អន្តរជាតិ
UN នឹងជជែកដេញដោលសេចក្តីព្រាងដើម្បីកំហិតសិទ្ធិវេតូមហាអំណាចទាំង៥
19, Apr 2022 , 12:01 pm        
រូបភាព
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ រូបភាព៖ Xinhua
លិចតិចស្តាញ នឹងកោះប្រជុំសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នៅថ្ងៃទី១៩ ខែមេសា ដើម្បីជជែកដេញដោលសេចក្តីព្រាងដំណោះស្រាយមួយ ដែលទាមទារឱ្យសមាជិកអចិន្រ្តៃយ៍ទាំង ៥នៃក្រុមប្រឹក្សាសន្តិសុខ ប្រើប្រាស់សិទ្ធិវេតូប្រក​បដោយហេតុផល។ សេចក្តីព្រាងនេះ ត្រូវគាំទ្រ (co-sponsor) ដោយប្រទេសប្រមាណ៥០ ក្នុងនោះក៏មានអាម៉េរិកផង។

 
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មិនអាចធ្វើអ្វីបានឡើយលើបញ្ហាអ៊ុយក្រែន ដោយសាររុស្ស៊ីប្រើសិទ្ធិវ៉េតូរបស់ខ្លួនប្រឆាំងការប៉ុនប៉ងណាមួយរបស់ស្ថាប័ននេះក្នុងការចេញវិធានការ។ ស្របពេលរុស្ស៊ីឈ្លានពានអ៊ុយក្រែន លិចតិចស្តាញ បានធ្វើសេចក្តីព្រាងដំណោះស្រាយមួយកំហិតការប្រើសិទ្ធិពិសេសនេះ ដែលរួមគ្នាតាក់តែងដោយប្រទេសប្រមាណ ៥០ផ្សេងទៀតរួមទាំងអាម៉េរិក។  លិចតិចស្តាញ នឹងកោះប្រជុំសមាជិកមហាសន្និបាតចំនួន ១៩៣រដ្ឋ ដើម្បីពិភាក្សាលើសេចក្តីព្រាងនោះ នៅថ្ងៃទី១៩ ខែមេសា។ 
 
យ៉ាងណាមិញ ក្នុងបណ្តាប្រទេសធ្វើសេចក្តីព្រាងដំណោះស្រាយទាំង ៥០ មិនមានវត្តមានរុស្ស៊ី ចិន បារាំង និងអង់គ្លេសឡើយ។ ក្នុងសេចក្ដីព្រាងដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP មហាសន្និបាត នឹងបើកកិច្ចប្រជុំអំឡុងពេល១០ថ្ងៃនៃថ្ងៃធ្វើការបន្ទាប់ពីការបោះឆ្នោតវ៉េតូកើតមាន ដើម្បីពិភាក្សាលើស្ថានភាពដែលសិទ្ធិវេតូនោះត្រូវបានប្រើប្រាស់។ 
 
អ៊ុយក្រែន ជប៉ុន និងអាល្លឺម៉ង់ បានប្តេជ្ញារួចហើយថា នឹងបោះឆ្នោតគាំទ្រសេចក្តីព្រាងដំណោះស្រាយខាងលើ ខណៈប្រេស៊ីល ឥណ្ឌា និងអាហ្រ្វិកខាងត្បូង ដែលចង់ក្លាយជាសមាជិកអចិន្រៃ្តយ៍ក្រុមប្រឹក្សាសន្តិសុខផងនោះ មិនទាន់បានបង្ហាញការប្តេជ្ញារបស់ខ្លួនឡើយ។ ចំណែកបារាំង ដែលមិនបានចូលរួមធ្វើសេចក្តីព្រាង បានសន្យាបោះឆ្នោតគាំទ្រ។ អង់គ្លេស រុស្ស៊ី និងចិន មិនទាន់ត្រូវបានដឹងច្បាស់ឡើយពីជំហរពួកគេ។ 
 
ចាប់តាំងពីមហាសន្និបាតបង្កើតនៅក្នុងឆ្នាំ១៩៤៥ សហភាពសូវៀត និងក្រោយមករុស្ស៊ី បានប្រើប្រាស់សិទ្ធិវេតូច្រើនជាងគេ គឺមានរហូតដល់ ១៤៣លើក ដោយនាំមុខអាម៉េរិក ដែលមានចំនួន ៨៦លើក, អង់គ្លេសមាន ៣០លើក, ចិន និងបារាំងមានចំនួន ១៨លើកដូចគ្នា។ 
 
សេចក្តីព្រាងដំណោះស្រាយលើសិទ្ធិវេតូរបស់សមាជិកអចិន្រ្តៃយ៍ទាំង ៥ បានធ្វើឡើង បន្ទាប់ពីរុស្ស៊ី បានប្រើសិទ្ធិវេតូរបស់ខ្លួន ក្នុងការបញ្ឈប់សកម្មភាពយោធានៅអ៊ុយក្រែន។ គួររម្លឹកថា ពីរថ្ងៃបន្ទាប់ពីបើកប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន រុស្ស៊ី បានប្រើសិទ្ធិវេតូលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលទាមទារឱ្យបញ្ឈប់ការវាយប្រហារអ៊ុយក្រែនភ្លាមៗ។ 
 
ចាប់តាំងពីឆ្នាំ ២០១៣ មក បារាំងដែលជាសមាជិកអចិន្រ្តៃយ៍មួយនៃក្រុមប្រឹក្សាសន្តិសុខ បានស្នើឱ្យសមាជិកអចិន្រ្តៃយ៍ទាំង៥ ដូចជាអាម៉េរិក បារាំង អង់គ្លេស រុស្ស៊ី ចិន រឹតត្បិតការប្រើប្រាស់សិទ្ធិវេតូដោយស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍មានអំពើហិង្សាឃោរឃៅទ្រង់ទ្រាយធំ៕
 

Tag:
 UN
  រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com