អន្តរជាតិ
លោក បៃឌិន ប្រាប់លោក ម៉ូឌី៖ ការបង្កើនការទិញប្រេងនិងឧស្ម័នរុស្ស៊ី មិនមែនជាផលប្រយោជន៍ឥណ្ឌាឡើយ
12, Apr 2022 , 11:59 am        
រូបភាព
នាយករដ្ឋមន្រ្តីឥណ្ឌា ថ្លែងតាមប្រព័ន្ធវីដេអូ មុនជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិអាម៉េរិក-ឥណ្ឌា។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីឥណ្ឌា ថ្លែងតាមប្រព័ន្ធវីដេអូ មុនជំនួបរដ្ឋមន្រ្តីការបរទេស និងការពារជាតិអាម៉េរិក-ឥណ្ឌា។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១១ ខែមេសា បានប្រាប់នាយករដ្ឋមន្រ្តីឥណ្ឌា នា​រិ​ន្ទ្រា ម៉ូ​ឌី ថា ការបង្កើនការទិញប្រេង និងឧស្ម័នពីរុស្ស៊ីដែលបានឈ្លានពានអ៊ុយក្រែន មិនមែនជាផលប្រយោជន៍របស់ឥណ្ឌាឡើយ។ បើតាមលោកប្រធានាធិបតី អាម៉េរិកអាចជួយឥណ្ឌាក្នុងការនាំចូលប្រេងពីប្រភពផ្សេងៗបាន។ 

 
ប្រធានាធិបតីអាម៉េរិក  បៃឌិន នៅថ្ងៃទី១១ ខែមេសា បានជជែកជាមួយនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្រ្ទា ម៉ូឌី ជុំវិញបញ្ហាជាច្រើនដូចជាទំនាក់ទំនងទ្វេភាគី ជំងឺកូវីដ-១៩ បច្ចេកវិទ្យា និងសង្រ្គាមនៅអ៊ុយក្រែនជាដើម។ កិច្ចសន្ទនានេះ ត្រូវបានប្រមុខរដ្ឋអាម៉េរិក ចាត់ទុកថា មានភាពកក់ក្តៅ និងស្មោះត្រង់។ 
 
ក្នុងគោលបំណងដាក់សម្ពាធរុស្ស៊ីបន្ថែម លោក បៃឌិន បានប្រាប់ប្រមុខរដ្ឋាភិបាលឥណ្ឌាថា វាមិនមែនជាផលប្រយោជន៍ឥណ្ឌាឡើយក្នុងការបង្កើនការនាំចូលថាមពលពីរុស្ស៊ី ហើយអាម៉េរិកអាចជួយឥណ្ឌា ក្នុងការនាំចូលថាមពលពីប្រភពផ្សេងៗ។ 
 
«លោកប្រធានាធិបតី...បានបញ្ចុះបញ្ចូលថា យើងនៅទីនេះ គឺដើម្បីជួយពួកគេ (ឥណ្ឌា) ក្នុងការនាំចូលប្រេងពីប្រភពជាច្រើន»។ លោកស្រី Jen Psaki អ្នកនាំពាក្យសេតវិមានអាម៉េរិក បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី១១ ខែមេសា ដោយបន្ថែមថា លោក បៃឌិន ក៏បានលើកឡើងផងដែរពីការនាំចូលប្រេងពីអាម៉េរិកទៅឥណ្ឌា។
 
កន្លងមក រដ្ឋបាលលោក បៃឌិន បានប្រាប់ឥណ្ឌាយ៉ាងច្បាស់ថា ខ្លួនមិនចង់ឃើញឥណ្ឌា បង្កើនការនាំចូលប្រេងពីរុស្ស៊ីឡើយ។ ចាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន ក្រុងញូវដែលី បានទិញប្រេងឆៅពីក្រុងមូស្គូយ៉ាងហោចណាស់១៣លានបារ៉ែល។ 
 
ទន្ទឹមនេះ មេដឹកនាំប្រទេសទាំងពីរ ក៏បានជជែកពីបញ្ហាមនុស្សធម៌នៅអ៊ុយក្រែន ការសម្លាប់នៅក្រុង Bucha និងការវាយប្រហារមីស៊ីលនៅស្ថានីយរថភ្លើង ក្នុងតំបន់ដូណេត្សផងដែរ។ តាមសេចក្តីថ្លែងការណ៍មួយជុំវិញកិច្ចសន្ទនានៃមេដឹកនាំប្រទេសទាំងពីរ លោក បៃឌិន បានសាទរចំពោះជំនួយមនុស្សធម៌របស់ឥណ្ឌា ទៅប្រជាជនអ៊ុយក្រែន ដែលកំពុងរងការឈឺចាប់យ៉ាងខ្លាំង។ បើតាមមេដឹកនាំរូបនេះ ក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែលី នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីគ្រប់គ្រងអស្ថិរភាព ដែលកើតចេញពីសង្រ្គាមនៅអ៊ុយក្រែន។ 
 
