក្រុង Bucha។

 
ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មានមុនកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសសម្ព័ន្ធយោធាណាតូ នៅថ្ងៃទី៧ ខែមេសា លោក Dmytro Kuleba រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានជំរុញអង្គការណាតូផ្តល់អាវុធបន្ថែមដល់ប្រទេសខ្លួន ដើម្បីបង្ការអំពើឃោរឃៅ ដែលប្រព្រឹត្តដោយរុស្ស៊ី។
 
«របៀបវារៈរបស់ខ្ញុំ គឺសាមញ្ញ...វាជាអាវុធ អាវុធ និងអាវុធ»។ ប្រមុខការទូតអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ នៅទីស្នាក់ការកណ្តាលអង្គការណាតូនៅក្រុងព្រុចសែល បែលហ្ស៊ិក ដោយបន្ថែមថា អ៊ុយក្រែនដឹងពីរបៀបប្រយុទ្ធ ដឹងពីវិធីយកឈ្នះសត្រូវ ប៉ុន្តែបើគ្មានការផ្គត់ផ្គង់អាវុធទេ យោធាអ៊ុយក្រែនអាចនឹងលះបង់ជីវិតច្រើន។ 
 
ប្រមុខការទូតអ៊ុយក្រែនរូបនេះ បន្តថា ប្រសិនបើអាវុធទៅដល់ក្រុងកៀវកាន់តែឆាប់ អ៊ុយក្រែននឹងអាចការពារជីវិតប្រជាជនបានកាន់តែច្រើន។ ក្នុងន័យនេះ រដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានជំរុញឱ្យសម្ព័ន្ធណាតូឈប់ស្ទាក់ស្ទើរ និងផ្តល់អ្វីគ្រប់យ៉ាងដែលអ៊ុយក្រែនត្រូវការ។ ក្នុងកិច្ចសម្ភាសដដែលនោះ រដ្ឋមន្រ្តីអ៊ុយក្រែនរូបនេះ បានរិះគន់អាល្លឺម៉ង់ផងដែរ ដែលជាប្រទេសមានអំណាចផ្នែកសេដ្ឋកិច្ច តែរួញរាក្នុងការផ្តល់អាវុធប្រយុទ្ធឱ្យខ្លួន ដើម្បីប្រឆាំងរុស្ស៊ី។ 
 
បើតាមលោក Kuleba កន្លងមកសមាជិកណាតូ បានផ្តល់អាវុធបែបការពារប៉ុណ្ណោះ មិនបានផ្តល់អាវុធបែបវាយប្រហារឡើយ។ ទាក់ទិននឹងបញ្ហាខាងលើ រដ្ឋមន្រ្តីអ៊ុយក្រែនរូបនេះ បានចាត់ទុកចំណាត់ការរបស់សមាជិកណាតូ មិនសមសស្រប និងមិនត្រឹមត្រូវតាមកាលៈទេសៈឡើយ៕
 

Tag:
 អ៊ុយក្រែន
  ណាតូ
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com