អន្តរជាតិ
លោកម៉ាក្រុង៖ បើលោកស្រី Le Pen ជាប់ជាប្រធានាធិបតី អ្នកវិនិយោគនឹងរត់ចោលបារាំង
08, Apr 2022 , 6:19 pm        
រូបភាព
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង (ខាងស្តាំ) និងលោកស្រី Marine Le Pen  បេក្ខជនប្រជែងតំណែងប្រធានាធិបតីមកពីបក្ស National Rally។ រូបភាព៖ AFP
លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង (ខាងស្តាំ) និងលោកស្រី Marine Le Pen បេក្ខជនប្រជែងតំណែងប្រធានាធិបតីមកពីបក្ស National Rally។ រូបភាព៖ AFP
បាំងតែពីរថ្ងៃប៉ុណ្ណោះ ការបោះឆ្នោតប្រធានាធិបតីបារាំងនៅជុំទីមួយ នឹងចូលមកដល់។ មុនការបោះឆ្នោតនេះ លោក អេម៉ានុយអែល ម៉ាក្រុង បានរិះគន់គោលនយោបាយរបស់លោកស្រី Marine Le Pen ដែលជាបេក្ខជនប្រធានាធិបតីស្ដាំនិយមជ្រុល និងជាដៃគូប្រជែងចាស់ថា គោលនយោបាយសង្គមរបស់លោកស្រី នឹងធ្វើឱ្យអ្នកវិនិយោគអន្តរជាតិរត់ចោលបារាំង។

 
តាមរយៈការបោះឆ្នោតប្រធានាធិបតីបារាំងលើកនេះ ក្នុងការស្ទង់មតិកន្លងមក បេក្ខភាពប្រជែងតំណែងប្រធានាធិបតី ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេមានលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង និងលោកស្រី Marine Le Pen មកពីបក្ស National Rally។  លោកស្រី Le Pen ជាដៃគូប្រជែងដ៏សំខាន់ដែលមានប្រជាប្រិយកើនឡើង។ 
 
លោក ម៉ាក្រុង បានលើកឡើងថា ប្រសិនបើអ្នកជាស្រី Le Pen ជាប់ឆ្នោតនៅក្នុងខែនេះ កម្មវិធីសង្គមរបស់លោកស្រី នឹងធ្វើឱ្យអ្នកវិនិយោគអន្តរជាតិរត់ចោលបារាំងអស់ ហើយបង្កឱ្យមានអត្រាគ្មានការងារកើនខ្ពស់។ 
 
«កម្មវិធីសង្គមលោកស្រី Le Pen ជាការកុហក ដោយសារលោកស្រីគ្មានថវិកាផ្គត់ផ្គង់វា»។ លោក ម៉ាក្រុង បានសង្កត់ធ្ងន់បែបនេះនៅក្នុងកិច្ចសម្ភាសមួយជាមួយកាសែត Le Parisien ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ដោយបន្ថែមថា នៅពេលលោកស្រី Le Pen បាននិយាយពីប្រាក់សោធននិវត្តន៍ នោះវាជាការកុហក ហើយលោកស្រី Le Pen នឹងមិនធ្វើវាឡើយ។ 
 
មិនតែប៉ុណ្ណោះ លោកម៉ាក្រុង បានបន្ថែមថា គោលនយោបាយរបស់អ្នកនយោបាយវ័យ ៥៣ឆ្នាំរូបនេះ គ្មានការផ្លាស់ប្តូរឡើយ និងជាកម្មវិធីនយោបាយប្រកាន់ពូជសាសន៍ រួមទាំងមានបំណងបែងចែកសង្គម។ 
 
ចំណែកលោកស្រី Le Pen ដែលជាដៃគូប្រជែងចាស់របស់លោកម៉ាក្រុង ក្នុងថ្ងៃទី៧ ខែមេសាដដែល បានថ្លែងប្រាប់អ្នកគាំទ្រប្រមាណ ៤០០០នាក់ ថា លោកស្រីនឹងជួយគ្រួសារបារាំងឱ្យរួចផុតពីអតិផរណា និងដំឡើងប្រាក់សោធននិវត្តន៍។ មិនតែប៉ុណ្ណោះ លោកស្រី បានចាត់ទុកលោក ម៉ាក្រុង ជា អ្នកប្រដាល់ដែលស្រងល់ផងដែរ។ បើតាមលោកស្រី Le Pen សំឡេងគាំទ្ររបស់លោកស្រី បានកើនឡើង និងកៀកសំឡេងគាំទ្ររបស់លោកម៉ាក្រុងហើយ។ 
 
ការបោះឆ្នោតប្រធានាធិបតីបារាំង នឹងប្រព្រឹត្តទៅពីរជុំ ដោយជុំទីមួយ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមេសា ខណៈជុំចុងក្រោយ ត្រូវមានបេក្ខជនតែពីររូបប៉ុណ្ណោះ ដែលប្រជែងយកតំណែងប្រធានាធិបតី ដោយរៀបចំនៅថ្ងៃទី២៤ ខែមេសា។ នៅជុំលើកដំបូង បេក្ខភាពប្រជែងតំណែងប្រធានាធិបតីបារាំងមានចំនួន ១២រូប។ ក្នុងជុំទីមួយនេះ បុគ្គលដែលទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាត ឬសំឡេង ៥០ភាគរយបូកមួយ នឹងក្លាយជាប្រធានាធិបតីតែម្តង។ ប៉ុន្តែការបោះឆ្នោតអាណត្តិនេះ គ្មានបុគ្គលរូបណា ទំនងអាចទទួលបានសំឡេងគាំទ្រភាគច្រើនដាច់ខាតឡើយ។ 
 
ចំណែកនៅជុំទីពីរ បេក្ខជនដែលមានសំឡេងគាំទ្រច្រើនជាងគេពីររូប នៅជុំទីមួយ នឹងបន្តប្រជែងគ្នា។ ក្នុងជុំក្រោយនេះ បេក្ខជន ដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ នឹងក្លាយជាប្រធានាធិបតី។ 
 
តាមរយៈការស្ទង់មតិនៅខែមុន លោក ម៉ាក្រុង ត្រូវបានរំពឹងថា ទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីមួយ និងអាចឈ្នះនៅក្នុងការបោះឆ្នោតជុំចុងក្រោយ។ ប៉ុន្តែពេលនេះ វាមានការប្រែប្រួល ដោយសារប្រជាជនបារាំងមួយចំនួន មិនទាន់បានសម្រេចចិត្តបោះឆ្នោតឱ្យបេក្ខជនរូបណានៅឡើយ។ 
 
ការធ្វើមតិរបស់ OpinionWay-Kea Partners បានបង្ហាញថា លោកម៉ាក្រុង បានថយសំឡេងគាំទ្រ មកត្រឹម ២៦ភាគរយ ក្នុងការបោះឆ្នោតនៅជុំទីមួយ ខណៈលោកស្រី Le Pen អាចទទួលបាន ២២ភាគរយ៕ 
 

Tag:
 បារាំង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com