អន្តរជាតិ
លោក ហ្សេលេនស្គី៖ ការពន្យារពេលផ្តល់អាវុធឱ្យអ៊ុយក្រែន មានន័យស្មើនឹងជួយរុស្ស៊ី
09, Apr 2022 , 11:27 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AFP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី៨ ខែមេសា បានអំពាវនាវរកអាវុធបន្ថែមទៀត បន្ទាប់ពីខ្លួនបានចោទរុស្ស៊ីថា បានវាយប្រហារស្ថានីយរថភ្លើងដោយមីស៊ីល និងបានសម្លាប់ប្រជាជនយ៉ាងហោចណាស់ ៥២នាក់។ បើតាមលោកហ្សេលេនស្គី រាល់ការពន្យារពេលផ្តល់អាវុធ ឬបដិសេធផ្តល់អាវុធដល់អ៊ុយក្រែន គឺមានន័យនឹងចង់ជួយរុស្ស៊ីជាងអ៊ុយក្រែន។

 
អ៊ុយក្រែន បានបន្ទោសរុស្ស៊ី ជុំវិញការវាយប្រហារស្ថានីយរថភ្លើងនៅក្នុងក្រុង Kramatorsk ដែលស្ថិតនៅតំបន់ដូណេត្យ និងបានបង្កឱ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥២នាក់ នៅថ្ងៃទី៨ ខែមេសា។ តាមការប៉ាន់ប្រមាណរបស់អភិបាលក្រុង Kramatorsk ប្រជាជនស៊ីវិលប្រមាណ ៤ពាន់នាក់ បានមានវត្តមាននៅទីនោះ ស្របពេលមានការវាយប្រហារ។ 
 
ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានជំរុញឱ្យពិភពលោកថ្កោសទោសឧក្រិដ្ឋកម្មសង្រ្គាមមួយនេះ និងជំរុញឱ្យផ្តល់អាវុធបន្ថែមមកក្រុងកៀវ។ 
 
«រាល់ការពន្យារពេលផ្តល់...អាវុធមកអ៊ុយក្រែន រាល់ការបដិសេធផ្តល់អាវុធឱ្យអ៊ុយក្រែន អាចមានន័យ ជួយរុស្ស៊ីជាងអ៊ុយក្រែន»។ ប្រមុខរដ្ឋអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ មុនអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មលើថាមពលរុស្ស៊ី រួមទាំងកាត់ផ្តាច់ប្រព័ន្ធធនាគាររុស្ស៊ីចេញពីប្រព័ន្ធសកល។ 
 
ការវាយប្រហារខាងលើ ត្រូវបានអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន ថ្កោលទោសយ៉ាងខ្លាំង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅថ្ងៃទី៨ ខែមេសា នាទីក្រុងឡុងដ៍ ហើយថែមទាំងចាត់ទុកការវាយប្រហារនោះ ជាអំពើឃោរឃៅ និងមិនសមស្រប។ ក្នុងសន្និសីទដដែលនោះ មេដឹកនាំអង់គ្លេស បានប្តេជ្ញាផ្តល់ជំនួយអាវុធបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីទប់ការវាយប្រហាររុស្ស៊ី។ 
 
តាមការបញ្ជាក់របស់លោក Pavlo Kyrylenko អភិបាលតំបន់ដូណេត្យ ស្ថានីយរថភ្លើងត្រូវបានវាយប្រហារដោយមីស៊ីលបាលីស្ទិកចម្ងាយខ្លី Tochka U ដែលមានផ្ទុកគ្រាប់ជាចង្រ្កោម និងអាចបំផ្លាញក្នុងទំហំធំ។ អាវុធផ្ទុកគ្រាប់ជាចង្រ្កោមនេះ ត្រូវបានហាមឃាត់ដោយអនុសញ្ញាស្តីពីគ្រាប់បែបចង្ក្រោមឆ្នាំ២០០៨ ប៉ុន្តែរុស្ស៊ីមិនបានចុះហត្ថលេខាលើអនុសញ្ញានេះឡើយ៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com