អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិឥណ្ឌា៖ បញ្ហារុស្ស៊ី មិនធ្វើឱ្យប៉ះពាល់ទំនាក់ទំនងអាម៉េរិក-ឥណ្ឌា ឡើយ
12, Apr 2022 , 10:29 pm        
រូបភាព
លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា។ រូបភាព៖ AFP
លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា។ រូបភាព៖ AFP
រដ្ឋមន្រ្តីការពារជាតិឥណ្ឌា លោក Rajnath Singh នៅថ្ងៃទី១១ ខែមេសា បានលើកឡើងថា ក្រុងមូស្គូ នឹងមិនធ្វើឱ្យប៉ះពាល់ទំនាក់ទំនងក្រុងវ៉ាស៊ីនតោន និងក្រុងញូវដែលីឡើយ។ បើតាមប្រមុខការពារជាតិរូបនេះ អាម៉េរិកបានដឹងរួចហើយថា ឥណ្ឌា និងរុស្ស៊ីគឺជាសម្ព័ន្ធមិត្ត ដែលមានគោលដៅរួមគ្នា។

 
ឥណ្ឌា រងការរិះគន់មិនតិចឡើយចំពោះការប្រកាន់ជំហរមិនថ្កោលទោសរុស្ស៊ីក្នុងបញ្ហាអ៊ុយក្រែន ពិសេសសំឡេងរិះគន់ពីវ៉ាស៊ីនតោន។ ប៉ុន្តែក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Hindustan Times នៅយប់ថ្ងៃទី១១ ខែមេសា នាក្រុងវ៉ាស៊ីនតោន លោក Rajnath Singh រដ្ឋមន្រ្តីការពារជាតិឥណ្ឌា ពន្យល់ថា បញ្ហារុស្ស៊ី មិនបង្អាក់ទំនាក់ទំនងឥណ្ឌា និងអាម៉េរិក។ 
 
«ខ្ញុំមិនគិតថា រុស្ស៊ី នឹងប៉ះពាល់ទំនាក់ទំនងអាម៉េរិក-ឥណ្ឌាឡើយ»។ ប្រមុខការពារជាតិរុស្ស៊ី បានឆ្លើយតបបែបនេះ ដោយបន្ថែមថា ក្រុងវ៉ាស៊ីនតោន បានដឹងរួចហើយពីសម្ព័ន្ធភាពក្រុងញូវដែលី និងក្រុងមូស្គូ ដែលសម្ព័ន្ធមិត្តមានគោលដៅរួមជាច្រើន។ ជាមួយគ្នានេះ លោក Singh បានបន្តថា ឥណ្ឌានឹងប្រុងប្រយ័ត្ន ហើយធានាទំនាក់ទំនងខ្លួនជាមួយប្រទេសទីបី នឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិរបស់អាម៉េរិកឡើយ។ 
 
កន្លងមក អាម៉េរិក បានរិះគន់ឥណ្ឌា ដែលជាសម្ព័ន្ធមួយរបស់ខ្លួន ដោយមិនបានថ្កោសទោសរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែន និងអាចធ្វើឱ្យរុស្ស៊ីរួចផុតពីទណ្ឌកម្មរបស់បណ្តាប្រទេសលោកខាងលិច។ មិនតែប៉ុណ្ណោះ អាម៉េរិក បានជំរុញឱ្យឥណ្ឌាបញ្ឈប់ការបង្កើនការនាំចូលប្រេងឆៅពីរុស្ស៊ី ដែលមានតម្លៃថោកថែមទៀត។ 
 
ក្នុងកិច្ចសម្ភាសដដែលនោះ រដ្ឋមន្រ្តីការពារជាតិឥណ្ឌារូបនេះ ក៏ត្រូវសួរពាក់ព័ន្ធនឹងការទិញអាវុធពីប្រទេសផ្សេង ក្រៅពីរុស្ស៊ីផងដែរ។ ប៉ុន្តែរដ្ឋមន្រ្តីរូបនេះ មិនបានបកស្រាយឱ្យបានច្បាស់លាស់ឡើយ ដោយគ្រាន់តែបង្ហើបថា «សូមរង់ចាំ និងពិនិត្យមើលចុះ»។ 
 
បន្ថែមពីនេះ ដោយទំនងសំដៅទៅដល់ចិន លោក Singh បានលើកឡើងថា ឥណ្ឌា និងអាម៉េរិកមានផលប្រយោជន៍រួមនៅក្នុងយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហ ហើយប្រទេសទាំងពីរនឹងសហការឱ្យបានពេញលេញ។ យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ គឺផ្តោតលើគោលការណ៍ចំនួន ៣ ក្នុងនោះមានដូចជាអភិវឌ្ឍនីតិរដ្ឋ សេរីភាពនៃនាវាចរណ៍, ការស្វែងរកវិបុលភាពសេដ្ឋកិច្ច និងការប្តេជ្ញារក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់៕ 
 

Tag:
 រុស្ស៊ី
  ឥណ្ឌា
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com