អន្តរជាតិ
ចិន៖ អាស៊ានមិនមែនជាកូនអុក នៅក្នុងការប្រជែងភូមិសាស្រ្តនយោបាយឡើយ
19, Apr 2022 , 8:29 pm        
រូបភាព
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសា បានថ្លែងថា អាស៊ានជាកីឡាករលេងអុក ដែលជួយលើកតម្កើងការអភិវឌ្ឍ និងវិបុលភាព ប៉ុន្តែមិនមែនជាកូនអុកសម្រាប់ប្រជែងភូមិសាស្រ្តនយោបាយឡើយ។

 
អាស៊ាន និងអាម៉េរិក នឹងរៀបចំកិច្ចប្រជុំកំពូលពិសេស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែឧសភា នៅទីក្រុងវ៉ាស៊ីនតោន។ បញ្ហាក្នុងតំបន់ និងឆាកអន្តរជាតិដែលជាក្ដីកង្វល់រួមមានយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកជាដើម សុទ្ធតែនឹងលើកយកទៅពិភាក្សា ក្នុងជំនួបដ៏សំខាន់នោះ។ ពាក់ព័ន្ធនឹងជំនួបកំពូលពិសេស ដែលរៀបចំជាលើកទី២ បើគិតចាប់ពីឆ្នាំ២០១៦ អ្នកសារព័ត៌មាន បានសួរអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin នៅថ្ងៃទី១៨ ខែមេសា ជុំវិញការយល់ឃើញរបស់ចិន។ 
 
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក Wang បានផ្តល់ចម្លើយថា តំបន់អាស៊ី-ប៉ាស៊ីហ្វិក មានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍពេញលេញ ហើយគួរតែសាទរពីគ្រប់ភាគីទាំងអស់។ ក្នុងន័យនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាដែនដីនៃក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែមិនមែនជាក្តារអុកសម្រាប់មហាអំណាចឡើយ ខណៈពេលអាស៊ានមិនមែនជាកូនអុកដែរ។ 
 
«បណ្តាប្រទេសអាស៊ានជាអ្នកលេងអុក ដែលជួយលើកតម្កើងវិបុលភាព និងការអភិវឌ្ឍក្នុងតំបន់ តែមិនមែនជាកូនអុកនៅក្នុងការប្រជែងភូមិសាស្រ្តនយោបាយឡើយ»។ លោក Wang បានសង្កត់ធ្ងន់បែបនេះ ដោយបន្តថា ភាគីចិន សង្ឃឹមភាគីអាម៉េរិក នឹងឆ្លើយតបចំពោះសន្តិភាព កិច្ចសហប្រតិបត្តិការ និងលទ្ធផលឈ្នះ-ឈ្នះ ជាមួយតំបន់អាស៊ីខាងកើត ដោយគោរពតាមប្រព័ន្ធនយោបាយ វប្បធម៌ និងមាគ៌ាអាស៊ាន។ 
 
បើតាមមន្រ្តីចិនរូបនេះ ក្រុងវ៉ាស៊ីនតោន គួរផ្តល់តម្លៃដល់ការប្តេជ្ញារបស់ខ្លួន ក្នុងការគាំទ្រតួនាទីស្នូលរបស់អាស៊ាន, បោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់,​ ច្រានចោលការបង្កើតក្រុមប្រទេសនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជួយរក្សាសន្តិភាព ការអភិវឌ្ឍ រួមទាំងស្ថិរភាពនៅក្នុងតំបន់។
 
សូមបញ្ជាក់ថា ក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន តែងប៉ះពាក្យសម្តីគ្នាជាញឹកញាប់ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង របាយការណ៍រៀបចំមូលដ្ឋានយោធានៅអាស៊ាន រួមទាំងសកម្មភាពគឃ្លើនរបស់ចិននៅផ្នែកខាងលើនៃទន្លេមេគង្គជាដើម៕ 
 

Tag:
 ចិន
  អាស៊ាន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com