អន្តរជាតិ
លោក ហ្សេលេនស្គី៖ យោធារុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការនៅតំបន់ដុនបាស
19, Apr 2022 , 10:10 am        
រូបភាព
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន។ រូបភាព៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃទី១៨ ខែមេសា អះអាងថា យោធារុស្ស៊ី បានចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់ដុនបាសហើយ។ បើតាមលោកប្រធានាធិបតីរូបនេះ អ៊ុយក្រែន នឹងបន្តការពារប្រទេសខ្លួន មិនថារុស្ស៊ីបញ្ជូនកម្លាំងយោធាមកប៉ុន្មានក៏ដោយ។

 
កម្លាំងទ័ពអ៊ុយក្រែន បានប្រឈមនឹងការវាយប្រហារពីសំណាក់រុស្ស៊ីនៅតំបន់ភាគខាងកើតជាថ្មី ចាប់តាំងពីកម្លាំងយោធារុស្ស៊ី ដកចេញពីតំបន់ភាគខាងជើង និងតំបន់ជុំវិញក្រុងកៀវ ខណៈនៅភាគខាងត្បូង ដូចជាក្រុង Mariupol នៅតែបន្តស្ថិតក្រោមការឡោមព័ទ្ធពីសំណាក់កម្លាំងទ័ពរុស្ស៊ី។ 
 
តាមរយៈវីដេអូមួយទៅកាន់ប្រជាជន នៅថ្ងៃទី១៨ ខែមេសា លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បញ្ជាក់ថា កម្លាំងទ័ពរុស្ស៊ី បានចាប់ផ្តើមវាយប្រហារនៅតំបន់ដុនបាសដែលស្ថិតនៅភាគខាងកើតនៃប្រទេស បន្ទាប់ពីត្រៀមខ្លួនអស់រយៈពេលយូរ។ 
 
«កម្លាំងយោធារុស្ស៊ីមួយផ្នែកធំ បានផ្តោតលើការវាយប្រហារនេះ»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា មិនថាកម្លាំងរុស្ស៊ី ដែលបញ្ជូនមកអ៊ុយក្រែនមានចំនួនប៉ុន្មានឡើយ កម្លាំងយោធាអ៊ុយក្រែន នឹងប្រយុទ្ធជាមួយ។ មិនតែប៉ុណ្ណោះ មេដឹកនាំអ៊ុយក្រែនរូបនេះ បានបន្តទៀតថា នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន កម្លាំងរុស្ស៊ី បានព្យាយាមវាយប្រហារបន្ថែមជាងពីមុន ដើម្បីស្វែងរកចំណុចខ្សោយរបស់ខ្លួន ។ 
 
ក្នុងថ្ងៃដដែលនោះ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិអ៊ុយក្រែន បានអះអាងថា រុស្ស៊ី បានព្យាយាមចាប់ផ្តើមដំណាក់កាលវាយប្រហារទីពីរនៅភាគខាងកើតអ៊ុយក្រែន និងប៉ុនប៉ងបំបែកប្រព័ន្ធការពារអ៊ុយក្រែន នៅតំបន់ជួរមុខនៃតំបន់ដូណេត្ស, លូហាន និង ខាគីវ។
 
តាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃទី១៨ ខែមេសា រុស្ស៊ី បានបំផ្លាញមជ្ឈមណ្ឌលយោធាអ៊ុយក្រែនចំនួន ១៦កន្លែង ត្រឹមតែមួយយប់ប៉ុណ្ណោះ ដោយក្នុងនោះមានដូចជា បន្ទាយបញ្ជាការចំនួន ៥កន្លែង, កន្លែងស្តុកប្រេងចំនួន ១, កន្លែងស្តុកគ្រាប់ចំនួន ៣ ក៏ដូចជារថពាសដែកអ៊ុយក្រែន។ បើតាមក្រសួងការពារជាតិរុស្ស៊ី ខ្លួនបានវាយប្រហារនៅក្នុងតំបន់ខាគីវ, Zaporizhzhia, ដូណេត្ស ​និង Dnipropetrovsk រួមទាំងកំពង់ផែ ក្រុង Mykolayiv៕ 
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com