ចំណែកនាយករដ្ឋមន្រ្តីឥណ្ឌាវិញ បានអះអាងថា លោកបានទូរសព្ទជាមួយមេដឹកនាំអ៊ុយក្រែន និងរុស្ស៊ី៤ ឬ៥លើក ដើម្បីជំរុញឱ្យស្វែងរកសន្តិភាព និងចូលតុចរចា។ មិនតែប៉ុណ្ណោះ លោក ម៉ូឌី ក៏បានរិះគន់ការសម្លាប់ប្រជាជនស៊ីវិលនៅក្រុង Bucha និងទាមទារស្វែងរកអ្នកប្រព្រឹត្តបទល្មើសទាំងនោះ មកដាក់ទោសផងដែរ។ 
 
តាមពិតទៅ អាម៉េរិក ហាក់​មិនពេញចិត្តនឹងឥណ្ឌាប៉ុន្មានឡើយ ព្រោះឥណ្ឌាបន្តរកស៊ីជាមួយរុស្ស៊ី ពិសេសការទិញប្រេងតម្លៃថោក ដែលធ្វើឱ្យរុស្ស៊ីមានដង្ហើមដកបន្តទៀត ខណៈដែលលោកខាងលិចដាក់ទណ្ឌកម្មផ្ដាច់លំហូរហិរញ្ញវត្ថុនោះ។ 
 
ក្នុងថ្ងៃដដែលនោះ អាម៉េរិក និងឥណ្ឌា បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេស និងរដ្ឋមន្រ្តីការពារជាតិលើកទី៤ នៅក្រុងវ៉ាស៊ីនតោនលើបញ្ហាយុទ្ធសាស្រ្តតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ, ចិន, ការវិនិយោគ និងពាណិជ្ជកម្ម ជាពិសេសបញ្ហាអ៊ុយក្រែនដែរ។ 
 
ក្នុងជំនួបជួបផ្ទាល់ ២បូក២នេះ រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក Subrahmanyam Jaishankar បានបញ្ជាក់ថា សំណួរពាក់ព័ន្ធនឹងការទិញថាមពលពីរុស្ស៊ី មិនគួរចោទសួរឥណ្ឌាឡើយ ប៉ុន្តែគួរតែផ្តោតលើអឺរ៉ុប។ ក្នុងន័យនេះ លោក Jaishankar បានបកស្រាយថា ឥណ្ឌាទិញហ្គាសតិចតួចណាស់ពីរុស្ស៊ី បើធៀបជាមួយអឺរ៉ុប។ 
 
ក្រៅពីបញ្ហាអ៊ុយក្រែន ការធ្វើទំនើបកម្មយោធាចិន ក៏ជារបៀបវារៈដ៏សំខាន់ផងដែរ។ រដ្ឋមន្រ្តីការពារជាតិអាម៉េរិក លោក ឡយ អូស្ទីន បានលើកឡើងថា ក្រុងប៉េកាំង កំពុងបំផ្លាញសន្តិភាពនៅក្នុងតំបន់តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធបែបស្តង់ដារពីរ ដើម្បីប្រើប្រាស់ក្នុងគោលដៅយោធា និងស៊ីវិល នៅតាមបណ្តោយព្រំដែនឥណ្ឌា-ចិន និងនៅក្នុងសមុទ្រចិនខាងត្បូង។
 
ប្រមុខការពារជាតិរូបនេះ បានយល់ថា ចិន និងរុស្ស៊ីបានព្យាយាមផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នតាមរយៈការប្រើប្រាស់កម្លាំង។ ទាក់ទិននឹងបញ្ហាខាងលើ លោកអូស្ទីន បានអំពាវនាវឱ្យឥណ្ឌា និងបណ្តាប្រទេសផ្សេងទៀតរួមគ្នា ដើម្បីទប់ស្កាត់ការផ្លាស់ប្តូរទាំងនោះ៕ 
 

Tag:
 អាម៉េរិក
  ឥណ្ឌា
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com