កីឡាអន្តរជាតិ
អន្តរជាតិ
លោក Ancelotti ជឿថា Real Madrid នឹងឈ្នះពាន UCL តែត្រូវឆ្លងផុត Chelsea សិន
12, Apr 2022 , 2:10 pm        
រូបភាព
អ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti ថ្ងៃទី១២ ខែមេសា និយាយថា លោកជឿជាក់លើក្រុមអាចឈ្នះពានរង្វាន់ UEFA Champions League រដូវកាល ២០២១-២២ ប៉ុន្តែត្រូវឆ្លងកាត់ការប្រកួតដ៏លំបាកនៅជើងទីពីរជាមួយ Chelsea ជាមុនសិន។


ក្រុមអធិរាជស Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Bernabeu ទទួលស្វាគមន៍ក្រុមតោខៀវ Chelsea ក្នុងជំនួបជើងទីពីរនៃពានរង្វាន់ UEFA Champions League វគ្គ៨ក្រុម វេលាម៉ោង២ (ម៉ោងនៅកម្ពុជា) រំលងអាធ្រាត្រ។
 
Real Madrid មានប្រៀបជាងក្រុម Chelsea ដោយកាលពីជើងទីមួយ បានយកឈ្នះលទ្ធផល ៣-១។ ទោះជាយ៉ាងណាក្តី ក្រុមដែលដឹកនាំដោយលោក Thomas Tuchel ធ្លាប់បានធ្វើរឿងដែលភ្ញាក់ផ្អើលជាច្រើនចំពោះការប្រកួតក្រៅទឹកដី។
 
ទោះរំពឹងអាចឆ្លងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League អ្នកចាត់ការវ័យ៦២ឆ្នាំ អះអាងថា Real Madrid នឹងលើកពានរង្វាន់កំពូលអឺរ៉ុបលើកនេះ។
 
«គ្មាននរណាអាចនឹងប្រជែងបានឡើយ។ អ្នកត្រូវការគុណភាព បទពិសោធ បុគ្គលិកលក្ខណៈ។ អ្វីដែលខ្ញុំចង់បញ្ជាក់ គឈក្រុមយើងមានគ្រប់យ៉ាងសម្រាប់ប្រជែង។ អ្នកគ្រប់គ្នានឹងគិតថាការប្រកួតយប់នេះ ជាប្រកួតដ៏ពិបាក វាដូចទៅការប្រកួតដទៃអ៊ីចឹង យើងសម្លឹងទៅមុខថានឹងអាចឈ្នះ Champions League រដូវកាលនេះ»។លោក Ancelotti និយាយក្នុងសន្និសីទកាសែតមុនការប្រកួតបែបនេះ។
 
ដោយឡែកការប្រកួតមួយគូទៀត ងក្រុម Bayern Munich នឹងត្រូវបើកទ្វារកីឡដ្ឋាន Allianz Arena ស្វាគមន៍ក្រុមអេស្ប៉ាញ Villarreal ក្នុងជំនួបជើងទីពីរ Champions League វេលាម៉ោង ២​ រំលងអាធ្រាត្រ។ កាលពីជើងទីមួយ Villarreal យកឈ្នះក្នុងលទ្ធផល ១-០៕
 
 

Tag:
 Carlo Ancelotti
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com